បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦

…………………….

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបឡើងវិញព្រឹត្តិការណ៍សំខាន់ៗ ប្រចាំសប្តាហ៍ ពាក់ព័ន្ធនឹង កិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖

ទី១៖ កម្ពុជាបានអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត ហើយត្រូវដោះស្រាយបញ្ហាព្រំដែនដោយសុច្ឆន្ទៈទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងប្រទេសទាំងពីរ គឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ អះអាងផ្ទុយពីការពិតទាំងស្រុងថា កម្ពុជាបាន “បិទទ្វារ” ចរចាព្រំដែនគោក ដោយសារកម្ពុជាបានប្រកាសដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

កម្ពុជាសូមបញ្ជាក់ថា គឺប្រទេសថៃទេដែលបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ដែលបានព្រមព្រៀងគ្នាដើម្បីដោះស្រាយវិវាទក្នុងដែនសមុទ្រ បើទោះបីជាកម្ពុជាបានស្នើសុំឱ្យរក្សាទុកកិច្ចព្រមព្រៀងនេះយ៉ាងណាក៏ដោយ។ ម្យ៉ាងទៀត ថ្នាក់ដឹកនាំថៃខ្លួនឯងក៏ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនក៏យល់ព្រមប្រើប្រាស់ យន្តការផ្សះផ្សាដោយបង្ខំក្រោមក្របខណ្ឌ UNCLOS  ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដែរ ប៉ុន្តែពេលនេះថៃបែរជាងាកមកតវ៉ាមិនចង់ឱ្យកម្ពុជាប្រើយន្តការនេះទៅវិញ។ ចំណែកឯការកំណត់ខ័ណ្ឌសីមាព្រំដែនគោកតាមរយៈគណៈកម្មការJBC ត្រូវបានប្រទេសទាំងពីរព្រមព្រៀងគ្នារួចហើយតាមអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងបានបញ្ជាក់ជាថ្មីឡើងវិញនៅក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ទី២៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសរំលេចប្រាប់អង្គប្រជុំអំពីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលជនភៀសសឹកកម្ពុជាកំពុងរងគ្រោះនៅតាមព្រំដែន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំថា នៅមានជនស៊ីវិលកម្ពុជាច្រើនជាង ២០.០០០នាក់ កំពុងបន្តរស់នៅក្នុងជម្រកបណ្តោះអាសន្ន ក្នុងនោះមានកុមារជាច្រើនមិនអាចវិលចូលសាលារៀនរបស់ពួកគេបាននៅឡើយ ខណៈដែលជនចាស់ជរានិងជនងាយរងគ្រោះផ្សេងទៀតជួបការលំបាកក្នុងការទទួលបានការថែទាំចាំបាច់ឱ្យបានគ្រប់គ្រាន់ បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ ប្រមុខការទូតកម្ពុជា បានអំពាវនាវដល់សហការីអាស៊ានឱ្យគាំទ្រចំពោះការរអំពាវនាវឱ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ទី៣៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀតចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលនៅចន្លោះថ្ងៃទី១៣ ដល់១៥ ខែកក្កដា ឆ្នាំ២០២៦ បានឈូសឆាយដីធ្វើផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរំលោភចូលជ្រៅទៅក្នុងទឹកដីកម្ពុជា។បន្ទាប់មក នៅចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានបន្តឈូសឆាយដីធ្វើផ្លូវ និងរាយបន្លាលួស នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដូចដែលបានកំណត់តាមផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ , រំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក(MoU ឆ្នាំ២០០០) និងសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ(JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។

ទី៤៖ ក្នុងសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសីល្បៈ បានជម្រាបជូនអង្គប្រជុំថា រចនាសម្ព័ន្ធប្រាសាទព្រះវិហារ បានរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារកាលពីខែកក្កដា ឆ្នាំ២០២៥ ខណៈដែលសហគមន៍មូលដ្ឋានដែលបានបង្ខំចិត្តផ្លាស់ទីលំនៅ ក៏នៅតែមិនទាន់អាចចូលទៅកាន់ទីកន្លែងដើមវិញនៅឡើយទេ។

គណៈប្រតិភូកម្ពុជា ក៏បានទាក់ទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការចំពោះការបន្តមានវត្តមានរបស់កងកម្លាំងយោធាថៃនៅតំបន់ជុំវិញ ក្បែរប្រាសាទព្រះវិហារ ព្រមទាំងសកម្មភាពឯកតោភាគីដទៃទៀតដើម្បីបង្កើតស្ថានភាពជាក់ស្តែង (fait accompli) នៅលើដី ដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា និងបង្កហានិភ័យនៃការខូចខាតបន្ថែមទៀត។ ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យប្រទេសថៃគោរពច្បាប់អន្តរជាតិ និងងាកមករកដំណោះស្រាយដោយបញ្ហាព្រំដែនសន្តិវិធី តាមរយៈយន្តការ JBC ស្របតាមសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងបញ្ជាក់ថា សោកនាដកម្មដែលបាន កើតឡើងចំពោះប្រាសាទព្រះវិហារ គឺជាការរំលឹកដល់សហគមន៍អន្តរជាតិថា ការការពារបេតិកភណ្ឌពិភពលោក គឺជាការការពារសន្តិភាព កិច្ចសន្ទនា និងការទទួលខុសត្រូវរួមរបស់មនុស្សជាតិ៕

សូមអរគុណ!