បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងពីព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាជន

…………………….

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាជន៖

ទី១៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ អ្នកសង្កេតការណ៍អាស៊ានបានចុះពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការសាងសង់របងព្រំដែនជាឯកតោភាគីពីសំណាក់យោធាថៃដែលស្ថិតនៅកៀកបង្គោលព្រំដែនចន្លោះលេខ ៥២-៥៤ និងបានពិនិត្យឃើញជាក់ស្ដែងនូវការបែកបាក់បង្គោលបណ្ដោះអាសន្នដែលបង្កឡើងដោយសកម្មភាពឯកតោភាគីនេះ។ បន្ទាប់ពីបានទទួលព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងការងារវាស់វែងរួម និងការបោះបង្គោលបណ្តោះអាសន្ន ដែលបានអនុវត្តដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ អ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជាក៏បានចុះទៅពិនិត្យទីតាំងដែលប្រជាពលរដ្ឋថៃបានធ្វើស្រែចំការហួសចូលក្នុងដីកម្ពុជានៅចន្លោះបង្គោលព្រំដែន៥២-៥៩។

សូមគូសបញ្ជាក់ថា កម្ពុជាបានតវ៉ាតាមរយៈកំណត់ទូតទៅភាគីថៃរួចហើយ ដោយសារសកម្មភាពនេះប៉ះពាល់ទៅដល់នីតិវិធីទ្វេភាគីដែលមានស្រាប់ស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក(JBC)នៃភាគីទាំងពីរ។ គឺក្នុងន័យនេះហើយដែលកម្ពុជាបានជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក(JBC)ឱ្យបានឆាប់បំផុតដើម្បីដោះស្រាយបញ្ហានេះ។ ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍(AOT)ចុះទៅកាន់ទីនោះមានគោលបំណងឱ្យពួកគេបានទទួលព័ត៌មានទូលំទូលាយដោយផ្អែកលើការសង្កេតផ្ទាល់អំពីស្ថានភាពនៅតំបន់ព្រំដែននិងបានយល់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងការប្រើប្រាស់យន្តការទ្វេភាគី ដែលមានជាធរមាន ជាពិសេសគឺគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។

ទី២៖ ក្នុងសប្តាហ៍នេះដែរចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងបណ្តាខេត្តភូមិភាគឥសាន (មានខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង) មុននឹងបន្តដំណើរទៅកាន់ខេត្តព្រះវិហារនៅថ្ងៃទី១០ ខែកក្កដា។ សម្តេចតេជោបានសាទរនិងកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនក្នុងបណ្តាខេត្តនីមួយៗ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានណែនាំ និងដាស់តឿនក្រើនរម្លឹកអាជ្ញាធរមូលដ្ឋានក្នុងខេត្តនីមួយៗឱ្យយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗជាច្រើនដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី គ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជន។ សម្តេចតេជោ ហ៊ុន សែន តែងតែក្រើនរម្លឹកឱ្យមន្ត្រីបម្រើប្រជាជនឱ្យបានល្អក្រោមអភិក្រម«មន្ត្រីមិនមែនជាចៅហ្វាយទេ តែជាអ្នកបម្រើប្រជាពលរដ្ឋ»។

នៅខេត្តព្រះវិហារ សម្តេចតេជោបានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នងជូនអតីតយុទ្ធជនដែលជាការចូលរួមឧបត្ថម្ភពីសំណាក់សមាគមអតីតយុទ្ធជននិងនិវត្តជននិងពីសប្បុរសជន និងបន្តរម្លឹកអាជ្ញាធរឱ្យយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព និងត្រូវពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងត្រូវចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។ ត្រូវបន្តរក្សាស្ថិរភាពជាតិ សន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវបង្ក្រាបបទល្មើស ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យាឱ្យបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងភាពសុខសានរបស់ប្រជាពលរដ្ឋ។

ទី៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីបានសម្តែងការសោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់កម្ពុជា កាលពីខែកក្កដានិងខែធ្នូ ឆ្នាំ២០២៥។ ការសោកស្តាយបែបនេះត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រីគូសបញ្ជាក់ក្នុងសារលិខិត ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នាឱកាស «ខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សម្តេចធិបតីបន្តថា ប្រាសាទព្រះវិហារបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំនួន៥៦២កន្លែង ដែលជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែ សម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។

សម្តេចធិបតីក៏បានប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទផ្សេងទៀតនៅតាមបណ្តោយព្រំដែនឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ និងសូមឱ្យស្មារតីនៃប្រាសាទព្រះវិហារបន្តឋិតថេរក្នុងក្រអៅបេះដូងនៃប្រជាជនខ្មែរគ្រប់រូប និងសូមប្រែក្លាយការឈឺចាប់នេះទៅជាការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខ្លួនដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់៕