បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦

…………………….

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបង្ហាញជូនបងប្អូនជនរួមជាតិជ្រាបអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ ចំពោះសុខទុក្ខប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ៖

ទី១៖ គិតមកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកជាង ២ម៉ឺន២ពាន់នាក់ទៀតនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែស្ថានភាពមិនទាន់អំណោយផល ឬដោយសារមានការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូរកុងតឺន័រ និងរាយបន្លាលួសដើម្បីបិទផ្លូវ។ រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ក្នុងការជួយស្តារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំងពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ សុទ្ធសឹងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញ។

ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលយកចិត្តទុកដាក់មើលការខុសត្រូវ និងដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះសំដៅជួយសម្រួល និងរក្សាលំនឹងជីវភាពរបស់ពួកគេ។ ចំណែកពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្តោះអាសន្ននៅ «ភូមិរង់ចាំ» ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ ដែលអនុញ្ញាតឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាន។ 

ក្នុងអំឡុងពេលស្នាក់នៅបណ្តោះអាសន្ន បងប្អូនពលរដ្ឋភៀសសឹកបានទទួលការយកចិត្តទុកដាក់មើលថែទាំពីសំណាក់រាជរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ រួមទាំងមហាជន និងសប្បុរសជនគ្រប់ទិសទី ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងក្រោមស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដោយគ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ឱ្យនៅឯកាឡើយ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ នេះជាភាពកក់ក្តៅដែលប្រជាពលរដ្ឋភៀសសឹកទទួលបានពីរាជរដ្ឋាភិបាល អាជ្ញាធរ និងជនរួមជាតិគ្រប់ទិសទី។

ទី២៖ ក្រៅពីជនភៀសសឹក រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាក៏ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើក្រុមគ្រួសារវីរយុទ្ធជនពលី។ ជាក់ស្តែង កន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែអញ្ជើញប្រគល់ផ្ទះថ្មីជូនគ្រួសារយុទ្ធជនពលីជាបន្តបន្ទាប់ ដោយភ្ជាប់ជាមួយនូវអំណោយជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ 

បន្ថែមពីលើនេះ និងជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយគាំពារដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសាជាថ្មី និងការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។

ទី៣៖ ផ្ទះទេវតាជាច្រើនរយខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានផ្តល់ជូនជាបន្តបន្ទាប់ដល់ពលរដ្ឋទីទ័លក្រ ឬចាស់ជរាគ្មានទីពឹង។ នេះជាសកម្មភាពសប្បុរសធម៌មួយទៀតរបស់ថ្នាក់ដឹកនាំបន្ថែមពីលើគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានជួយដល់ប្រជាពលរដ្ឋទូទៅរួចទៅហើយ។

ជាក់ស្តែងផ្ទះទេវតា ១ខ្នងទៀតដែលមានភ្ជាប់ដោយប្រព័ន្ធទឹកស្អាត និងប្រព័ន្ធភ្លើងសូឡាជាស្រេច ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការទូរទស្សន៍បាយ័ន ប្រគល់ជូនលោកតា ទឹង ឈុន អាយុ ៧៨ឆ្នាំ រស់នៅភូមិត្នោតជុំ៤ ឃុំត្នោតជុំ ស្រុកបារាយណ៍ នៅខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦។ នេះគឺជាផ្ទះទេវតាទី៣៣៤ ហើយដែលត្រូវបានផ្ដល់ជូនជនចាស់ជរាគ្មានទីពឹង និងពលរដ្ឋទីទ័លក្រ។ បន្ថែមពីលើនេះ លោកតាក៏ទទួលបានអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាគ្រឿងឧបភោគបរិភោគ គ្រឿងសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនទៀត។ ដោយឡែក សិស្សានុសិស្សចំនួន ១៧០នាក់ក៏បានទទួលអំណោយជាសម្ភារសិក្សារបស់ថ្នាក់ដឹកនាំដែរ។

ទី៤៖ ការជួយសម្រួលជីវភាពពលរដ្ឋសហគមន៍ គឺជាសកម្មភាពមួយទៀតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ ជាក់ស្តែង ក្នុងឱកាសនាំគ្រួសារជិះកាណូតនៅបឹងទន្លេសាប នាតំបន់ទេសចរណ៍ចុងឃ្នៀស ខេត្តសៀមរាប កាលពីចុងសប្តាហ៍កន្លងទៅ សម្តេចធិបតី បានជួបសន្ទនាជាមួយតំណាងសហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស និងបានស្ដាប់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក៏ដូចជាសំណូមពររបស់ពួកគាត់។ សូមបញ្ជាក់ជូនថា ក្នុងពេលដែលកម្ពុជាកំពុងរងសម្ពាធសាកលដោយសារប្រេងឥន្ធនៈឡើងថ្លៃខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចដំឡើងភាគលាភសម្រាប់ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុករបស់ពួកគេ។ 

ឆ្លើយតបនឹងសំណូមពររបស់តំណាងប្រជាពលរដ្ឋសហគមន៍ សម្តេចធិបតីក៏បានឯកភាពជាគោលការណ៍សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ឱ្យនៅដដែលសម្រាប់ប្រជាសហគមន៍ ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ។ សម្តេចបានស្នើឱ្យសហគមន៍បន្តការសាមគ្គីរួបរួមគ្នាក្នុងការរៀបចំ និងផ្ដល់សេវាល្អ និងតម្លាភាពដើម្បីធានាបាននូវទំនុកចិត្ត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការគិតគូរ និងផ្តល់ដំណោះស្រាយដើម្បីប្រយោជន៍ប្រជាពលរដ្ឋ គឺជាអ្វីដែលសម្តេចធិបតីតែងធ្វើជាប្រចាំ៕