ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ដ្រមណ្ឌលព្រះវិហារ និងលោកជំទាវ កាលពីព្រឹកថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចូលរួម បញ្ចុះបឋមសិលាអគារសម្ភពរបស់មណ្ឌលសុខភាពច្រាច់ ស្ថិតក្នុងភូមិសាស្ដ្រភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលជាគម្រោងមូលនិធិស្ថានទូតចិនប្រចាំនៅកម្ពុជា។ មានវត្តមាន នាឱកាសនោះ មានឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ តាជី យាយជី មន្ដ្រីសុខាភិបាល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម សួស យ៉ារ៉ា បានថ្លែងឲដឹងថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋនៅមានការខ្វះខាតផ្នែកសេវាសុខភាព ទើបបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវសំណង់ដ៏ច្រើន ជាពិសេសតាមតំបន់ដាច់
ស្រយ៉ាល ដែលទាំងនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់គិតគូដល់សុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយនេះឯកឧត្តមក៏បានជម្រុញអោយអាជ្ញាធរដែនដី ជួយគាំទ្រសហការឲបានល្អ ធ្វើយ៉ាងណាឲអគារមណ្ឌលសុខភាពនេះដំណើរការសាងសង់ទៅដោយរលូន ដើម្បីកាត់បន្ថយអត្រាឈឺ នឹងស្លាប់របស់មាត និងទារក។
ឯកឧត្ដមបន្តថា ក្រោយពេលដែលអគារមណ្ឌលសុខភាពនេះសាងសង់រួច សូមបងប្អូនមកទទួលការថែទាំសុខភាព ព្រោះការប្រើប្រាស់សេវាសុខភាពសាធារណៈ គឺការទទួលបាននូវសេវាមួយ ដែលមានបច្ចេកទេសត្រឹមត្រូវ តាមក្បួនវេជ្ជសាស្ត្រ ជាពិសេសការថែទាំ នឹងផ្ដល់ការសម្រាលដល់ស្រ្តីមានផ្ទៃពោះប្រកបដោយសុវត្តិភាព។
ទន្ទឹមគ្នានេះ ឯកឧត្តម សួស យ៉ារ៉ា ក៏បានថ្លែងអំណរគុណដល់គម្រោងមូលនិធិស្ថានទូតចិនប្រចាំកម្ពុជា និងសប្បុរសជនទាំងអស់ ដែលជួយឧបត្ថម្ភសាងសង់នូវអគារសម្ភព នៃមណ្ឌល
សុខភាពច្រាច់នេះ ដើម្បីជាហេតុផ្តល់នូវភាពងាយស្រួល ដល់មន្ត្រីសុខាភិបាលក្នុងការបំពេញការងារ ការផ្តល់សេវាជូនប្រជាជន ជាពិសេសប្រជាជនងាយស្រួលក្នុងការមកទទួលយកសេវាសាធារណៈ ដូចជាការសម្រាល និងការថែទាំព្យាបាលជម្ងឺ។ ប្រភពពី ៖មន្ទីរព័ត៌មានខេត្តព្រះវិហារ