ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦
…………………………….
ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបឡើងវិញព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ដែលមានដូចតទៅ៖
ទី១៖ តាមសំណើរបស់គណៈកម្មាធិការនយោបាយរបស់ខ្លួន សភាប្រើភាសាបារាំង L’Assemblée parlementaire de la Francophonie (APF) សម័យប្រជុំប្រចាំឆ្នាំលើកទី៥១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអ៊ូនដេ (ប្រទេសកាមឺរូន) បានអនុម័តកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នូវសេចក្តីសម្រេចចិត្តដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេ ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
សភាប្រើភាសាបារាំង (APF) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋស៊ីវិល និងរបាយការណ៍នានាស្តីពីការរំលោភលើបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីនៃប្រទេសកម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលក្នុងនោះទីតាំងមួយចំនួនត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(UNESCO)។ សេចក្តីសម្រេចចិត្តនេះបានកត់សម្គាល់ជាពិសេសនូវ «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងជំនឿសាសនា ព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ»។
សភាប្រើភាសាបារាំង (APF) អំពាវនាវឱ្យមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យ ការចៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបណ្តាលឱ្យមានភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង និងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ សភាប្រើភាសាបារាំង (APF) ក៏បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះទុក្ខវេទនាដែលប្រជាពលរដ្ឋស៊ីវិលបានរងគ្រោះ និងបានរំលឹកថា រាល់ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជា «កេរដំណែលរួមរបស់មនុស្សជាតិ» ជះឥទ្ធិពលអវិជ្ជមានដល់ការរំពឹងទុកនៃសន្តិភាព ប្រកបដោយចីរភាព និងការផ្សះផ្សាគ្នា។
សេចក្តីសម្រេចចិត្តនេះបានទាមទារឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការបន្តកិច្ចសន្ទនារវាងភាគីនានា និងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីតំបន់ជម្លោះ។ សភាប្រើភាសាបារាំង (APF) បញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះព្រំដែន (JBC) និងលើកទឹកចិត្តឱ្យមានការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
ទី២៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) នៃប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន ៦៤៥ គ្រួសារ។
បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក គូសបញ្ជាក់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ទី៣៖ កម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាពរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែងនិងខ័ណ្ឌសីមា នៃគណៈកម្មាការចម្រុះខ័ណ្ឌសីមាព្រំដែនគោក(JBC)ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការទាមទារបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅឯច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ពាក់ព័ន្ធនឹងហេតុការណ៍ការបាញ់និងបង្កការផ្ទុះនៅតាមព្រំដែន ភាគីកម្ពុជាស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ដើម្បីចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។ ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយ ដែលអាចនាំទៅដល់ការបង្កហេតុដូចជា ការបាញ់បោះ ការរាយលួសបន្លា និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម៕