បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦

…………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូននូវព័ត៌មានសំខាន់ៗមួយចំនួនដូចតទៅ៖

ទី១. នៅទីបំផុត អ្នកផ្សះផ្សាទាំងបួនរូបបានសម្រេចតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ(UNCLOS) ហើយ។ នេះបើយោងតាមការប្រកាសឱ្យដឹងរបស់តុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ កម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានស្វាគមន៍ចំពោះការតែងតាំងនេះ និងសូមថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ ហើយនឹងចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងទៀត។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់ដែលបានអនុវត្តយ៉ាងម៉ត់ចត់បំផុតនូវដំណើរការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សា។

នេះជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សាដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា ហើយកម្ពុជាជឿជាក់ថា ដំណើរការផ្សះផ្សានឹងផ្តល់នូវឱកាសសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែនសមុទ្រ ក៏ដូចជាឱកាសក្នុងការអភិវឌ្ឍធនធានប្រេងនិងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ ការសម្រេចបាននូវវឌ្ឍនភាពនៃបញ្ហាទាំងពីរនេះ កើតឡើងក្នុងខណៈពេលដែលសន្តិសុខថាមពលក្នុងតំបន់កំពុងចោទជាបញ្ហា។

រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងបន្តផ្តល់នូវទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS។ គណៈកម្មការផ្សះផ្សានេះ មានសមាសភាពអ្នកផ្សះផ្សាឯករាជ្យចំនួនប្រាំរូប ក្នុងនោះ កម្ពុជាបានតែងតាំង២រូប (ឯកអគ្គរដ្ឋទូត Peter Taksøe-Jensen និងសាស្ត្រាចារ្យ Jean-Marc Thouvenin) ថៃបានតែងតាំង២រូប (ចៅក្រម Rudiger Wolfrum និង Albert Hoffmann)។ បន្ទាប់មក អ្នកផ្សះផ្សាទាំងបួនរូបបានតែងតាំង លោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដោយមានការពិគ្រោះយោបល់ជាមួយគូភាគីទាំងសងខាង។ ដោយសារពេលនេះ គណៈកម្មការផ្សះផ្សាត្រូវបានរៀបចំរួចរាល់ ដូច្នេះដំណើរការផ្សះផ្សាត្រូវគេរំពឹងថា នឹងបន្តការងារទៅមុខតាមរយៈការកោះប្រជុំជាលើកដំបូង ស្តីពី នីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ទី២. សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានផ្ញើសារទៅកាន់ស្ថាប័នជាតិនានានិងប្រជាពលរដ្ឋ ឱ្យបន្តពង្រឹងអំណាចតួនាទីស្ត្រីក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ពីព្រោះថា ស្ត្រីក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សម្ដេចបានសង្កត់ធ្ងន់ថា ការពង្រឹងអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចមានន័យស្មើនឹងការពង្រឹងអំណាចស្រ្ដីក្នុងវិស័យនយោបាយដែរ។ ក្នុងន័យនេះ សម្ដេចក៏បានអំពាវនាវឱ្យក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា រាជរដ្ឋាភិបាលបន្តបង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដីឱ្យកាន់តែច្រើនថែមទៀត។ ប្រសាសន៍បែបនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា។

ពាក់ព័ន្ធនឹងសីលធម៌សង្គមវិញ សម្តេចប្រធានព្រឹទ្ធសភាបានអំពាវនាវដល់ស្រ្ដីនិងបុរសទាំងឡាយកុំឱ្យហែកហួរគ្នាតាមបណ្ដាញសង្គមនៅពេលដែលពួកគេមិនចុះសម្រុងឬលែងលះគ្នា ដោយពួកគេគួរទុកគ្នារាប់អាន និងទុកកិត្តិយសដល់កូនៗ។ ជាមួយគ្នានេះដែរ សម្ដេចតេជោក៏បានណែនាំឱ្យក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីធ្វើជាដើមបណ្ដឹងប្រឆាំងអ្នកបំពានក្រមសីលធម៌លើបណ្តាញសង្គមខណៈដែលក្រសួងព័ត៌មានជាអ្នកតាមដានមើលអ្នកបំពានក្រមសីលធម៌លើបណ្តាញសង្គម។

ទី៣. អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយនៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក ឯកឧត្តម Elbridge A. Colby បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សហរដ្ឋអាម៉េរិក ជាពិសេសក្នុងវិស័យការពារជាតិ។ ឯកឧត្តមអនុរដ្ឋមន្ត្រីចាត់ទុកកម្ពុជាជាប្រទេសសំខាន់មួយក្នុងភាពជាដៃគូជាមួយសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិកនឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ការបញ្ជាក់បញ្ហានេះបានធ្វើឡើងក្នុងឱកាសចូលជួបសម្តែការគួរសមនិងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។

សម្ដេចធិបតីក៏បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ក្នុងនោះក៏មានវិស័យការពារជាតិដែរ។ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះការបន្តកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងវិស័យយោធារវាងប្រទេសទាំងពីរ និងបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចធិបតីក៏បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំសមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧ ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការនៃការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។

សម្តេចធិបតីសង្កត់ធ្ងន់ថា សមយុទ្ធនិងការបណ្ដុះបណ្ដាលមិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងជាស្ពានកសាងមិត្តភាពជិតស្និទរវាងកងទ័ពនៃប្រទេសទាំងពីរដែរ។

សម្តេចធិបតីក៏បានថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតី Donald J. Trump ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជានិងថៃ មុននឹងជម្រាបជូននូវព័ត៌មានស្តីពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ សម្តេចធិបតី បានគូសរំលេចអំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕