ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបច្ចុប្បន្នភាពថ្មីមួយចំនួន ដូចតទៅ៖
ទី១៖ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យដកមន្រ្តីដែលនិយាយភូតកុហករឿងទុរេនដែលនាំមកពីប្រទេសថៃ តែបែរជានិយាយថា ជាទុរេនមកពីខេត្តកំពង់ចាមទៅវិញ។ សម្តេចតេជោបានបញ្ជាក់ថា ការដកមន្ត្រីបែបនេះ គឺដើម្បីជាសារព្រមានដល់មន្រ្តីផ្សេងទៀត កុំឱ្យពួកគេនិយាយភូតកុហកថ្នាក់លើ និងកុហកប្រជាជនទៀត។
សម្តេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់សេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស ជាពិសេសត្រូវពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីឱ្យប្រជាពលរដ្ឋឱ្យកាន់តែលឿនថែមទៀត។ ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានរំលឹកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធជនពលី ពិការ និងគ្រួសារអតីតយុទ្ធជន ពីព្រោះសម្តេចបានយល់ច្បាស់ពីការលំបាករបស់ពួកគេក្នុងកិច្ចការពារជាតិនិងទឹកដី។ សម្តេចតេជោបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងរបស់ពួកគេទៅការពារជាតិ ការពារទឹកដី និងប្រជាជន ដូច្នេះ ហេតុអ្វីបានជាយើងមិនអាចចែករំលែកក្តីស្រលាញ់ដល់ពួកគេ?
ទី២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានលើកឡើងអំពីគុណបំណាច់របស់អតីតយុទ្ធជននិងនិវត្តជនដែលបានលះបង់ ដើម្បីបុព្វហេតុជាតិមាតុភូមិទម្រាំស្តារនិងកសាងប្រទេសឱ្យរីកចម្រើន ក្នុងសុខសន្តិភាព ដូចសព្វថ្ងៃ។ សម្តេចធិបតីក៏បានលំឱនកាយគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិនៅក្នុងសង្គ្រាមឈ្លានពាននារយៈពេលចុងក្រោយនេះដែរ។
ទន្ទឹមនឹងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យចារទុកជាប្រវត្តិសាស្ត្រនៅឯវិមាន «ឈ្នះ-ឈ្នះ» នូវវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង ក៏ដូចជាការចូលរួមចំណែកទាំងឡាយដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរយៈពេលចុងក្រោយនេះ។ សម្តេចក៏បានណែនាំឱ្យកសាងស្តូបអនុស្សាវរីយ៍ទុកសម្រាប់រម្លឹកគុណដល់វីរយុទ្ធជនស្នេហាជាតិដែលបានលះបង់ជីវិត ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដើម្បីជាការចងចាំសម្រាប់កូនខ្មែរជំនាន់ក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានជួយឧបត្ថម្ភគាំទ្រដល់គ្រួសារវីរយុទ្ធជន ដើម្បីទ្រទ្រង់ជីវភាពរស់នៅ និងជួយដល់កូនៗរបស់ពួកគេឱ្យបានសិក្សា និងមានជម្រករស់នៅសមរម្យ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្មែរថា រាជរដ្ឋាភិបាលនៅតែរក្សាសិទ្ធិពេញលេញក្នុងការការពារបូរណភាពទឹកដី ដោយសម្តេចបញ្ជាក់ឡើងវិញថា ការចរចាដោយសន្តិវិធីនៅតែជាជម្រើសអាទិភាពបំផុតរបស់រាជរដ្ឋាភិបាល លើកលែងតែទ្វារនៃការចរចាទ្វេភាគីត្រូវបានបិទទាំងស្រុង ដូចករណីការលុបចោល MoU-2001 របស់ភាគីថៃ ទើបកម្ពុជាត្រូវជ្រើសរើសយន្តការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ UNCLOS។
ទី៣៖ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ក្នុងអាណត្តិដែលហ្វីលីពីនធ្វើជាប្រធានដឹកនាំ បានចាប់ផ្តើមបេសកកម្មជាលើកដំបូងរបស់ខ្លួនហើយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ គួរកត់សម្គាល់ថា បេសកកម្មលើកដំបូងបានចាប់ផ្តើមធ្វើនៅទីតាំងដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ហើយដែលបានរងការខូចខាតយ៉ាងដំណំបំផុត ដោយសារការវាយប្រហារពីសំណាក់យោធាថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ ក៏ដូចជាការពិនិត្យមើលស្ថានការណ៍នៃការវិវឌ្ឍន៍ថ្មីនៅក្នុងភូមិសាស្រ្តនោះ។
សូមបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសូមថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់ និងសូមស្វាគមន៍ហ្វីលីពីនដែលបានទទួលតំណែងជាប្រធានអាស៊ានបន្ដពីម៉ាឡេស៊ី។ កម្ពុជាតែងតែផ្តល់កិច្ចសហប្រតិបត្ដិការពេញទំហឹងចំពោះបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាប្រសិទ្ធភាពនៃការអនុវត្ដបទឈប់បាញ់ ក៏ដូចជារាល់វិធានការនានាដែលបានព្រមព្រៀងគ្នាកាលពីពេលកន្លងទៅ។
ជាក់ស្តែង ក្រៅពីការបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន ដូចមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, ចំណុចទី៨ ក៏ចែងដែរថា៖ «ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី»៕
សូមអរគុណ!