អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំបើកវគ្គបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយ និងពិធីករ ជូនដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលមានរយ:ពេល២ថ្ងៃ

ដោយមានការគាំទ្រពីឯកឧត្ដមអគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយ និងពិធីករ ជូនដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ក្នុងការិយាល័យវិទ្យុ និង ការិយាល័យទូរទស្សន៍ ដែលធ្វើឡើងរយ:ពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ និង ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និង ចំណេះដឹងដល់គ្រប់ផ្នែកទាំងអស់ ស្របតាមស្តង់ដារ នៃការអភិវឌ្ឍវិស័យព័ត៌មាន ក្នុងដំណាក់កាលប្រព័ន្ធបច្ចេកវិទ្យា៤.០ ។

មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនេះ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ថ្ងៃនេះមន្ទីរព័ត៌មានខេត្តសៀមរាបយើង បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយ និងពិធីករនេះឡើង ជូនដល់មន្ត្រីនៃការិយាល័យវិទ្យុ និងការិយាល័យទូរទស្សន៍ សរុបចំនួន២០នាក់ ក្រោមការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសជំនាញចំនួន០២រូប ដែលមានបទពិសោធន៍លើផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ ជាច្រើនឆ្នាំ ខណ:បច្ចុប្បន្នកំពុងបម្រើការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ ។

លោក លីវ សុខុន មានប្រសាសន៍ទៀតថា នេះជាវគ្គបណ្ដុះបណ្ដាលមួយ ពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់មន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ព្រោះថាកន្លងមក នៅមន្ទីរ ពុំដែលមានវគ្គនេះឡើយ ហើយមន្ត្រីយើងក៏មិនដែលទទួលបានការបណ្ដុះបណ្ដាលជំនាញនេះដែរ ហើយវគ្គនេះដែរ ក៏ស្របទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញ និងលើកទឹកចិត្តឲ្យមានការបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនសមត្ថភាពជំនាញវិជ្ជាជីវ:លើវិស័យព័ត៌មាន ។ ដូច្នេះសង្ឃឹមថា តាមរយ:នៃវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីរបស់យើងនឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ស្របតាមស្តង់ដាវិជ្ជាជីវ:មួយយ៉ាងពិតប្រាកដ ដែលជាស្តង់ដារនៃទូរទស្សន៍ជាតិកម្ពុជា ។

លោកប្រធានមន្ទីរ មានប្រសាសន៍បន្ថែមទៀតថា វគ្គបណ្ដុះបណ្ដាលដែលបានរៀបចំនៅពេលនេះ គឺជាផែន ការសកម្មភាពមួយ ក្នុងចំណោមផែនការសកម្មភាពការងារជាច្រើន របស់មន្ទីរព័ត៌មានខេត្តសៀមរាប សម្រាប់ឆ្នាំ២០២០ ក្នុងនោះ មន្ទីរមានគម្រោងបើកវគ្គសរសេរព័ត៌មានបឋម ដែលនឹងប្រព្រឹត្តទៅនៅចុងខែមីនា និងគ្រោងបើកវគ្គបំប៉នការសរសេរព័ត៌មានមួយទៀត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែមិថុនា ឆ្នាំ២០២០ខាងមុខ ។ ផែនការសកម្មភាពនេះស្របពេលស្ថានការណ៍នៅក្នុងពិភពលោកបច្ចុប្បន្នកំពុងមានការរីកចម្រើនយ៉ាងខ្លាំងលើផ្នែកព័ត៌មានវិទ្យាជាពិសេស នៅប្រទេសកម្ពុជាយើង ដែលបាននឹងកំពុងយកចិត្តទុកដាក់ និង ចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ។

ក្នុងឱកាសនោះដែរ លោក លីវ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដែលរយ:កាលកន្លងមក តែងតែបានបញ្ជូនមន្ត្រីជំនាញបច្ចេទេស មកជួយបង្ហាត់បង្ហាញជំនាញបច្ចេទេសទូរទស្សន៍ដល់មន្ត្រីនៃការិយាល័យទូរទស្សន៍ តាមការស្នើសុំរបស់មន្ទីរ ធ្វើឲ្យដំណើរការផ្សាយរបស់ទូរទស្សន៍ជាតិខេត្តសៀមរាប ប្រព្រឹត្តទៅដោយរលូន និង ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន ។ ជាមួយនោះលោកក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ដែលមានវត្តមាននៅក្នុងវគ្គនេះ សូមឲ្យយកចិត្តទុកដាក់តាមការណែនាំ និង បង្ហាត់បង្ហាញពីគ្រូឧទ្ទេស ជាពិសេសបើមានចម្ងល់ត្រូវតែហ៊ានសួរ ដើម្បីបង្កើននូវចំណេះដឹងខ្លួនឯងផង និងជាមូលដ្ឋានគ្រឹះមួយ យកទៅបំពេញភារ:កិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ឋផលល្អនាពេលខាងមុខ ដើម្បីឲ្យវិស័យព័ត៌មាននៅក្នុងខេត្តសៀមរាប កាន់តែមានការរីកចម្រើន និងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីសំណាក់ប្រជាពលរដ្ឋយើង ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក អ៊ូ សំណាង អនុប្រធាននាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងជាគ្រូឧទ្ទេសនៃវគ្គបណ្ដុះបណ្ដាលនេះ បានសម្ដែងនូវការគាំទ្រចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបាន យកចិត្តដាក់ទុករៀបចំឲ្យមានជាវគ្គបណ្ដុះបណ្ដាលនេះឡើង ព្រោះថានេះជាលើកទីមួយសម្រាប់មន្ទីរព័ត៌មានរាជធានី-ខេត្ត លើផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និងពិធីករ សម្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួន ហើយលោកនឹងបង្ហាត់បង្ហាញឲ្យអស់ពីសមត្ថភាពនូវចំណេះដឹងទាំងអស់ដែលលោកមាន ផ្ទេរជូនដល់សិក្ខាកាមដែលជាមន្ត្រីរួមអាជីពក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ដើម្បីយកទៅបម្រើវិស័យព័ត៌មានឲ្យកាន់តែមានការរីកចម្រើនថែមទៀត លោកសង្ឃឹមថា សិក្ខាកាមយើងទាំអស់គ្នានឹងយកចិត្តទុកដាក់ក្រេបជញ្ជក់នូវចំណេះដឹងទាំងអស់នេះ និងធ្វើការពិភាក្សាគ្នាឲ្យបានកាន់តែផុលផុស ដើម្បីអនាគតយើងធ្វើការប្រកបដោយវិជ្ជាជីវ: ៕ ប្រភពពី ៖ មន្ទីរព័ត៌មានខេត្តសៀមរាប