ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦
…………………….
ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាជន ដែលមានដូចតទៅ៖
ទី១. គ្រួសារវីរយុទ្ធជនពលីនិងគ្រួសារកងកម្លាំងជួរមុខទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញពិនិត្យវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត«កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជនតាមរយៈគំរូផលិតកម្មកសិកម្មទំនើប» នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតការងារបណ្តុះបណ្តាលជំនាញ និងបង្កើតប្រភពចំណូលបន្ថែម ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជនពលី និងគ្រួសារកងកម្លាំងជួរមុខ តាមរយៈការអនុវត្តគំរូផលិតកម្មកសិកម្មទំនើប ដូចជា ការដាំដុះដំណាំបន្លែ និងដំណាំផ្សេងៗ ការចិញ្ចឹមសត្វ ការរៀបចំសង្វាក់ផលិតកម្ម ការវេចខ្ចប់ និងការចែកចាយកសិផលទៅកាន់ទីផ្សារ។
កម្មវិធីនេះកើតចេញពីការគិតគូររបស់លោកជំទាវបណ្ឌិត ដែលយកចិត្តទុកដាក់និងការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅចំពោះគ្រួសារវីរយុទ្ធជនពលី ក៏ដូចជាកងកម្លាំងជួរមុខទាំងអស់ ដែលបាននិងកំពុងលះបង់យ៉ាងធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន។ នេះគឺជាកម្មវិធីមួយផ្សេងទៀត បន្ថែមពីលើកម្មវិធីជាច្រើនដែលរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផ្ទាល់បានធ្វើរួចមកហើយ។ ជាក់ស្តែង គ្រាន់តែក្នុងសប្តាហ៍កន្លងទៅ លោកជំទាវបណ្ឌិត បានអញ្ជើញទៅប្រគល់ផ្ទះថ្មីដែលជាអំណោយរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលីជាបន្តបន្ទាប់ ក្នុងខេត្តព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងខេត្តសៀមរាប។
ទី២. សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលលេចចេញរូបរាងជាបន្តបន្តាប់ឥតឈប់ឈរ៖ កំណាត់ផ្លូវជាតិលេខ ៧៣ ផ្លូវខេត្តពីរខ្សែ ប្រវែងសរុបជិត១០០គ.ម ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ កំណាត់ផ្លូវទាំងនេះមានតួនាទីជាខ្សែតភ្ជាប់យុទ្ធសាស្ត្ររវាងខេត្តក្រចេះ ជាមួយបណ្តាខេត្តប៉ែកឦសាន និងភាគខាងកើត ក៏ដូចជាការតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ និងតំបន់ផលិតកម្មកសិកម្មសំខាន់ៗជាច្រើន។ សមិទ្ធផលកំណាត់ផ្លូវថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូន បង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។
សូមបញ្ជាក់ជូនថា ត្រឹមរយៈពេល៣ឆ្នាំដំបូង ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី មានសមិទ្ធផលធំៗជាច្រើនត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ ឬបើកការដ្ឋានសាងសង់ ដែលមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគាររដ្ឋបាល អាកាសយានដ្ឋានអន្តរជាតិលំដាប់ស្តង់ដាអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មចម្រុះ កំពង់ផែសមុទ្រទឹកជ្រៅ ព្រែកជីក បណ្តាញដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតំបន់អភិវឌ្ឍពិសេសជាច្រើនផ្សេងទៀត រួមទាំងសមិទ្ធផលរាប់មិនអស់នៅថ្នាក់មូលដ្ឋានសម្រាប់បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ទី៣. រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំង និងជាផ្លូវការបន្ថែមទៀតចំពោះ កងកម្លាំងប្រដាប់អាវុធថៃ ដែលបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលក្នុងទឹកដីកម្ពុជាកាលពីថ្ងៃទី២២ និង ២៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការរំលោភបំពានថ្មីនេះបានកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃ មកកាន់តំបន់អានសេះនៃខេត្តព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាដោយផែនទី ខ្នាត ១/២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម និងបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១ នៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ សកម្មភាពដែលបានរៀបរាប់ខាងលើនេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនមក។
ទី៤. ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា ក្នុងទីតាំងដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់នៅច្រកអូរស្មាច់ ក្នុងតំបន់អូរខ្លាឃ្មុំ ភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានជនភៀសសឹកជិត១០០គ្រួសារ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ ក្រុមអ្នកសង្កេតការណ៍អាស៊ានដដែលក៏បានទៅសង្កេតការណ៍នៅតំបន់រោងកម្មករសំណង់ ក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលនៅទីតាំងនោះមានប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលចូលលំនៅដ្ឋានពួកគេវិញបាននៅឡើយ៕
សូមអរគុណ!