ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនអំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ( UNCLOS ) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ និងជំហរដោះស្រាយបញ្ហាព្រំដែនគោក៖
ទី១៖ យោងតាមសំណើរបស់អ្នកផ្សះផ្សាឯករាជ្យទាំងបួនរូប (ក្នុងនោះ២រូបតែងតាំងដោយភាគីកម្ពុជានិង២រូបទៀតតែងតាំងដោយភាគីថៃ) ដែលបានស្នើសុំពេលវេលាបន្ថែមដើម្បីពិចារណាឱ្យបានហ្មត់ចត់ថា គួរតែងតាំងឥស្សរជនរូបណាជាប្រធានគណៈកម្មការផ្សះផ្សា កម្ពុជានិងថៃ ក៏បានឯកភាពនឹងមតិស្នើសុំនេះ។ ពេលវេលាបន្ថែមដែលស្នើដោយអ្នកផ្សះផ្សាដើម្បីពិចារណាលើការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាមានលក្ខណៈសមរម្យនិងសមស្របទាំងស្រុងដោយយោងលើសារៈសំខាន់នៃការតែងតាំង ក៏ដូចជាដំណើរការផ្សះផ្សាទាំងមូល។ ការស្នើសុំពេលវេលាបន្ថែមនេះមិនប៉ះពាល់ដល់ថេរវេលាកំណត់ ឬជំហាននីតិវិធីណាមួយ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនោះឡើយ។ ការណ៍នេះឆ្លុះបញ្ចាំងពីនីតិវិធីដ៏លំបាកដែលអ្នកផ្សះផ្សាកំពុងអនុវត្ត ដែលយើងសូមថ្លែងអំណរគុណចំពោះភាពហ្មត់ចត់របស់អ្នកផ្សះផ្សាទាំងអស់ និងសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្តចំពោះដំណើរការនេះ។ កម្ពុជាត្រៀមជំរុញទៅមុខជានិច្ចនូវការដោះស្រាយវិវាទដែនសមុទ្រជាមួយប្រទេសថៃដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនសាធារណជនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីភាគីថៃបានសម្រេចលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក។
ក្រោយពីបានពិចារណាយ៉ាងហ្មត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាននិងដែលអាចអនុវត្តទៅបាន រាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា មានតែយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS នេះទេដែលជាជម្រើសល្អបំផុតពីព្រោះយន្តការនេះអនុញ្ញាតឱ្យប្រទេសទាំងពីរបង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយដែលមានសមាជិកជាអ្នកផ្សះផ្សារចំនួន៥រូប ដែលសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី។
ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នកំពូលរបស់ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ អាចនិយាយបានថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សាដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិដើម្បីទទួលបានដំណោះស្រាយមួយត្រឹមត្រូវ យុត្តិធម៌និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។
ទី២៖ ក៏ដូចគ្នាដែរ សម្រាប់ការដោះស្រាយបញ្ហាព្រំដែនគោក៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជាថ្មីថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រមព្រៀងផ្សេងទៀតដែលមានស្រាប់រវាងប្រទេសទាំងពីរ។
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ គឺក្នុងស្មារតីនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាតវ៉ាជំទាស់គ្រប់ចំណុចទាំងអស់ដែលមានការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់កងកម្លាំងថៃ។ ការតវ៉ានេះដើម្បីសបញ្ជាក់ថា បន្លាលួស ទូរកុងតឺន័រ រួមទាំងសកម្មភាពនៅលើដីជាក់ស្តែងផ្សេងទៀតក្នុងតំបន់ដែលភាគីថៃបាននិងកំពុងកាន់កាប់ដោយខុសច្បាប់មិនមែនជាខ្សែព្រំដែនរវាងប្រទេសទាំងពីរនោះឡើយពីព្រោះកម្ពុជានិងថៃមានខ្សែព្រំដែនអន្តរជាតិច្បាស់លាស់រួចហើយដែលគ្មានភាគីណាមួយអាចកែប្រែបានឡើយ៕