ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ យុវជន ជនភៀសសឹក និងចំពោះវីរយុទ្ធជនជួរមុខដ៏អង់អាចក្លាហាន៖
ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យយុវជនពង្រឹងសមត្ថភាព និងត្រូវមានចំណេះជំនាញពិតប្រាកដក្នុងជីវិតប្រកបដោយវិន័យ និងការទទួលខុសត្រូវ និងនវានុវត្តន៍។ សម្តេចសង្កត់ធ្ងន់ថា ការរៀនសូត្រមិនមែនត្រឹមតែដើម្បីទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសមត្ថភាព បំណិនជីវិត និងឥរិយាបថទន់ភ្លន់ បត់បែន និងចេះដោះស្រាយបញ្ហាចំពោះមុខ។ ការលើកឡើងពីបញ្ហានេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ។
អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺដើម្បីតម្រង់ទិសយុវជនឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តល់អាទិភាពសំខាន់ដល់ការអភិវឌ្ឍមូលធនមនុស្ស ដែលមានចំណេះជំនាញច្បាស់លាស់យ៉ាងតិចមួយក្នុងជីវិត មានទាំងជំនាញទន់ សីលធម៌ល្អ សុខភាពមាំមួន និងមានស្មារតីនិងមនសិការស្នេហាជាតិពិតប្រាកដ។ ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានចែករម្លែកបទពិសោធផ្ទាល់ខ្លួនជាច្រើនដែលសម្តេចបានឆ្លងកាត់ដើម្បីជាជំនួយស្មារតីសម្រាប់យុវជនជំនាន់ក្រោយយកទៅប្រើប្រាស់ដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលពោរពេញដោយចំណេះដឹង សមត្ថភាព បំណិន និងឥរិយាបថសមស្របក្នុងយុគសម័យបច្ចេកវិទ្យា។
ទី២. យោងតាមប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានសម្រេច៖
-ផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរងពិន័យស្មើនឹង ១០០ ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់ចំពោះដីកាអម ឬដីកាបញ្ជូនហួសរយៈពេល ៣ខែ នៃកាលបរិច្ឆេទដែលចេញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត រហូតដល់ដំណាច់ឆ្នាំ២០២៧។
-អនុញ្ញាតពន្យារសុពលភាពនៃសេចក្តីជូនដំណឹងលេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយ ចំពោះករណីអចលនទ្រព្យដែលមានសាវតារផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនដង ត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦។
-អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រានិងពន្ធលើអចលនទ្រព្យលើសំណង់ចុងក្រោយ ដោយគ្រាន់តែមានលិខិតអនុញ្ញាតសាងសង់ឬមានការបញ្ជាក់ពីសំណង់ដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធលើកាលបរិច្ឆេទសាងសង់។
-លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណនិងតួនាទីភារកិច្ចពីអង្គភាពសាមី។
សូមបញ្ជាក់ជូនថា ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិដែលចូលរួមក្នុងសមរភូមិជួរមុខ គឺជាការផ្តល់ជូនថ្មីមួយទៀតបន្ថែមពីលើការផ្តល់ជូនជាច្រើនដែលរាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានធ្វើរួចហើយសម្រាប់គ្រួសារវីរយុទ្ធជនជួរមុខ គ្រួសារវីរយុទ្ធជនពលី អតីតយុទ្ធជន ក៏ដូចជាជនភៀសសឹក។ ជាក់ស្តែង ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការដោះស្រាយបំណុល ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលី និងគោលនយោបាយផ្សេងទៀតដែលមានផលប្រយោជន៍សម្រាប់វីរយុទ្ធជនដ៏អង់អាចក្លាហានដើម្បីជាការដឹងគុណចំពោះវីរភាពនិងការលះបង់របស់ពួកគេដើម្បីជាតិ មាតុភូមិ និងប្រជាជាន។
សម្រាប់ប្រជាពលរដ្ឋភៀសសឹក រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ក្នុងការស្តាជីវភាពរបស់ពួកគេឡើងវិញ ដោយយកចិត្តទុកដាក់ទាំងលើសន្តិសុខ សុវត្ថិភាព និងសុខុមាលភាព។ ចំពោះពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារការរារាំងពីកងកម្លាំងយោធាថៃ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារសិទ្ធិរបស់ពួកគេស្របតាមច្បាប់អន្តរជាតិសំដៅធ្វើយ៉ាងណាឱ្យជនភៀសសឹកទាំងអស់បានវិលត្រឡប់ទៅផ្ទះវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្រោមក្រសែភ្នែកយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ៕
សូមអរគុណ!