អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

គណ:កម្មាធិការដោះស្រាយបញ្ហាជនអនាថាខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារដោះស្រាយបញ្ហាជនអនាថារយ:ពេល០៥ខែ ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត

MC. គណ:កម្មាធិការដោះស្រាយបញ្ហាជនអនាថា ខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារដោះស្រាយបញ្ហាជនអនាថារយៈពេល០៥ខែ ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់អនុគណ:កម្មាធិការដោះស្រាយបញ្ហាជនអនាថាខេត្ត ដើម្បីអនុវត្តតាមសេក្តីសម្រេចលេខ ០៤៥/១៩ សសរ ចុះថ្ងៃអង្គារ ១កើត ខែស្រាឍ ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការបង្កើតអនុគណៈកម្មាធិការដោះស្រាយបញ្ហា ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាជនអនាថា។ ក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប លោក ស្នងការរង មន្ទីរ អង្គភាព ពាក់ព័ន្ធ មេប៉ុស្ត៍តាមបណ្តាស្រុកនានាបានអញ្ជើញចូលរួមជាច្រើននាក់។ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ នៅសាសប្រជុំសាលាខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន បានលើកឡើងនៅក្នុងអង្គប្រជុំថា យើងទទួលបានលទ្ធផលល្អនៅសកម្មភាបអនុវត្តកន្លងមក គឺយើងបានសហការជាមួយអាជ្ញាធរក្រុងសៀមរាប ប៉ុស្តិ៍ស្រង៉ែ និង ប៉ុស្តិ៍ចុងឃ្នៀស ដើម្បីស្រង់ស្ថិតិចំពោះជនអនាថា និងអ្នកសុំទានបានចំនួន ៥១នាក់ ស្រី ៣០នាក់ និងបានធ្វើការអប់រំណែនាំឲ្យបញ្ឈប់ការសុំទាននៅតាមទីប្រជុំជន និងទីសាធារណ:ក្នុងខេត្ត។ រយ:កាលកន្លងមកអាជ្ញាធរខេត្ត ក៏បានសហការជាមួយអង្គការកល្យាណមិត្ត ដើម្បីបញ្ជូនកុមារអនាថាចំនួន ១៥នាក់ (កុមារីចំនួន០៦នាក់) ទៅស្នាក់នៅក្នុងមណ្ឌលសីលាអង្គរ (TH) ដើម្បីទទួលបានការស្នាក់នៅរយៈពេលខ្លី និងសមាហរណកម្មទៅសហគមន៍វិញផងដែរ។ ទន្ទឹមនឹងនោះ ក៏បានបញ្ជូនកុមារអនាថាចំនួន ០៤នាក់ (កុមារីចំនួន០១នាក់)ឲ្យទៅនៅក្នុងមណ្ឌលអង្គការស្នាដៃខ្មែរ ហើយពួកគេទទួលបានការស្នាក់នៅបន្តការរៀនសូត្រ និងទទួលសេវាបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីនោះទៀតផង។ អង្គការសកម្មភាពដើម្បីកុមារ (Apple) យើងបានបញ្ជូនកុមារអនាថាចំនួន ០១នាក់ (កុមារី ចំនួន០នាក់) ទៅស្នាក់នៅក្នុងមណ្ឌល ខេខេអឺវីសកម្មភាពដើម្បីកុមារ (Apple) ដើម្បីទទួលបានការស្នាក់នៅ នឹង បន្តការសិក្សារៀនសូត្រ។

លោក បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាប្រឈម នឹង ដំណោះស្រាយលើជនអនាថា និងអ្នកសុំទាននៅក្នុងខេត្តសៀមរាប នាពេលបច្ចុប្បន្ននេះ យើងពុំទាន់មានមណ្ឌលសំចតក្នុងខេត្តសម្រាប់ទទួលយកជនអនាថា អ្នកសុំទាន និងជនវិកលចរិកនៅឡើយទេ ហើយសេវាជួយជនអនាថានៅមានកម្រឹត ដោយសារអង្គការភាគច្រើនមិនមានកម្មវិធីសម្រាប់ជួយដល់ជនអនាថា ។ ដោយឡែកមន្ទីរសង្គមកិច្ចក៏គ្មានកញ្ចប់ថវិកាសម្រាប់ការអនុវត្តកម្មវិធីសមាហរណកម្មជនអនាថា និងអ្នកសុំទានដែរ ហើយជនអនាថា និងអ្នកសុំទានទាំងនោះមានការកើនឡើងជាលំដាប់ ៕

Loading