ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖
ទី១៖ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញដល់ទីក្រុងកាហ្សាន សាធារណរដ្ឋតាតាស្តាន សហព័ន្ធរុស្ស៊ី ដោយសុវត្ថិភាព កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ សម្តេចធិបតីក៏បានអញ្ជើញចូលរួមពិធីជប់លៀងដែលរៀបចំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ រាក់ទាក់ ដោយប្រធានាធិបតី រុស្ស៊ី ឯកឧត្តម Vladimir Putin ក្នុងនាមជាម្ចាស់ផ្ទះ នៅល្ងាចថ្ងៃដដែល។
សូមបញ្ជាក់ជូនថា តបតាមការអញ្ជើញរបស់ប្រធានាធិបតី សហព័ន្ធរុស្ស៊ី Vladimir Putin សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី។ កិច្ចប្រជុំកំពូលនេះគឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី។ ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់និងក្រៅតំបន់។ សម្តេចនាយករដ្ឋមន្ត្រីក៏នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងមានជំនួបទ្វេភាគីមួយចំនួនទៀត ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួមនិងអត្ថប្រយោជន៍ទៅវិញទៅមក។
នេះគឺជាបេសកកម្មការទូតនៅក្រៅប្រទេសលើកទី២ ក្នុងខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងការអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី៣នៅទីក្រុងហាណូយ កាលពីថ្ងៃទី៨ និងទី៩ ខែមិថុនា។ ការណ៍នេះបានបង្ហាញពីការងារការទូតយ៉ាងសកម្មរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីឧត្តមប្រយោជន៍ជាតិផង និងដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន នៅលើឆាកអន្តរជាតិផង។
ទី២៖ កម្ពុជាបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ សម្រាប់អណត្តិ២០២៦-២០៣០៖ នេះជាដំណឹងដ៏រីករាយ និងគួរឱ្យអបអរសាទរសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសម័យប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ បានបោះឆ្នោតគាំទ្រកម្ពុជាជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អណត្តិឆ្នាំ២០២៦-២០៣០។ សម័យប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងមានការចូលរួមពីរដ្ឋភាគីចំនួន ១៨៥ ប្រទេស។ គណ:ប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជាដែលចូលរួមក្នុងសម័យប្រជុំនេះ ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណ:កម្មការជាតិយូណេស្កូកម្ពុជា។
ទី៣៖ គ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ២០គ្រួសារ ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រុមការងារមនុស្សធម៌សម្ដេច តេជោ-ធិបតី។ អំណោយនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណរបស់ថ្នាក់ដឹកនាំ ចំពោះអតីតយុទ្ធជនដែលបានលះបង់ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជន។ គ្រួសារអតីតយុទ្ធជនទាំងនោះ បានសម្ដែងនូវក្តីរីករាយ និងថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត ជាពិសេសចំពោះគ្រួសារអតីតយុទ្ធជន។
គួររម្លឹកជូនថា នៅគ្រប់វេទិកានៃការចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ទាំងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទាំងសម្តេចធិបតី នាយករដ្ឋមន្ត្រី តែងក្រើនរម្លឹកឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ឱ្យបានដិតដល់ចំពោះគ្រួសារវីរយុទ្ធជន ដែលកំពុងឈរជើងនៅជួរមុខ គ្រួសារវីរយុទ្ធជនពលី និងអតីតយុទ្ធជន ពីព្រោះពួកគេមានគុណបំណាច់ធំធេងមិនអាចកាត់ថ្លៃបានចំពោះជាតិមាតុភូមិ និងជាអ្នកយកទ្រូងពាំងការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។
ទី៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
ពាក់ព័ន្ធព្រំដែនសមុទ្រ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ (UNCLOS ) ដើម្បីដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ដោយក្តីសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ខណៈដែលកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕
សូមអរគុណ!