បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

…………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូននូវព័ត៌មានសំខាន់ៗដូចតទៅ៖

ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងដឹងគុណចំពោះវីរកងទ័ពជួរមុខដែលកំពុងឈរការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។ ទន្ទឹមនឹងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលតាមរយៈការបោះឆ្នោតគាំទ្រដែលផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជារៀងរហូតមក។ ការបញ្ជាក់បែបនេះបានធ្វើឡើងនាឱកាសដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលជាច្រើនក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

សម្តេចធិបតី ក៏បានរម្លឹកពីគុណតម្លៃសន្តិភាពដែលរកបានដោយលំបាកតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបង្កើតបានជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេស ការទាក់ទាញការវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗយ៉ាងលឿនរហ័ស។ សន្តិភាពក៏បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានឱកាសផ្តល់អាទិភាពដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅប៉ែកឥសាន ដើម្បីកាត់បន្ថយគម្លាតរវាងភូមិភាគឥសាន និងភូមិភាគកណ្តាលនៃប្រទេស និងការតភ្ជាប់ភូមិភាគឥសាន និងរាជធានីភ្នំពេញ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងបណ្តាញទូរគមនាគមន៍ ជាដើម។

ទី២. ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅមណ្ឌលសុខភាពតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ មណ្ឌលសុខភាពនេះដែលជាទីតាំងផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ បានរងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ការបាញ់គ្រាប់ផ្លោងប្រភេទ១៥៥ មីលីម៉ែត្រ គ្រាប់បែកចង្កោមនិងដ្រូនរបស់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យមណ្ឌលសុខភាពនេះនិងហេដ្ឋារចនាសម្ព័ន្ធជុំវិញរងការបំផ្លិចបំផ្លាញនិងខូចខាតយ៉ាងដំណំ។

នេះជាដំណើរបេសកកម្មថ្មីមួយទៀតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបន្ទាប់ពីការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍យ៉ាងសកម្មនៅទីតាំងជាច្រើនតាមបណ្តោយព្រំដែន ជាពិសេសទីតាំងស៊ីវិល និងប្រជាពលរដ្ឋភៀសសឹក ដែលជាភស្តុតាងនៃការរំលោភបំពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដី និងរំលោភសិទ្ធិប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាពីសំណាក់កងកម្លាំងយោធាថៃ។ បេសកកម្មសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាពិតជាមានសារៈសំខាន់ណាស់ ពីព្រោះពួកគេ គឺជាសាក្សីផ្ទាល់ភ្នែកដែលបានឃើញស្ថានភាពជាក់ស្តែង ជាពិសេសការរំលោភបទឈប់បាញ់ ការរាយបន្លាលួស ទូរកុងតឺន័រ ការបំផ្លិចបំផ្លាញផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន និងបានរារាំងពលរដ្ឋភៀសសឹកកម្ពុជាប្រមាណ២ម៉ឺននាក់ទៀតមិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាននៅឡើយ។

សូមបញ្ជាក់ថា យន្តការអ្នកសង្កេតការណ៍អាស៊ានត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ តាមរយៈសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ជាសាក្សី។ ជាក់ស្តែង ចំណុចទី៣នៃសេចក្តីថ្លែងការណ៍រួមនេះចែងថា៖«យើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោងស្តីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ដែលមានសមាសភាពជាបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាន និងមានគោលបំណងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។ យើងសូមអំពាវនាវដល់រដ្ឋសមាជិកអាស៊ានឱ្យផ្តល់ការគាំទ្រសមស្របដើម្បីធានាថា AOT អាចសម្រេចគោលបំណងរបស់ខ្លួនបានដោយជោគជ័យ»។

បន្ទាប់មក ការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏មានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាក់ស្តែង ចំណុចទី១២ ក្នុងយន្តការសម្រាប់ការអនុវត្ត និងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹងចែងថា៖ «ភាគីទាំងពីរទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍នេះ ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមរម្លឹកជូនជនរួមជាតិជ្រាបថា ក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៥ ម៉ាឡេស៊ី បានខិតខំសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ យ៉ាងសកម្មដោយសម្រេចបានលទ្ធផលធំៗជាច្រើន ក្នុងនោះមានដូចជា កិច្ចព្រមព្រៀងឈប់បាញ់ពីរលើក និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡំាពួរ ក្រោមការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីសហរដ្ឋអាម៉េរិកនិងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ម៉ាឡេស៊ីក៏បានសម្របសម្រួលបញ្ហាជាច្រើនទៀតដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ ប្រទេសហ្វីលីពីន ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ក៏បានប្តេជ្ញាដើរតួនាទីសម្របសម្រួលដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រូវបានគោរពយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាស៊ាន និងការបន្តយកចិត្តទុកដាក់ខ្ពស់លើការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ៕

សូមអរគុណ!