ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិនូវព័ត៌មានសំខាន់ៗមួយចំនួនពីរាជរដ្ឋាភិបាលដូចតទៅ៖
ទី១៖ ខណៈដែលច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ ឯកឧត្តមនាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ បានគូសបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាមិនមែនជាបន្ទុករបស់សង្គមឬរបស់យុវជនទេ ប៉ុន្តែ វាគឺជាឱកាសនិងជាសាលារៀនដែលយុវជនអាចហ្វឹកហាត់ចំណេះជំនាញយោធា ដើម្បីក្លាយជាធនធានមនុស្សដែលមានវិន័យ សីលធម៌ និងសមត្ថភាព ក៏ដូចជាការបណ្តុះស្មារតីស្នេហាជាតិ ដើម្បីត្រៀមជួយការពារជាតិ នៅពេលដែលជាតិត្រូវការ។
ការគូសបញ្ជាក់ពីបញ្ហានេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមនាយកឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍ «នយោបាយឈ្នះឈ្នះ» ក្នុងខេត្តកោះកុងនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ។ ប្រមុខការពារជាតិកម្ពុជា ក៏បានអំពាវនាវឱ្យយុវជនដែលគ្រប់អាយុរៀបចំផែនការសិក្សា និងការងាររបស់ខ្លួនឱ្យបានច្បាស់លាស់ដើម្បី លៃលកពេលវេលាក្នុងការចូលបំពេញកាតព្វកិច្ចយោធារយៈពេលពីរឆ្នាំ។ ច្បាប់នេះមានវិសាលភាពអនុវត្តលើប្រជាពលរដ្ឋខ្មែរគ្រប់រូបចាប់ពីអាយុ១៨ ដល់២៥ឆ្នាំ លើកលែងតែស្ត្រី ដែលត្រូវផ្អែកទៅតាមការស្ម័គ្រចិត្ត។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសត្រៀមបញ្ជូនចៅៗរបស់សម្តេចដែលគ្រប់អាយុឱ្យបំពេញកាតព្វកិច្ចយោធាស្របតាមច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដែលបានកំណត់។ សម្តេចប្រមុខរដ្ឋស្តីទីបញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាធ្វើឡើងដោយស្មើភាពគ្នា ហើយចៅៗរបស់សម្តេចក៏បានត្រៀមអនុវត្តច្បាប់នេះដោយគ្មានការលើកលែង។
ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិ ក៏បានរំឭកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធជនពលី ពិការ និងគ្រួសារអតីតយុទ្ធជន ពីព្រោះក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូប សម្តេចពិតជាបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងការពារបូរណភាពទឹកដី។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារវីរយុទ្ធជនជួរមុខ យុទ្ធជនពលី និងគ្រួសារអតីតយុទ្ធជន ដែលបានលះបង់ដើម្បីជាតិមាតុភូមិនិងប្រជាជន។
ទី២៖ ទន្ទឹមនឹងការកសាងស្តូបអនុស្សាវរីយ៍នៃនយោបាយឈ្នះឈ្នះដើម្បីជាការចងចាំអំពីគុណតម្លៃសន្តិភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរ សំឡេងការពារសន្តិភាព និងគុណតម្លៃនៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ បានលាន់លឺនៅគ្រប់ទិសទី តាមរយៈវេទិកាថ្នាក់តំបន់ និងអន្តរជាតិ។ ជាក់ស្តែង នាឱកាសថ្លែងសុន្ទរកថាបើកវេទិកាសកល ស្តីពី ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងសប្តាហ៍នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងអំពីបទពិសោធរបស់កម្ពុជាដោយបានគូសរំលេចថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍនិងការកាត់បន្ថយភាពក្រីក្រ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, កម្ពុជាមានសន្តិភាព មានការបើកចំហសេដ្ឋកិច្ច និងបានធ្វើសមាហរណកម្មឡើងវិញចូលក្នុងតំបន់និងសកលលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសរំលេចថា សន្តិភាពបានផ្តល់ទំនុកចិត្តដល់ប្រជាជនកម្ពុជាថា «ថ្ងៃស្អែកនឹងប្រសើរជាងថ្ងៃម្សិលមិញ»។
ដោយមានសន្តិភាពជាមូលដ្ឋានគ្រឹះដ៏រឹងមាំ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តយកប្រជាជនជាស្នូល និងជាអាទិភាពទី១ ដើម្បីធ្វើឱ្យកំណើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកាន់តែមានអត្ថន័យ ជាពិសេសនៅតាមតំបន់ជនបទ តាមរយៈការលើកកម្ពស់ប្រាក់ចំណូល, ការបង្កើតការងារសមរម្យ, ការវិនិយោគលើមូលធនមនុស្ស និងការពង្រឹងប្រព័ន្ធគាំពារសង្គម ព្រមទាំងការកសាងភាពជាដៃគូ។
ទី៣៖ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams បាននិងកំពុងបន្តធ្វើយ៉ាងក្តៅគគុកនិងឥតឈប់ឈរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនមួយនេះឱ្យអស់ពីកម្ពុជា ចំណាត់ការផ្លូវច្បាប់ទៅលើឧក្រិដ្ឋជនដែលយកទឹកដីកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តបទឧក្រិដ្ឋឆ្លងដែន ក៏បានអនុវត្តយ៉ាងតឹងរ៉ឹង និងគ្មានលើកលែង។ ជាក់ស្តែង តុលាការសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចផ្តន្ទាទោសជនជាតិចិន ៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់និស្សិតជនជាតិកូរ៉េម្នាក់កាលពីខែសីហា ឆ្នាំ២០២៥ ឱ្យជាប់ពន្ធនាគារកំណត់ម្នាក់ៗអស់មួយជីវិត។
នេះគឺជាសក្ខីភាពមួយដែលបញ្ជាក់ពីភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក៏ដូចជាប្រមុខថ្នាក់ដឹកនាំ ទាំងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបញ្ជាក់ម្តងហើយម្តងទៀតអំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការកម្ចាត់បណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams ឱ្យអស់ពីទឹកដីកម្ពុជា៕
សូមអរគុណ!