បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦
…………………….

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនព័ត៌មានថ្មីៗ និងសរុបព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ដែលមានដូចតទៅ៖

ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អមដំណើរដោយលោកជំទាវបណ្ឌិត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ។

សម្តេចធិបតីនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមដើម្បីផ្លាស់ប្តូរទស្សនៈនិងធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី និងក៏ពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិដែរ។ សម្តេចធិបតីក៏នឹងជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋ និងប្រធានរដ្ឋសភាវៀតណាម និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកាអនាគតអាស៊ានក្រោមប្រធានបទ «រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូល»។

ទី២៖ កម្ពុជាបានបញ្ជូនលិខិតផ្លូវការទៅកាន់ភាគីថៃនិងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្តើមដំណើរការ «យន្តការផ្សះផ្សារដោយចាប់បង្ខំ»(Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។ នេះជាការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ ដោយយោងលើការប្រើប្រាស់យន្តការនេះជាលើកដំបូងដោយជោគជ័យក្នុងករណីវិវាទរវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលីដោយប្រទេសទាំងពីរបានដោះស្រាយព្រំដែនសមុទ្រដោយសន្តិវិធីនៅឆ្នាំ២០១៨ សម្តេចធិបតីសង្ឃឹមយ៉ាងមុតមាំថា ការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធីតាមរយៈការចរចារវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ) ក្រោមការសម្របសម្រួលរបស់អ្នកជំនាញផ្សះផ្សារអន្តរជាតិ។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលបានទទួលការគាំទ្រពីគ្រប់ស្ថាប័នកំពូលរបស់ជាតិ ព្រមទាំងក្រសួង ស្ថាប័ននានាដែលចំណុះឱ្យរាជរដ្ឋាភិបាល ជាពិសេសពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។ កម្ពុជាក៏បានជ្រើសរើសអ្នកផ្សះផ្សារពីររូបរបស់ខ្លួនរួចជាស្រេចហើយដើម្បីចូលរួមក្នុងដំណើរការផ្សះផ្សារនេះ។

ទី៣៖ ទន្ទឹមនឹងការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ(Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិនិងសិទ្ធិលើដែនសមុទ្រ កម្ពុជានៅតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុតនូវបទឈប់បាញ់និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។

ទី៤៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានចេញលិខិតថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះកងកម្លាំងយោធាថៃដែលបានបំផ្លិចបំផ្លាញជណ្តើរឈើឡើងទៅកាន់ប្រាសាទខ្នារ ដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧ ដើម្បីគាំទ្រដល់កិច្ចការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន។ ទង្វើនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងកាន់តែច្បាស់ក្នុងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី (Fait accompli) និងជាការប៉ុនប៉ងលុបបំបាត់ភស្តុតាងជាក់ស្តែងនៃការគ្រប់គ្រង ការអភិរក្ស និងការថែរក្សាទីតាំងប្រាសាទ និងទេសភាពវប្បធម៌ជុំវិញ ជាយូរលង់មកហើយដោយអាជ្ញាធរកម្ពុជា។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន អភិរក្សបេតិកភណ្ឌវប្បធម៌ និងបន្តស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ និងការទូតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដី និងមរតកវប្បធម៌របស់ជាតិ។
ទី៥៖ នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច១ តំបន់អូរភ្លុកដំរី ច្រកជ័យជំនះ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាទីតាំងរងការវាយប្រហារនិងកំពុងកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងពិនិត្យមើលការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមាន និងស្ពានស្ទឹងមេទឹក ដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបានរងការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែកពីយោធាថៃធ្វើឱ្យដាច់ទាំងស្រុង។

កម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

ទី៦៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ!