បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៧​ ខែមិថុនា ឆ្នាំ២០២៦
…………………….
 
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូននូវព័ត៌មានសំខាន់ៗ​ដែលមានដូចតទៅ៖
 
ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ​ នៅព្រឹកថ្ងៃទី១៧ មិថុនានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ ប្រធានាធិបតី វ្លាឌីមៀ ពូទីន។ កិច្ចប្រជុំកំពូលនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី។
 
ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍ និង​ក្តីកង្វល់រួមដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់និងក្រៅតំបន់។ សម្តេចនាយករដ្ឋមន្ត្រីក៏នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងមានជំនួបទ្វេភាគីមួយចំនួនទៀត ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជាលើកកម្ពស់កិច្ចសហ​ប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួមនិងអត្ថ​ប្រយោជន៍ទៅវិញទៅមក​។
 
ទី២៖ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតជាថ្មីម្តងទៀត​ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ទៅកាន់ភាគីថៃ ដោយស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។ កំណត់ទូតថ្មីនេះបានធ្វើឡើងបន្ទាប់ពី​គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើករួចមកហើយទៅកាន់​គណៈកម្មការ JBC ភាគីថៃ ប៉ុន្តែ ភាគីថៃបានស្នើសុំលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលដូចជា៖ បំពេញនីតិវិធីផ្ទៃក្នុង រង់ចាំការបោះឆ្នោតថ្នាក់ជាតិ រង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី រង់ចាំការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មី និងរង់ចាំការអនុម័តដោយគណៈរដ្ឋមន្ត្រីថៃអំពីការតែងតាំងប្រធាននិងសមាសភាពថ្មីនៃគណៈកម្មការ JBC ភាគីថៃ។
 
ការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាននិងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់អាទិភាពខ្ពស់​បំផុតដល់គណៈកម្មការ JBC ក្នុងការបន្តចុះវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការ​រារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែ លើដីជាក់ស្តែង ភាគីថៃបាននិងកំពុងបន្តកាន់កាប់ទឹកដីកម្ពុជា និងធ្វើសកម្មភាពដោយខុសច្បាប់ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) បើទោះបីជាភាគីកម្ពុជាបានតវ៉ាជាច្រើនលើកតាមផ្លូវការទូតយ៉ាងណាក៏ដោយ។
 
រដ្ឋលេខា​ធិការដ្ឋានកិច្ចការព្រំដែនបានគូសបញ្ជាក់ថា ផ្អែកតាមនីតិវិធី និងបែបបទការងារដែលបានឯកភាពគ្នា និងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេស​របស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ភាគីថៃគប្បីចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែងដើម្បីបន្តការងារវាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន និងបន្តការងារដែលនៅសេសសល់។ ភាគីថៃក៏គប្បីសហការរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស (អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) និងក្រុមប្រតិបត្តិការ (OG) ដូចដែលភាគីទាំងពីរធ្លាប់បានអនុវត្តកន្លងមកតាំងពីឆ្នាំ២០១៣​-២០២៥ និង ស្របតាមការទទួលស្គាល់របស់នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដែលសារព័ត៌មាន The Nation Thailand ស្រង់មកចុះផ្សាយថា៖ «(…) ក្រុមការងារកម្រិតបច្ចេកទេសនៅតែអាចបន្តអនុវត្តការងាររបស់ខ្លួនបានដដែល»។
 
គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជាក់ពីការប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លាន​ពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបន្តរំលោភបំពានលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ព្រមទាំងការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (fait accompli)។ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងតទៅអនាគត។
ទី៣៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមអាណត្តិដឹកនាំរបស់ហ្វីលីពីន នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមការ​សម្រប​សម្រួលពី​ក្រុមអ្នកសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជា។ ពលរដ្ឋភៀសសឹកទាំង​នោះមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ នៅតំបន់មួយចំនួន និងបានដាក់រាយបន្លាលួស ទូរកុងតឺន័រ ដើម្បីរារាំងការវិលត្រឡប់​របស់ពួកគេ ខណៈដែលផ្ទះសម្បែងមួយចំនួនត្រូវបានកងកម្លាំងថៃបំផ្លិចបំផ្លាញ។
 
ស្ថានភាពនេះគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការចាប់ផ្តើម​វាស់​វែងខណ្ឌ​សីមា​ព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាអាចវិលត្រឡប់​ទៅលំនៅដ្ឋានវិញ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ និងដាច់ខាត ក្នុង​ការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន​-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) និង​មិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែន​ដោយប្រើកម្លាំង៕