អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខកងកំលាំងប្រដាប់អាវុធទិសទី៣ យោភូមិភាគទី៥ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ប៉ៃលិន៖ ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខកងកំលាំងប្រដាប់អាវុធទិសទី៣ យោភូមិភាគទី៥ ប្រមាណ ៥ពាន់នាក់ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ចូលមកដល់នាពេលខាងមុខ ដែលពិធីនេះស្ថិតនៅទីតាំងគម្រោងទីតាំងសាងសង់ស្តុបអនុស្សាវរីយ៍នយោបាយឈ្នះៗ ក្នុងភូមិទឹកថ្លា សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ក៍បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្តេច ទាំងពីរ តែងតែយកចិត្តទុកដាក់ណាស់ ចំពោះសុខ និងទុក្ខរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងបានកោតសរសើរចំពោះ គំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ចបំរើជាតិមាតុភូមិប្រកបដោយទំនួល ខុសត្រូវខ្ពស់ ចំពោះការការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនជាប់នឹងប្រទេសជិតខាង។ សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំឭក ដល់នាយ និងពលទាហានទាំងអស់ បើទោះបីជាមានក្រុម ឬពួកណាចង់ធ្វើបដិវត្តន៍ពណ៌នោះ ក្នុងនាមយើងជាកងកម្លាំងត្រូវប្រឆាំងដាច់ខាត និងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ និងការពារព្រះមហាក្សត្រ ជាពិសេសគឺការពារសុខសន្តិភាព ព្រោះសន្តិភាពនេះហើយ ដែលធ្វើឱ្យយើងមានអ្វីៗដូចសព្វ ថ្ងៃនេះ។ ក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរដល់កងកម្លាំង ដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គី ភាពល្អ ជាមួយបណ្ដាប្រទេសជិតខាង ដើម្បីឲ្យព្រំដែនយើងទាំងអស់ ក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ សែន។

ក្នុងឱកាសនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ក៍បានប្រគល់ថវិកា ជូនកងកម្លាំងប្រដាប់អាវុធ ទិសទី៣ យោធភូមិភាគទី៥ និងផ្តល់ថវិកាជូនដល់នារីនិងកងកំលាំងនារីដែលចូលរួមក្នុងកម្មវិធីនោះដើម្បីអបអរសាទរក្នុងទិវាសិទ្ឋិនារី ៨មិនាផងដែរ។