អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

លោកជំទាវតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋចំនួន១០គ្រួសារ នៅឃុំកំពង់ហៅ ស្រុកកំពង់លែង

ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងរួមដំណើរដោយលោកជំទាវដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល លោកជំទាវ តុង ណារី លោកជំទាវ ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង និងអាជ្ញាធរដែនដីបានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ចែកជូនគ្រួសារងាយរងគ្រោះ ចំនួន១០គ្រួសារ នៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ សាប៊ូ២ដុំ ក្រម៉ា១ ទឹកដោះគោ ទឹកផ្លែឈើ និងថវិកា២ម៉ឺនរៀល។

ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី បានអំពាវនាវ ដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនសកម្មភាពបន្ថែមទៀតក្នុងការបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាល់នៃជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយបានញឹកញាប់បំផុត ធ្វើយ៉ាងណាអោយនៅក្នុងមូលដ្ឋាន ក្រុមគ្រួសារ និង សហគមន៍របស់ខ្លួន គ្មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

លោកជំទាវបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ដោយមានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា ។