ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូននូវព័ត៌មានសំខាន់ៗ ដែលមានដូចតទៅ៖
ទី១. សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) បើកធ្វើនៅរាជធានីភ្នំពេញ៖
សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) បានបើកធ្វើជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺជាប្រធានសន្និសីទនេះ ដោយមានការចូលរួមពីប្រធានរដ្ឋសភា តំណាងសភា មកពីជិត២០ប្រទេស និងអង្គការអន្តរជាតិជាច្រើន។ គោលបំណងសំខាន់ គឺដើម្បីស្តារទំនុកចិត្ត លើកកម្ពស់សន្តិភាព ជំរុញវប្បធម៌សន្ទនា និងពង្រឹងពហុភាគីនិយមដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងយកប្រជាជនជាស្នូល។ សន្និសីទនេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី»។
ការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗបែបនេះនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់អំពីទំនុកចិត្តរបស់សហគមន៍តំបន់និងអន្តរជាតិមកលើសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាបញ្ជាក់ពីសមត្ថភាពនិងតួនាទីដ៏សំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។ នៅខែវិច្ឆិកាខាងមុខនេះកម្ពុជាក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយ និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។
ទី២. ការតវ៉ាបញ្ជាក់ថា កម្ពុជាប្រើសិទ្ធិការពារបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ៖
ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់តាមរយៈការប្រើកម្លាំង និងការធ្វើសកម្មភាពកែប្រែស្ថានការណ៍នៅលើដីជាក់ស្តែង (fait accomplis) របស់កងកម្លាំងយោធាថៃ គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ចំពោះមុខសកម្មភាពទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែងតែធ្វើកំណត់ទូតតវ៉ាជាផ្លូវការ និងយ៉ាងខ្លាំងក្លាចំពោះរាល់សកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។ កំណត់ទូតតវ៉ាជាផ្លូវការនេះមានសារៈសំខាន់មិនអាចខ្វះបាន ពីព្រោះវាបញ្ជាក់ពីការប្រើសិទ្ធិការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ និងមានតម្លៃគតិយុត្តក្នុងការទាមទារទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ជាអាទិភាពខ្ពស់បំផុត។ ដូច្នេះ ទន្ទឹមនឹងការតវ៉ាផ្លូវការ រាជរដ្ឋាភិបាលក៏បាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃឱ្យបានឆាប់តាមមធ្យោបាយសន្តិវិធីដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ តាមរយៈយន្តការនិងកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជាដែលនៅសល់ជិត២ម៉ឺននាក់ទៀតអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ទី៣. ការដោះស្រាយបញ្ហាព្រំដែនដោយផ្អែកលើយន្តការការទូតនិងច្បាប់អន្តរជាតិ គឺជាជម្រើសដ៏ត្រឹមត្រូវនិងល្អបំផុត៖ ដោយហេតុថា ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញា សន្ធិសញ្ញា បារាំង-សៀម និងមានផែនទីច្បាស់លាស់ ព្រមទាំងមានកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម និងកិច្ចព្រមព្រៀងក៏ដូចជាឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដូច្នេះ គ្មានជម្រើសអ្វីល្អប្រសើរជាងការដោះស្រាយតាមយន្តការបច្ចេកទេស JBC ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានោះឡើយ។ កម្ពុជានៅតែបន្តជំរុញភាគីថៃដើម្បីដំណើរការកិច្ចប្រជុំ JBC និងចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះចុះធ្វើការលើដីជាក់ស្តែងដើម្បីឈានទៅរកដំណោះស្រាយពិតប្រាកដនិងយូរអង្វែង។
ចំណែកឯដំណើរការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរ កំពុងប្រព្រឹត្តទៅតាមនីតិវិធីនៃយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ នេះក៏ជាដំណោះស្រាយដោយសន្តិវិធីតាមរយៈយន្តការអន្តរជាតិដែលផ្តួចផ្តើមឡើងដោយកម្ពុជា។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។
ទី៤. កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញា ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងដោយខុសច្បាប់អន្តរជាតិ និងសូមបញ្ជាក់ជំហរដ៏ម៉ឺងម៉ាត់ថា បន្លាលួស ទូរកុងតឺន័រ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលកងកម្លាំងថៃបានដាក់ពង្រាយ និងសាងសង់ជាឯកតោភាគី រាប់ទាំងសកម្មភាពសាសនា ឬដំណើរទស្សនកិច្ចរបស់មេដឹកនាំថៃទៅកាន់តំបន់ទាំងនោះ មិនអាចធ្វើឱ្យការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក្លាយជាស្របច្បាប់បានឡើយ៕