(ភ្នំពេញ)៖ បន្ទាប់ពីបានពិភាក្សារួចនោះ នៅប៉ុន្មាននាទីមុនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើ «សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត»។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
បញ្ញតិ្តនៃ «ការសិក្សាពេញមួយជីវិត» ឆ្នាំ១៩៧២ ជាបញ្ញតិ្តគោលមួយ ដែលបានដាក់បញ្ចូលទៅក្នុងគោលនយោបាយអប់រំរបស់ប្រទេសជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍ។ តាមរយៈបញ្ញត្តិនៃការសិក្សាពេញជីវិតនេះ បានលេចឡើងនូវបញ្ហាប្រឈមមួយចំនួន ដូចជាសិទ្ធិទទួលបានការអប់រំ ការចុះឈ្មោះចូលរៀន និងគុណភាពអប់រំ ដែលមិនទាន់ឆ្លើយតបនឹងការវិវត្តរបស់ពិភពលោក (ការអប់រំសម្រាប់ទាំងអស់គ្នា ឆ្នាំ១៩៩០ នៅជមទៀន ប្រទេសថៃ)។ គោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នា ត្រូវបានពិនិត្យឡើងវិញ ក្នុងឆ្នាំ២០០០ នៅដាកា ប្រទេសសេណេហ្កាល់ ស្របពេលដែលប្រទេសជឿនលឿនបានផ្តោតលើការអប់រំ ជនពេញវ័យអំពីជំនាញវិជ្ជាជីវៈ ដើម្បីលើកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។
ក្នុងសតវត្សទី២១នេះ ការសិក្សាពេញមួយជីវិតបានកា្លយជាប្រធានបទដ៏សំខាន់សម្រាប់ការអប់រំ ហើយក៏ជាឧបករណ៍ ដែលមានប្រយោជន៍សម្រាប់ទទួលបានសិទ្ធិសេរីភាព ភាពសប្បាយរីករាយ និងឆ្លើយតបទៅនឹងបម្រែបម្រួល នៃតម្រូវការទីផ្សារការងារ ពិសេស ភាពចាំបាច់នៃការសិក្សារបស់ពលរដ្ឋគ្រប់រូបនៅគ្រប់កាលៈទេសៈផងដែរ។ ការសិក្សាពេញមួយជីវិត បានក្លាយជាសមាសភាគសំខាន់ក្នុងគោលដៅទី៤ នៃក្របខណ្ឌគោលនៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ នៅអុីនឈន់ សាធារណរដ្ឋកូរ៉េ ពោលគឺ «ធានាឲ្យការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា»។
នៅពេលបច្ចុប្បន្ននេះ ប្រព័ន្ធអប់រំកម្ពុជា មានការរីកចម្រើនខាងបរិមណគូរជាទីមោទនៈជាពិសេស នៅកម្រិតបឋមសិក្សា។ ទោះបីជាយ៉ាងនេះក្តី បញ្ហាសិស្សបោះបង់ការសិក្សា និងគុណភាពសិក្សានៅតែជាក្តីកង្វល់នៅឡើយ។ ជាក់ស្តែង អត្រាពិតនៃការសិក្សានៅបឋមសិក្សាមានប្រមាណ៩៧% នៅទសវត្សរ៍ចុងក្រោយនេះ។ ប៉ុន្តែ សិស្សដែលអាចបញ្ចប់ការសិក្សានៅបឋមសិក្សាមានប្រមាណ៨០% បញ្ចប់មធ្យមសិក្សាបឋមភូមិមានប្រមាណ៤០% និងមធ្យមសិក្សាទុតិយភូមិមានប្រមាណ២០% ។ ការវាយតម្លៃថ្នាក់ជាតិលើមុខវិជ្ជាភាសាខែ្មរ និងគណិតវិទ្យាក៏បានបង្ហាញផងដែរថា សិស្សស្ទើរតែពាក់កណ្តាល ដែលបានចូលរួម ក្នុងការវាយតម្លៃនៅថ្នាក់ទី៣ ទី៦ ទី៨ មិនទទួលបានចំណេះដឹងដូចការរំពឹងទុកនោះទេ។
ដោយសារមានការខិតខំពីគ្រប់ភាគីតាមរយៈកម្មវិធីអប់រំក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ អត្រាអក្ខរកម្មជនពេញវ័យអាយុ១៥ឆ្នាំឡើងមាន ៨០,៥% ស្រ្តីមាន៧៥,០% ក្នុងនោះអត្រាអក្ខរកម្មនៅតាមជនបទ មានត្រឹមតែ៧៦,៨% ស្រី៧០,៧% ប៉ុណ្ណោះ(អង្កេតស្តីពីសេដ្ឋកិច្ចសង្គមកម្ពុជា វិទ្យាស្ថានជាតិស្ថិត ក្រសួងផែនការ ២០១៦)។
គោលនយោបាយអប់រំក្រៅប្រព័ន្ធឆ្នាំ២០០២ បានរួមចំណែកសម្រេចលទ្ធផលខាងលើនេះ តាមរយៈការផ្តល់ការអប់រំគ្រប់រូបភាព។ វិសាលភាពគោលនយោបាយនេះ នៅមិនទាន់អាចឆ្លើយតមបានទៅនឹងបរិបទនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេស ទោះ បីមានភាពស៊ីចង្វាក់គ្នាទៅនឹងបញ្ញត្តិនៃការសិក្សាពេញមួយជីវិតយ៉ាងណាក៏ដោយ។ គោលនយោបាយអប់រំក្រៅប្រព័ន្ធឆ្នាំ២០០២ ត្រូវឲ្យធ្វើបច្ចុប្បន្នកម្ម ដោយត្រូវពង្រីកវិសាលភាព និងយន្តការមួយចំនួនឲ្យកាន់តែប្រសើរថែមទៀត។
ចក្ខុវិស័យ នេះផ្នែកនេះ បានលើកឡើងអំពីចក្ខុវិស័យរបស់គោលនយោបាយជាតិស្ដីពី ការសិក្សាពេញមួយជីវិត ដែលមានខ្លឹមសារថា «អភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបអោយមានវិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើតសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមនីយកម្មជីវិតបុគ្គលគ្រួសារ និងសង្គម តាមរយៈការផ្ដល់ឪកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ»។
គោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ជាផែនការបង្ហាញផ្លូវសម្រាប់អភិវឌ្ឍសង្គមនិងធនធានមនុស្ស ឆ្ពោះទៅកាន់សុខសន្ដិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីសម្រេចបាននូវគោលនយោបាយនេះ ទាមទារឲ្យក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់មានកិច្ចសហការនិងគាំទ្រដោយយកចិត្ដទុកដាក់ខ្ពស់។ ជាងនេះទៅទៀត គោលនយោបាយតម្រូវឲ្យមានយន្ដការ និងបទដ្ឋានគតិយុត្ដ ដើម្បីបង្កើតក្រុមឬអង្គភាពគាំទ្រ ក្នុងការសម្របសម្រួលការងារ ការធ្វើផែនការយុទ្ធសាស្ត្រជាតិ ការផ្សព្វផ្សាយឲ្យបានទូលំទួលាយ និងការកៀរគរជំនួយពីគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ដគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត។
គោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ជំរុញឲ្យប្រជាជនកម្ពុជាក្លាយជា ប្រជាពលរដ្ឋសកលស្របតាមតម្រូវការសង្គម និងនិន្នាការវិវត្តរបស់សកលលោក ពិសេសបរិបទ ទីផ្សាការងារដែលត្រួវការវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និង គុណសម្បទា។ បុគ្គលម្នាក់ៗត្រូវអភិវឌ្ឍទាំងជំនាញរឹងនិងជំនាញទន់ ដើម្បីអនុវត្ដការងារឲ្យមានប្រសិទ្ធភាព និងលើកកម្ពស់គុណភាពនៃជីវិតនៅក្នុងបរិបទសង្គមពុទ្ធិ៕