ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
…………………….
ក្រោមអភិក្រម «ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល» ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាមិនដែលភ្លេចឡើយក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍តំបន់ និងអន្តរជាតិមកលើទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះ ដោយសារការបំពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ។
ជាក់ស្តែង ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ (SEANWFZ) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសរំលេចប្រាប់អង្គប្រជុំអំពីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលជនភៀសសឹកកម្ពុជាកំពុងរងគ្រោះនៅតាមព្រំដែន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំថា នៅមានជនស៊ីវិលកម្ពុជាច្រើនជាង ២០.០០០នាក់ កំពុងបន្តរស់នៅក្នុងជម្រកបណ្តោះអាសន្ន ក្នុងនោះមានកុមារជាច្រើនមិនអាចវិលចូលសាលារៀនរបស់ពួកគេបាននៅឡើយ ខណៈដែលជនចាស់ជរានិងជនងាយរងគ្រោះផ្សេងទៀតជួបការលំបាកក្នុងការទទួលបានការថែទាំចាំបាច់ឱ្យបានគ្រប់គ្រាន់ បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ ប្រមុខការទូតកម្ពុជា បានអំពាវនាវដល់សហការីអាស៊ានឱ្យគាំទ្រចំពោះការអំពាវនាវឱ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ការទូតសកម្មរបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជននៅលើឆាកតំបន់ និងអន្តរជាតិ បានធ្វើឱ្យពិភពលោកបានដឹងលឺពីភាពរងគ្រោះរបស់កម្ពុជាពីការរំលោភបំពានលើបូរណភាពទឹកដី និងផលប៉ះពាល់លើជនស៊ីវិលកម្ពុជា។ ជាក់ស្តែង សភានៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (APF) កាលពីថ្ងៃទី១១ ខែកក្កដា បានចេញសេចក្តីសម្រេចមួយដោយបញ្ជាក់ឡើងវិញពីការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

សភាប្រើភាសាបារាំង (APF) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋស៊ីវិល និងរបាយការណ៍នានាស្តីពីការរំលោភលើបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីនៃប្រទេសកម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលក្នុងនោះទីតាំងមួយចំនួនត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។ សេចក្តីសម្រេចចិត្តនេះបានកត់សម្គាល់ជាពិសេសនូវ «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងជំនឿសាសនាព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ»។
សភាប្រើភាសាបារាំង (APF) អំពាវនាវឱ្យមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា ការចៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបណ្តាលឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង និងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ សភាប្រើភាសាបារាំង (APF) ក៏បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះទុក្ខវេទនាដែលប្រជាពលរដ្ឋស៊ីវិលបានរងគ្រោះ ដោយរំលឹកថា រាល់ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ដែលជា «កេរដំណែលរួមរបស់មនុស្សជាតិ» ជះឥទ្ធិពលអវិជ្ជមានដល់ការរំពឹងទុកនៃសន្តិភាពប្រកបដោយចីរភាព និងការផ្សះផ្សាគ្នា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយតាមរយៈការប្រើកម្លាំងនោះឡើយ និងសូមបញ្ជាក់ថា បន្លាលួស និងទូរកុងតឺន័រ ឬសំណង់ខុសច្បាប់ផ្សេងទៀតមិនអាចជំនួសខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរបានជាដាច់ខាត៕