ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦
…………………….
ដូចដែលបងប្អូនជនរួមជាតិបានជ្រាបស្រាប់ហើយ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មខ្លាំងក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែង និងរក្សាបាននូវសុខសន្តិភាពផង។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញជូនបងប្អូនជនរួមជាតិជ្រាបអំពីជំហរសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជាដូចតទៅ៖
ទី១. ជំហរដោះស្រាយព្រំដែនសមុទ្រ៖ ចាប់តាំងពីគណៈរដ្ឋមន្ត្រីថៃសម្រេចលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ឬមួយក៏ហៅកាត់ថា MoU 2001 កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦មក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការសម្រេចប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នោះឡើយ ពីព្រោះភាគីថៃបានលុបចោលយន្តការទ្វេភាគីដែលត្រូវបានថែរក្សាអស់រយៈពេល២៥ឆ្នាំមកហើយ។ ម្យ៉ាងទៀត យន្តការផ្សះផ្សារដោយចាប់បង្ខំនេះទៀតសោត បង្កើតឡើងដើម្បីជួយទៅដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ ដែលពិតជាសមស្របជាមួយជំហរសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា។
សូមរម្លឹកថា ជំហរបែបនេះត្រូវបានភាគីកម្ពុជាជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃរួចរាល់ ហើយក៏ត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីថៃ នាឱកាសជំនួបត្រីភាគី នៅកោះសេប៊ូ ប្រទេស ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែរ។ បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានបញ្ជាក់ប្រាប់សមភាគីថៃម្តងទៀតនៅក្នុងជំនួបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក។ ការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ គឺជាជំហានថ្មី និងជាសក្ខីភាពបញ្ជាក់ថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាមិនដែលងាកចេញពីជំហររបស់ខ្លួនឡើយ នោះគឺជំហរសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
ទី២. ដូចគ្នាដែរចំពោះដំណោះស្រាយព្រំដែនគោក៖ ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ ក៏ដូចជាស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុងជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងកំណត់ខណ្ឌសីមាប្រទេសទាំងពីរជាបន្ទាន់ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។
កម្ពុជាបានប្រកាន់យកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាការទូតនិងគាំទ្រពេញទំហឹងនូវតួនាទីនិងអាណត្តិរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ ការអនុវត្តបទឈប់បាញ់ និងអនុវត្តគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួម ព្រមទាំងកិច្ចព្រមព្រៀងផ្សេងទៀតឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។ ហេតុនេះហើយទើបបានជារាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាប្រឆាំងនឹងសកម្មភាពរបស់យោធាថៃនៅលើទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាដែលពួកគេដណ្តើមកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក៕