បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦

……………………….

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមសង្ខេបឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ដែលមានដូចតទៅ៖

ទី១. លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍ក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំងពេលបានឃើញទិដ្ឋភាពជនភៀសសឹកកម្ពុជានៅតាមព្រំដែន។ លោកបានទទួលព័ត៌មានពីជនរងគ្រោះផ្ទាល់ដែលរៀបរាប់ពីការទម្លាក់គ្រាប់ បែកនិងអារម្មណ៍ខ្លោចផ្សារបស់ពួកគេពេលឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវបានគ្រឿងចក្រឈូសឆាយបំផ្លាញរាបដល់ដី។ លោកក៏បានឃើញរបាំងបន្លាលួស និងទូរកុងតឺន័រ ដែលយោធាថៃបានដាក់រារាំងមិនឱ្យជនភៀសសឹកវិលទៅផ្ទះសម្បែងពួកគេវិញ និងបានឃើញផ្ទះដែលមានស្នាមធ្លុះធ្លាយដោយសារគ្រាប់កាំភ្លើង ឃ្លាំងស្តុកទំនិញដែលខូចខាត និងក៏បានឃើញគ្រាប់ផ្លោងមិនទាន់ផ្ទុះទៀតផង។

អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបញ្ជាក់ថា យោងតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ និងប្រកបមុខរបរចិញ្ចឹមជីវិតដោយសុវត្ថិភាពនិងគ្មានការរារាំង ហើយចំណុចនេះក៏មានចែងក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជានិងថៃដែរ។ ដូច្នេះ វាជាការចាំបាច់ណាស់ដែលប្រទេសថៃនិងកម្ពុជា ត្រូវធ្វើការរួមគ្នាដើម្បីពន្លឿនការវិលត្រឡប់ទៅផ្ទះវិញជូនប្រជាពលរដ្ឋទាំងនោះពីព្រោះពួកគេត្រូវការវិលត្រឡប់ទៅផ្ទះវិញ ហើយពួកគេស័ក្តិសមនឹងវិលត្រឡប់ទៅផ្ទះរបស់ខ្លួនឯងវិញបាន។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមរយៈអ្នកនាំពាក្យបានគូសបញ្ជាក់ថា តួលេខនៃពលរដ្ឋភៀសសឹកសរុបចំនួនប្រមាណ ៦៥ម៉ឺននាក់ ក្នុងនោះជាង ២ម៉ឺននាក់មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយ ដែលរំលេចនៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស គឺស្របគ្នានឹងតួលេខដែលចងក្រងដោយភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអង្គការមនុស្សធម៌នានា ដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ព្រំដែន រួមទាំងកម្មវិធីផ្តល់ស្បៀងអាហារនិងជម្រក ដែលកំពុងតែដំណើរការនាពេលបច្ចុប្បន្ន។

កម្ពុជា សូមស្វាគមន៍ចំពោះការបន្តផ្ទៀងផ្ទាត់ដោយឯករាជ្យពីសំណាក់ភ្នាក់ងារពាក់ព័ន្ធ និងស្ថានបេសកកម្មការទូតនានា ហើយត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចបន្ថែមទៀតទៅកាន់តំបន់ដែលរងផលប៉ះពាល់ទាំងនោះ។ កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការអនុវត្តសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះចំណុចទី៤បញ្ជាក់ថា កម្ពុជានិងថៃ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលនៅតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅធម្មតាឡើងវិញឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

កម្ពុជា អំពាវនាវឱ្យអនុវត្តជាបន្ទាន់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារទាំងស្រុងនៃការឯកភាពគ្នានេះ តាមរយៈការចាប់ផ្តើមឡើងវិញឱ្យបានឆាប់បំផុតនូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ដើម្បីឱ្យជនភៀសសឹកគ្រប់រូបអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ។ កម្ពុជានឹងបន្តចូលរួមជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើគ្រប់បញ្ហាដែលលើកឡើងដោយអ្នករាយការណ៍ពិសេស និងទន្ទឹងរង់ចាំកិច្ចពិភាក្សាពេញលេញនិងប្រកបដោយស្ថាបនាអំពីស្ថានភាពនេះ ក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. នាពេលខាងមុខ។

ទី២. ក្នុងសប្តាហ៍នេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  បានអញ្ជើញប្រគល់ផ្ទះថ្មី៩ខ្នងទៀត ក្នុងនោះនៅខេត្តកណ្តាល៣ខ្នង និងខេត្តតាកែវ៦ខ្នង ដែលជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី។ លើសពីនេះ អំណោយជាច្រើនទៀត មានដូចជា ថវិកា ស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងសម្ភារៈចាំបាច់ផ្សេងៗមួយចំនួនទៀត ក៏ត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពទាំងនោះដែរ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ដើម្បីជាការតបស្នង ចំពោះការលះបង់ដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការដោះស្រាយបំណុល ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។

ទី៣. ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ37 (បង្គោលឯកភាព), តំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានជនភៀសសឹកជិត៩ពាន់នាក់មិនទាន់អាចវិលត្រឡប់ទៅភូមិដ្ឋានវិញបាននៅឡើយ។ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ក៏បានទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 និងគ្រាប់ផ្លោងធុន១៥៥មីលីម៉ែត្រ ជាច្រើនគ្រាប់ ដោយបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន។ ការសម្របសម្រួលឱ្យមានដំណើរបេសកកម្មចុះសង្កេតការណ៍នៅទីតាំងទាំងនោះ និងជាបន្តបន្ទាប់ មានគោលបំណងដើម្បីឱ្យអ្នកសង្កេតការណ៍អាស៊ានបានឃើញច្បាស់ តាមរយៈការចុះសង្កេតផ្ទាល់ អំពីស្ថានភាពពិតនៅតំបន់ព្រំដែន។

សរុបមកវិញ សំឡេងនិយាយការពិតពីបញ្ហាព្រំដែនកម្ពុជា-ថៃ ពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ពីការរំលោភសិទ្ធិជនភៀសឹកកម្ពុជា ក៏ដូចជារំលោភច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃ កាន់តែលាន់លឺខ្លាំងឡើងៗ ខណៈដែលការងារការទូតរបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសិទ្ធិជនភៀសសឹក  មានសភាពកាន់តែសកម្មឡើងជាលំដាប់ ទាំងនៅលើវេទិកាតំបន់ ក៏ដូចជា លើឆាកអន្តរជាតិ៕