បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦

…………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជំរាបជូនបងប្អូនជនរួមជាតិ អំពី វឌ្ឍនភាពនៃយន្តការផ្សះផ្សា ដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា៖

ការស្រុះស្រួលគ្នារវាងអ្នកផ្សះផ្សាទាំង៤រូប ដែលតែងតាំងដោយភាគីកម្ពុជានិងថៃ ដែលបានព្រមព្រៀងគ្នាជ្រើសរើសលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សាក្រោមយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) គឺជាជំហានដ៏សំខាន់មួយក្នុងដំណោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ។ ក្រៅពីការស្វាគមន៍ចំពោះវឌ្ឍនភាពថ្មីនេះនិងថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ កម្ពុជារំពឹងថា ដំណើរការផ្សះផ្សានឹងបន្តការងារទៅមុខតាមរយៈការកោះប្រជុំជាលើកដំបូង ស្តីពី នីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សូមបញ្ជាក់ថា ដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដើម្បីដោះស្រាយវិវាទការទាមទារដែនសមុទ្រត្រួតគ្នា រវាងកម្ពុជា-ថៃ ត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។ កម្ពុជាក៏ជឿជាក់ថា ដំណើរការផ្សះផ្សានេះនឹងផ្តល់នូវឱកាសសម្រាប់ការអភិវឌ្ឍធនធានប្រេងនិងឧស្ម័ន នៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាក្នុងបរិបទដែលសន្តិសុខថាមពលកំពុងក្លាយជាក្តីបារម្ភដ៏ធំមួយទាំងក្នុងតំបន់ និងពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងបន្តផ្តល់ទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ (UNCLOS)។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមរម្លឹកជូនសាធារណជនមេត្តាជ្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ(UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីភាគីថៃបានសម្រេចលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក។

ដូច្នេះ ក្រោយពីបានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាននិងដែលអាចអនុវត្តទៅបាន រាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា មានតែយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS នេះទេ ដែលជាជម្រើសល្អបំផុត ពីព្រោះ យន្តការនេះអនុញ្ញាតឱ្យប្រទេសទាំងពីរបង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយដែលមានសមាជិកជាអ្នកផ្សះផ្សាចំនួន៥រូប ដែលសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី។

ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នកំពូលរបស់ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ អាចនិយាយបានថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សាដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិដើម្បីទទួលបានដំណោះស្រាយមួយត្រឹមត្រូវ  យុត្តិធម៌ និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់ សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិជាថ្មីដែរថា សម្រាប់ដំណោះស្រាយបញ្ហាព្រំដែនគោក រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែប្រកាន់ជំហរច្បាស់លាស់ ម៉ឺងម៉ាត់ដដែល គឺជំហរដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។   កម្ពុជាគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំាពួរ ចុះ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រមព្រៀងផ្សេងទៀត ដែលភាគីទាំងពីរបានឯកភាពគ្នា។

កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ គឺក្នុងស្មារតីនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាតវ៉ាជំទាស់ គ្រប់ចំណុចទាំងអស់ ដែលមានការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់កងកម្លាំងថៃ។ ការតវ៉ានេះដើម្បីបញ្ជាក់ថា បន្លាលួស ទូរកុងតឺន័រ និងសកម្មភាពនៅលើដីជាក់ស្តែងផ្សេងទៀត ក្នុងតំបន់ដែលភាគីថៃកាន់កាប់ដោយខុសច្បាប់មិនមែនជាខ្សែព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ពីព្រោះកម្ពុជានិងថៃមានព្រំដែនអន្តរជាតិ ច្បាស់លាស់រួចហើយដែលគ្មានភាគីណាមួយអាចកែប្រែជាឯកតោភាគីបានឡើយ ៕