សម្តេចធិបតី៖ កម្មសិទ្ធិស្របច្បាប់លើដីធ្លី គឺជា «មូលដ្ឋាននៃជីវិត» ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនបងប្អូនជនរួមជាតិអំពីសមិទ្ធផលដ៏សំខាន់មួយដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបានក្នុងវិស័យដីធ្លី ដែលជាការផ្តល់ជូនប្រជាពលរដ្ឋនូវ «មូលដ្ឋាននៃជីវិត» ដ៏រឹងមាំ៖

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអបអរសាទរជូនចំពោះប្រជាពលរដ្ឋខេត្តកណ្តាល ដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ ព្រមទាំងបានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នាជំរុញការងារវាស់វែង និងចុះបញ្ជីដីធ្លីក្នុងខេត្តកណ្តាលឱ្យបានចប់ជាស្ថាពរ។

ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីបញ្ចប់ការងារវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។ គិតមកដល់ពេលនេះ ក្រសួងបានវាស់វែងក្បាលដីបន្ថែមចំនួន ៦,៣ លានក្បាលដី ដែលនាំឱ្យការវាស់វែងក្បាលដីសរុបកើនដល់ជិត១៤ លានក្បាលដី។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានចេញបណ្ណបន្ថែមចំនួន ២,៦ លានបណ្ណ (សរុបជិត១០លានបណ្ណ) និងបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបជិត៩លានបណ្ណ ស្មើនឹង ៨៦% នៃក្បាលដីដែលបានបិទផ្សាយរួច។ សូមបញ្ជាក់ជូនថា ក្នុងវិស័យដីធ្លី រាជរដ្ឋាភិបាលបានកំណត់ទិសដៅជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ក្នុងឆ្នាំ២០២៦នេះ និងបញ្ចប់ការចែកបណ្ណក្នុងឆ្នាំ២០២៧។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុសាសន៍ឱ្យបន្តរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែង ការអនុវត្ត «ទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល» ព្រមទាំងការបង្កើតរបៀងសេដ្ឋកិច្ច។ សម្រាប់ខេត្តកណ្តាល សម្តេចធិបតី បានគាំទ្រចក្ខុវិស័យក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជា «ខ្សែក្រវាត់គាំទ្រសន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ភស្តុភារកម្ម ស្បៀង និងលំនៅឋាន»ដ៏រឹងមាំមួយរបស់រាជរដ្ឋាភិបាល និងបានអំពាវនាវឱ្យប្រជាពលរដ្ឋខិតខំប្រើប្រាស់ដីឱ្យអស់សក្តានុពល។

សម្តេចធិបតី បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាកកស្ទះការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ រាជរដ្ឋាភិបាលបានដាក់ចេញនូវដំណោះស្រាយចំនួន៨ចំណុច រួមមាន៖

១. ជំរុញការរៀបចំប្រព័ន្ធ Centralized Database Management System ឱ្យបានឆាប់ដើម្បីចែករំលែកទិន្នន័យតាមរយៈប្រព័ន្ធអក្សូឡស៊ី (API) មកអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីងាយស្រួលនិងមានភាពប្រទាក់ក្រឡាក្នុងការដំណើរការឯកសារនីមួយៗឱ្យបានឆាប់។

២. រដ្ឋបាលសុរិយោដីត្រូវជំរុញ និងពន្លឿនដំណើរការចុះបញ្ជីឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព តាមរយៈការជូនដំណឹង ឬទំនាក់ទំនងផ្ទាល់ទៅម្ចាស់អចលនទ្រព្យនិងជំរុញឱ្យពួកគេមកបំពេញនីតិវិធីឱ្យបានឆាប់រហ័ស។

៣. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយនិងផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋនិងធនាគារអាចផ្លាស់ប្តូរបណ្ណ ឬឯកសារដែលជាប់បន្ទុកមកដកយកបណ្ណកម្មសិទ្ធិដើម្បីបន្តសុពលភាពឯកសារធានាកម្ចីបាន ជាជាងទុកឱ្យមានការកកស្ទះនៅរដ្ឋបាលសុរិយោដី។

៤. ផ្តល់ការអនុគ្រោះដោយព្យួរការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រាដែលត្រូវទទួលរងពិន័យស្មើនឹង ១០០% នៃប្រាក់ពន្ធដែលត្រូវបង់រហូតដល់ដំណាច់ឆ្នាំ២០២៧។

៥. ពន្យារសុពលភាពនៃសេចក្តីជូនដំណឹង លេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយ រហូតដល់ចុងខែកក្កដា ឆ្នាំ២០២៦។

៦. អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រានិងពន្ធលើអចលនទ្រព្យចំពោះសំណង់ ដោយចាប់ផ្តើមពីឆ្នាំសាងសង់ជាក់ស្តែងដែលមានលិខិតអនុញ្ញាតសាងសង់ ឬមានការបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាជាងការកំណត់ចាប់ពីពេលផ្ទេរសិទ្ធិដំបូងដែលអចលនទ្រព្យពុំទាន់មានសំណង់នៅឡើយ ឱ្យតែមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានច្បាស់លាស់។

៧. ឯកភាពឱ្យពិនិត្យពិចារណាលទ្ធភាពពន្យារការអនុវត្តកម្រៃសេវាស្របតាមប្រកាសអន្តរក្រសួងលេខ ១៨៦ សហវ.ប្រក.អទច ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឬផ្តល់ការសម្រួលកម្រៃសេវាសុរិយោដីក្នុងកម្រិតទាបណាមួយដើម្បីប្រជាពលរដ្ឋ មានលទ្ធភាពក្នុងការបង់និងអាចបន្តដំណើរការនីតិវិធីក្នុងការទទួលបានបណ្ណកម្មសិទ្ធិ។

៨. អនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន ដែលបានចូលរួមក្នុងសមរភូមិជួរមុខ និងដោយមានការបញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចពីអង្គភាពសាម៉ីថា ពិតជាបានចូលរួមបម្រើការងារនៅសមរភូមិជួរមុខពិតមែន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្មសិទ្ធិស្របច្បាប់លើដីធ្លី គឺជា«មូលដ្ឋាននៃជីវិត» ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែ ជាមូលដ្ឋាននៃជម្រក មូលដ្ឋាននៃអាជីវកម្ម មូលដ្ឋាននៃការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។ ការបញ្ចប់ភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី គឺជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី ការស្នើសុំឥណទានផ្លូវការ ការប្រកបអាជីវកម្មគ្រួសារ និងការទាក់ទាញការវិនិយោគ។ នេះគឺជាសមិទ្ធផលដ៏ធំធេងមួយដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រេចបាន និងផ្តល់ផលប្រយោជន៍ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជន៕

សូមអរគុណ!