ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
…………………….
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗពីរាជរដ្ឋាភិបាលជូនជនរួមជាតិជ្រាបដូចតទៅ៖
ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលស្វាគមន៍ និងគាំទ្រដល់អង្គការនិងសមាគមក្រៅរដ្ឋាភិបាលរាប់ពាន់ ដែលបាននិងកំពុងប្រតិបត្តិការនៅកម្ពុជា ដូចជាអង្គការស្នាមញញឹមនៃកុមារ (PSE) ជាដើមដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារ និងប្រជាពលរដ្ឋតាមរយៈការអប់រំ បណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីកែប្រែជោគវាសនារបស់កុមារដែលចេញពីគ្រួសារក្រីក្រ ឬកុមារកំព្រាឱ្យទទួលបានចំណេះជំនាញ និងការងារដើម្បីចិញ្ចឹមជីវិត។ ប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរខួបទី៣០ឆ្នាំ របស់អង្គការ PSE នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ចាត់ទុកអង្គការ PSE ជាគំរូមួយនៃអង្គការសមាគមក្រៅរដ្ឋាភិបាលក្នុងការជួយបំពេញបន្ថែមនូវអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ។ សកម្មភាពបែបនេះមិនត្រឹមតែទទួលបានសិទ្ធិសេរីភាពពេញលេញក្នុងការបំពេញការងារប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាលថែមទាំងជួយគាំទ្រថែមទៀត។ សម្តេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធជួយគាំពារ និងសហការណ៍ជាមួយអង្គការនេះ ដើម្បីជួយបណ្តុះបណ្តាលកុមារកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលត្រូវបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនចេញពីគ្រួសារក្រីក្រចំនួន ១,៥លាននាក់។ នេះក៏ជាគំរូនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាល។
ទី២៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការផ្អាកព្រះរាជពិធីបុណ្យនេះ ធ្វើឡើងដោយសាររាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការអាទិភាពចំពោះមុខមួយចំនួន។ នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល។
ទោះយ៉ាងណា ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ ខណៈដែលការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករចំនួន៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះនៅរក្សាដដែល។ សារាចរដែលចុះហត្ថលេខាដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសហការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក យុទ្ធជន និងគ្រួសារយុទ្ធជន ដែលរងរបួស ពលី និងវីរយុទ្ធជនកំពុងឈរជើងការពារទឹកដី ព្រមទាំងអតីតយុទ្ធជន នៅតាមមូលដ្ឋានរៀងៗខ្លួន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា តែងតែយកចិត្តទុកដាក់ជាចម្បងចំពោះសុខទុក្ខប្រជាពលរដ្ឋភៀសសឹក វីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ និងគ្រួសារវីរយុទ្ធពលី រងរបួស និងអតីតយុទ្ធជន ដែលមានគុណបំណាច់ធំធេង មិនអាចកាត់ថ្លៃបានចំពោះជាតិ មាតុភូមិ និងប្រជាជន។
ទី៣៖ កម្ពុជានិងសហរដ្ឋអាម៉េរិកចុះកិច្ចព្រមព្រៀងបើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាសឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត៖ ពិធីចុះហត្ថលេខាបានធ្វើឡើងរវាងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាមួយឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងការបរទេសសហរដ្ឋអាមេរិក នាទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ នេះគឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងធ្វើឱ្យទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។
កិច្ចព្រមព្រៀងនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (U.S. International Development Finance Corporation – DFC’s) បានអនុម័តកាលពីពេលថ្មីៗនេះនូវការផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់អាកាសយានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលបញ្ជាក់ពីការរីកលូតលាស់នៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងបើកចំហជើងមេឃ ក៏អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់អ្នកដំណើរនិងក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសសម្រាប់ការលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ជាមួយប្រទេសជាដៃគូ ក្នុងការបន្តចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសបន្ថែមទៀត និងពង្រឹងក្របខណ្ឌអាកាសចរណ៍ស៊ីវិលទ្វេភាគីដែលមានស្រាប់៕
