ឯកឧត្តម ប៉ែន បូណា និងមន្ត្រីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចូលរួមធ្វើជំរឿន ដើម្បីអនុវត្តន៍គោលនយោបាយកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល
………………………………
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រួមទាំងជំនួយការ ទីប្រឹក្សា និងមន្ត្រីរាជការទាំងអស់នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចូលរួមយុទ្ធនាការជំរឿនមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនិងអង្គភាពចំណុះ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ចូលរួម។
ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង រៀបចំដោយរាជរដ្ឋាភិបាលដែលមានក្រសួងមុខងារសាធារណៈជាសេនាធិការ បានធ្វើឡើងក្នុងគោលបំណងដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។ បន្ថែមលើនេះ យុទ្ធនាការធ្វើជំរឿនមន្ត្រីរាជការស៊ីវិលនេះ គឺជាការអនុវត្តគោលនយោបាយកំណែទម្រង់វិស័យមុខងារសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ទី១.ការរៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ស្របតាមគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ទី២. ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពស្ថាប័ន ដោយឈរលើអភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និង “ពង្រឹងជាជាងពង្រីក” និងទី៣. គឺការពង្រឹងការគ្រប់គ្រងមន្ត្រីនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្នុងគោលបំណងកំណត់ឱ្យបានច្បាស់លាស់អំពីស្ថានភាពរចនាសម្ព័ន្ធនិងមន្ត្រី ការអភិវឌ្ឍប្រព័ន្ធទិន្នន័យគ្រប់គ្រងមន្ត្រីនិងពិនិត្យកែលម្អប្រព័ន្ធបើកបៀវត្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារក្នុងមុខតំណែងជាក់លាក់។
សូមជម្រាបថា ទីស្តីការគណៈរដ្ឋមន្ត្រី ជាស្ថាប័នទី១៣ ដែលគណៈកម្មការជំរឿនបាននិងកំពុងធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងទេសចរណ៍៕


