ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនបងប្អូនជនរួមជាតិជ្រាបអំពីបច្ចុប្បន្នភាពថ្មីៗដែលមានដូចតទៅ៖
ទី១៖ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សា និងអនុម័ត កាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនេះ មានវិសាលភាពគ្របដណ្តប់ទៅលើវឌ្ឍនភាពជារួមនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងជាមូលដ្ឋានដ៏សំខាន់សម្រាប់ក្រសួង និងស្ថាប័ន ពន្លឿនការអនុវត្តវិធានការ និងដោះស្រាយបញ្ហាដែលនៅសេសសល់។
របាយការណ៍បានកត់សម្គាល់ថា បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ថា មានភាពអំណោយផល និងកាន់តែល្អប្រសើរឡើង ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងចំណាត់ការដោយបុរេសកម្ម និងស្មារតីទទួលខុសត្រូវរបស់ក្រសួង និងស្ថាប័នចំណុះរាជរដ្ឋាភិបាល។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០ គម្រោង (កើនឡើងប្រមាណ៥២% ដោយបំបែកកំណត់ត្រាឆ្នាំ២០២៤ ដែលមានត្រឹម៤១៤គម្រោង) និងមានទុនសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក(កើនឡើងប្រមាណ៤៤% ធៀបនឹងឆ្នាំ២០២៤) និងគ្រោងបង្កើតការងារប្រមាណ ៤៤ម៉ឺនកន្លែង។ តួលេខនេះ គឺជាសូចនាករបញ្ជាក់យ៉ាងច្បាស់ពីទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា។
២. សេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥ ក៏ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិភាក្សានិងអនុម័តរួចរាល់ដែរ។ សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងឆ្នាំ២០២៥ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានប្រព្រឹត្តទៅក្នុងបរិការណ៍សកលនិងតំបន់ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនប្រាកដប្រជា។ ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ការប្រែប្រួលនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកល សម្ពាធលើថាមពលនិងតម្លៃទំនិញ បញ្ហាព្រំដែន ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ សុទ្ធសឹងជាកត្តាប៉ះពាល់ដល់បរិយាកាសអភិវឌ្ឍន៍របស់កម្ពុជា។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនៅតែបន្តដឹកនាំប្រទេសដោយភាពម្ចាស់ការ ប្រាកដនិយម និងទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រជាជន ដោយបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្ទុះនៃកំណើន ការបង្កើតការងារ ការពង្រឹងប្រព័ន្ធគាំពារសង្គម ការអភិវឌ្ឍមូលធនមនុស្ស ការកែលម្អសេវាសាធារណៈ និងជំរុញការកែទម្រង់ក្នុងវិស័យសំខាន់ៗ។ សមិទ្ធផលទាំងនេះបង្ហាញថា កម្ពុជាបានបន្តដំណើរអភិវឌ្ឍន៍របស់ខ្លួនដោយភាពធន់ និងជំហរច្បាស់លាស់ ទោះបីបរិយាកាសខាងក្រៅនៅតែមានហានិភ័យ និងភាពមិនប្រាកដប្រជាក៏ដោយ ហើយវាក៏បានបង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងហានិភ័យ និងរក្សាបាននូវស្ថិរភាព និងតម្រង់ទិសការអភិវឌ្ឍឱ្យឆ្លើយតបទៅនឹងផលប្រយោជន៍ជាតិ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ទី៣៖ ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្តេចធិបតី បានថ្លែងអំណរគុណនិងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និងកងនគរបាលជាតិ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលធំៗជាបន្តបន្ទាប់។ ទោះជាយ៉ាងណា នៅមានសេសសល់បញ្ហាមួយចំនួនទៀតដែលត្រូវបន្តធ្វើដោយគ្មានបន្ធូរដៃឡើយ។ សម្តេចធិបតី បានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ។
ទី៤៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២២ ខែឧសភា បានរៀបចំបទបង្ហាញមួយជូនដល់ប្រធាននិងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជាចំនួន ៤៤ រូប។ បទបង្ហាញនេះរៀបចំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបង្ហាញពីការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាការគ្រប់គ្រងនិងការធ្វើសកម្មភាពខុសច្បាប់របស់ថៃនៅតំបន់ប្រាសាទមាន់ធំ តាក្របី និងប្រាសាទខ្នារ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា។
ដូច្នេះ កម្ពុជាបានធ្វើកំណត់ទូតតវ៉ា ប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់របស់ថៃដែលប៉ុនប៉ងបង្កើតស្ថានភាពជាក់ស្តែងនៅលើដី។ កម្ពុជាក៏បានបង្ហាញជំហរដោះស្រាយវិវាទដោយសន្តិវិធីដោយអនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាសម្រាប់តំបន់អាស៊ានទាំងមូល៕
