បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦

…………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើគុណតម្លៃគ្រួសារ និងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលរងគ្រោះដោយវិបត្តិនៃជម្លោះព្រំដែនកម្ពុជាថៃ៖

ក្នុងសារលិខិតអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឱ្យដឹងថា ក្នុងអំឡុងវិបត្តិដែលកើតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលយន្តការអនុវត្តនិងលើកលែងលក្ខខណ្ឌអនុវត្តកម្មវិធីមួយចំនួនដើម្បីធានាឱ្យបាននូវការបន្តទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងអំឡុងពេលមានវិបត្តិ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរ ព្រមទាំងរៀបចំកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រជម្លោះព្រំដែន ពលករ និងកម្មករនិយោជិតដែលរងផលលំបាកពីវិបត្តិនេះ។ ទាំងនេះ ស្តែងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ។

សូមបញ្ជាក់ជូនថា រហូតមកទល់ពេលនេះ នៅមានពលរដ្ឋភៀសសឹកប្រមាណជាង ៣ម៉ឺន២ពាន់ នាក់ទៀតក្នុងនោះភាគច្រើនជាស្ត្រីនិងកុមារ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារពួកគេជួបប្រទះហានិភ័យផ្សេងៗ និងការរារាំងពីសំណាក់កងកម្លាំងថៃ។ បងប្អូនពលរដ្ឋភៀសសឹកទាំងនោះត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូននូវជម្រកបណ្តោះអាសន្នដែលមានលក្ខណៈសមរម្យដើម្បីរស់នៅ និងជួយឧបត្ថម្ភ គ្រប់បែបយ៉ាងដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ទម្រាំដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ខណៈដែលពលករដែលវិលត្រឡប់មកពីប្រទេសថៃ ក៏ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលយ៉ាងខ្លាំងតាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ជូនដែរថា មិនត្រឹមតែប្រជាពលរដ្ឋដែលរងគ្រោះដោយជម្លោះព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើគុណតម្លៃគ្រួសារ និងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ គឺជាគោលនយោបាយរួមដែលផ្តោតការយកចិត្តទុកដាក់លើប្រជាពលរដ្ឋទូទៅ។ ក្នុងន័យនេះ សម្តេចធីបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈនយោបាយ ឈ្នះឈ្នះ រាជរដ្ឋាភិបាលបានរៀបចំឱ្យមានគោលនយោបាយនិងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើន សំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរ ដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព។

ជាក់ស្តែង រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកសាងប្រព័ន្ធគាំពារសង្គមមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ និងផ្តោតលើកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។ 

រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករ ដោយកម្មវិធីនេះរួមមាន៖ ១.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២.កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ៤.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា(អាយុ៦០ឆ្នាំឡើង) និងមានរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ បន្ថែមលើក្រុមគោលដៅខាងលើ រាជរដ្ឋាភិបាលបន្តគិតគូរផ្តល់អត្ថប្រយោជន៍ និងសម្រេចដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ដល់ក្រុមគោលដៅថ្មីមួយទៀតគឺជនជាប់ឃុំជាស្ត្រី និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយក្នុងពន្ធនាគារ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្តាយនៅក្នុងពន្ធនាគារ។

ទាំងអស់នេះ គឺជាសមិទ្ធផលដ៏ធំធេងដែលបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារនៅក្នុងឆ្នាំនេះ នឹងចូលរួមបង្កើនឆន្ទៈរបស់ប្រជាជនគ្រប់រូបឱ្យយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើសុខុមាលភាព និងការអភិវឌ្ឍគ្រួសាររបស់ខ្លួន។ ព្រមជាមួយគ្នានេះ សម្តេចបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញ និងរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មគ្រួសារ ដោយសន្តិសហវិជ្ជមាន ដើម្បីឈានឆ្ពោះទៅលុបបំបាត់ភាពក្រីក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្អែកតាមបរិបទរបស់កម្ពុជា ទិវាអន្តរជាតិស្តីពីគ្រួសារឆ្នាំ២០២៦នេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព” ដើម្បីគូសបញ្ជាក់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបាននៃសេដ្ឋកិច្ចគ្រួសារដែលជាគ្រឹះដ៏រឹងមាំក្នុងការកសាងសង្គមជាតិមួយដែលប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។ 

សម្តេចធិបតីសង្កត់ធ្ងន់ថា ភាពធន់នៃសេដ្ឋកិច្ចគ្រួសារគឺជាកម្លាំងចលករក្នុងការកសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំដើម្បីបន្តរក្សាបាននូវសុខសន្តិភាព បង្កើនតម្លៃសង្គម សេដ្ឋកិច្ច វប្បធម៌ និងបង្កើតនូវគំនិតថ្មីៗសំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាពរយៈពេលវែងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតគ្រួសារ និងប្រទេសជាតិ៕