អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អាជ្ញាធរខេត្តព្រះវិហារ បានបញ្ជាក់ថា ប្រជាកសិករបាននិងកំពុងផ្លាស់ប្ដូរទម្លាប់ធ្វើកសិកម្មជាបណ្ដើរៗ ពីការផលិតសម្រាប់បំពេញសេចក្ដីត្រូវការគ្រួសារផ្ទាល់ខ្លួន មកផលិតសម្រាប់លក់វិញ ពីព្រោះមានទីផ្សារសម្រាប់លក់ និងរកចំណូលបានខ្ពស់។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយលទ្ធផលគម្រោងអភិវឌ្ឍន៍សហគមន៍ចម្រុះ ឆ្នាំ២០១៧-២០១៩ និងការប្រកាសបើកគម្រោងបន្ដឆ្នាំ២០២០-២០២២ របស់អង្គការការីតាស កម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំអាហារដ្ឋានលីហួត ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានគូសបញ្ជាក់ថា ប្រជាកសិករកំពុងធ្វើការផ្លាស់ប្តូរទំលាប់ធ្វើកសិកម្មជាបណ្តើរៗ ពីការផលិតសំរាប់បំពេញសេចក្តីត្រូវការគ្រួសារផ្ទាល់ខ្លួនមកផលិតសម្រាប់លក់វិញ ព្រោះមានទីផ្សារដើម្បីលក់ និងចំណូលបានខ្ពស់ តាមរយៈការចងក្រងគ្នាជាសហគមន៍កសិកម្ម ក្រុមផលិតបន្លែសរីរាង្គ ដោយធ្វើការសំអាត និងវេចខ្ចប់ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុង រាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។ ដែលទាំងនេះបង្ហាញ ឱ្យឃើញថាកសិករយើងកំពុងប្រែក្លាយ ខ្លួនពីកសិករទៅជា
កសិពាណិជ្ជករ ដើម្បីទទួលបានតម្លៃបន្ថែមទៀតនៅក្នុងជីវភាពរស់នៅ។

ក្រៅពីនេះលោកអភិបាលរងខេត្តព្រះវិហារ ក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនកសិករ ឱ្យបន្ដយកចិត្តទុកដាក់លើការប្រកបរបរអាជីវកម្ម កសិកម្ម និងការផលិតទៅតាមបច្ចេកទេសណែនាំ សិក្សាស្រាវ ជ្រាវអំពីតម្រូវការទីផ្សារ មុននឹងធ្វើការសំរេចចិត្តផលិត។ បន្ថែមពីនេះត្រូវបន្តចូលរួមចងក្រងសហគមន៍កសិកម្ម ក្រុមផលិត ក្រុមសន្សំប្រាក់ និងផលិតផលដែលត្រូវនឹងតម្រូវការទីផ្សារ ដូចជាផលិតផលសុវត្ថិភាព និងផលិត
ផលសរីរាង្គ ដែលកំពុងពេញនិយមនៅក្នុងទីផ្សារកម្ពុជារបស់យើង។

ទន្ទឹមនឹងគ្នានេះដែរ ឯកឧត្តម ស៊ូ សិរី ក៏បានសំណូមពរដល់អង្គការការីតាស
កម្ពុជា ឱ្យបន្ដជួយលើកកំពស់ការអនុវត្តកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាបន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តភាព។ ជាពិសេសសូមជួយបង្កើនចំណេះដឹងលើការអភិវឌ្ឍជំនួញទៅដល់សហគមន៍កសិកម្ម ការធ្វើទីផ្សារ និងការផ្សារភ្ជាប់ទីផ្សារកសិផលរបស់កសិករទៅកាន់ទីផ្សារក្នុងក្រុង/ស្រុក រាជធានី-ខេត្តឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានប្រាប់ឱ្យដឹងដែរថា បរិមាណនៃការដាំដុះបន្លែធម្មជាតិរបស់ប្រជាកសិករក្នុងខេត្តព្រះវិហារបច្ចុប្បន្ន ក៏មានការកើនឡើងគួរអោយកត់សម្គាល់ ហើយការនាំចូលបន្លែពីខាងក្រៅក៏បានកាត់បន្ថយច្រើនជាងមុន ខណៈដែលប្រជាកសិករភាគច្រើនមានការយល់ដឹងច្រើន អំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យា និងបច្ចេកទេសទំនើបក្នុងការដាំដុះ ពីបណ្ដាវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងមន្ដ្រីជំនាញនៃមន្ទីរកសិកម្មខេត្តព្រះវិហារ។ ទៀតសោតការផ្គត់ផ្គង់បន្លែសរីរាង្គរបស់កសិករទៅកាន់ ទីផ្សារក៏ទទួលបានតម្លៃខ្ពស់សមរម្យផងដែរ។ ជាពិសេសទៀតនោះ ខេត្តព្រះវិហារ បានដាក់ដំណើរការជាបន្ដបន្ទាប់នូវស្ដង់លក់បន្លែសុវត្ថិភាព ដែលដាំដុះដោយកសិករក្នុងស្រុកផ្ទាល់ រួមមាននៅក្នុងក្រុងព្រះវិហារ មាន២ទីតាំង និងនៅស្រុកជ័យសែន១ទីតាំង មិនតែប៉ុណ្ណោះនឹងដាក់ឱ្យដំណើរការនៅតាមបណ្ដាស្រុកផ្សេងៗជាបន្ដបន្ទាប់ទៀត។

សូមបញ្ជាក់ជូនដែរថា សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងសហគមន៍ចម្រុះ ឆ្នាំ២០១៧ដល់២០១៩ និងប្រកាសបើកគម្រោងបន្ដឆ្នាំ២០២០ ដល់ឆ្នាំ២០២២នាពេលនេះ គឺជាវេទិកានៃការចែករំលែក រៀនសូត្រ លើការអនុវត្តល្អ និងបទពិសោធន៍ថ្មីៗលើការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ដល់បងប្អូនដែលមានវត្តមានក្នុងសិក្ខាសាលា ជាពិសេសបុគ្គលិកមកពីការិយាល័យ មន្ទីរ អង្គការ និងបងប្អូនកសិករមកពីបណ្តាខេត្តចំនួន៤ រួមមានខេត្តព្រះវិហារ កំពង់ធំ សៀមរាប និងបាត់ដំបង ហើយក៏ជាវេទិកាសំរាប់ការប្រមូលធាតុចូល ដើម្បីកែលំអរការអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍នាឆ្នាំខាងមុខបន្តទៀត។

តាមការបញ្ជាក់របស់ កញ្ញា ណៃ វិច្ឆិកា នាយករងទទួលបន្ទុកផ្នែកកម្មវិធីអភិវឌ្ឍន៍ នៃអង្គការការីតាសកម្ពុជា បានឱ្យដឹងថា កម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះ គឺជាកម្មវិធីស្នូលមួយរបស់អង្គការការីតាសកម្ពុជា ដែលធ្វើការជាមួយសហគមន៍ថ្នាក់មូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្ដភាពសម្រាប់សហគមន៍ជនបទនៅកម្ពុជា។ កម្មវិធីនេះបានលើកកម្ពស់លើការពង្រឹងអំណាចសហគមន៍ សន្ដិសុខស្បៀង ការអភិវឌ្ឃន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយបរិយាបន្ន តាមរយៈការផ្ដល់សិទ្ធអោយសហគមន៍ដឹកនាំខ្លូនឯងផ្ទាល់ ការអនុវត្តកសិកម្មប្រកបដោយសនិរន្ដភាព ការផ្សារភ្ជាប់ទីផ្សារ ខ្សែចង្វាក់ផលិតផលកសិកម្ម ប្រកបដោយបរិយាបន្ន និងការសាងភាពជាដៃគូររយៈពេលវែងជាមួយអ្នកពាក់ព័ន្ធ។

ប្រភពពី៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ