ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
…………………………….
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាជនភៀសសឹក ដោយសារការឈ្លានពានរបស់ថៃ ដូចតទៅ៖
ទី១. ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា(ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចបង្គោលព្រំដែនលេខ 37 (បង្គោលឯកភាព) ស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ការសម្របសម្រួលឱ្យមានដំណើរបេសកកម្មចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងឱ្យបានទូលំទូលាយដោយផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅតំបន់ព្រំដែន និងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ដោយប្រើប្រាស់យន្តការទ្វេភាគី និងកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមច្បាប់អន្តរជាតិ។
បន្ទាប់មក ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក៏បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលនៅទីនោះមានប្រជាពលរដ្ឋស៊ីវិលភៀសសឹកចំនួនជាង ១ ៨០០ គ្រួសារ ស្មើនឹងជាង ៨ ៧០០ នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ ដោយពួកគេបានរាយបន្លាលួស ទូកុងតឺន័រ និងបានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។ ស្ថានភាពនេះសបញ្ជាក់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះ JBC កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់អន្តរជាតិ។
សូមបញ្ជាក់ថា កម្ពុជាផ្តល់តម្លៃខ្ពស់ដល់អាណត្តិការងារនិងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលជាយន្តការផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់ និងការគោរពរាល់ចំណុចទាំងអស់ដែលបានព្រមព្រៀងគ្នាស្របតាមសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងការចុះទៅដល់ព្រំដែនពីសំណាក់អង្គទូត តំណាងអង្គការអន្តរជាតិ អ្នកសារព័ត៌មានបរទេស ក៏ដូចជាជនបរទេសដែលមានឥទ្ធិពលលើបណ្តាញសង្គមពិភពលោកបានមើលឃើញយ៉ាងច្បាស់ពីអំពើឈ្លានពានរបស់កងកម្លាំងថៃមកលើបូរណភាពទឹកដីកម្ពុជា ដែលបណ្តាលឱ្យមានជនភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀតមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ នេះជាការរំលោភសិទ្ធិពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ និងរំលោភច្បាប់អន្តរជាតិ ដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។
ទី២. ទន្ទឹមនឹងការសម្របសម្រួលអ្នកសង្កេតការណ៍អាស៊ាន និងដំណើរទស្សនកិច្ចផ្សេងទៀតទៅកាន់តំបន់ព្រំដែន រាជរដ្ឋាភិបាលបាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មទាំងក្នុងកម្រិតតំបន់ និងលើឆាកអន្តរជាតិ។ ជាក់ស្តែង ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី៣ និងទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសម្តែងការគួរសមចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នៅទីក្រុងកូឡាឡំាពួរ។ ក្នុងជំនួបនោះ ក្រៅពីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីស៊ីជម្រៅរវាងកម្ពុជានិងម៉ាឡេស៊ី ប្រធានបទស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ជារបៀបវារៈដ៏សំខាន់មួយដែរ។
ប្រមុខការទូតកម្ពុជាបានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ប្រកបដោយន័យស្ថាបនា និងដោយសន្តិវិធី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងទូលំទូលាយអំពីស្ថានការណ៍វិវត្តន៍ក្នុងតំបន់ និងអន្តរជាតិ រួមទាំងជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់ឡើងវិញពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
សូមរម្លឹកថា ក្រោមកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងសកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងដោយមានការជួយជ្រោមជ្រែងយ៉ាងសកម្មពីប្រទេសជាមិត្តជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ី កិច្ចព្រមព្រៀងឈប់បាញ់លើកទី១ ត្រូវបានចុះហត្ថលេខានៅទីក្រុងពត្រាចាយ៉ា និងចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ បន្ទាប់មក សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពក៏ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡំាពួរ ដោយមានវត្តមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។
ទោះជាយ៉ាងនេះក្តី ថៃបានបំពានកិច្ចព្រមព្រៀងទាំងពីរដោយបានបើកការវាយប្រហារមកលើកម្ពុជាជាលើកទី២ នៅថ្ងៃទី៧ ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបទឈប់បាញ់លើកទី២ចូលជាធរមាន។ រហូតដល់ពេលនេះ កងយោធាថៃកំពុងបន្តកាន់កាប់ដោយខុសច្បាប់ទឹកដីកម្ពុជាមួយចំនួនតាមបណ្តោយព្រំដែន និងបានរារាំងពលរដ្ឋស្លូតត្រង់ខ្មែរជាង២ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយ។ អំពើឈ្លានបានទឹកដី និងការរំលោភសិទ្ធិជនភៀសសឹកបែបនេះ ផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិ ហើយដែលសហគមន៍អន្តរជាតិ ក៏ដូចជាសារព័ត៌មានបរទេសល្បីៗ កំពុងលើកមកនិយាយយ៉ាងកងរំពង។
អាស្រ័យហេតុនេះ សូមជនរួមជាតិជ្រាប និងសូមបន្តរក្សាកម្លាំងមហាសាមគ្គីជាតិឱ្យរឹងមាំជាមួយរាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខដើម្បីការពារទឹកដី និងការពារសិទ្ធិពលរដ្ឋភៀសសឹក ស្របតាមច្បាប់អន្តរជាតិ៕
សូមអរគុណ!