ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
…………………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនបងប្អូនជនរួមជាតិអំពីសកម្មភាពការទូតដ៏សកម្មនិងរស់រវើករបស់រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖
រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិ មិនដែលនៅស្ងៀមឡើយចំពោះមុខ ការរំលោភបំពានលើដែនអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹកខ្មែរដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនជាអាទិភាពចម្បង និងខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ក្រោមអភិក្រមនេះ សម្តេចធិបតី ក៏ដូចជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀតមិនដែលភ្លេចសោះឡើយក្នុងការជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់បំផុត ដោយសន្តិវិធី ដើម្បីរក្សាសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
សកម្មភាពដែលរាជរដ្ឋាភិបាលតែងធ្វើជាប្រចាំ គឺការពញ្ញាក់ស្មារតីសហគមន៍តំបន់ និងអន្តរជាតិឱ្យបន្តតាមដានជាប់ជានិច្ចនូវអំពើឈ្លានពាន កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងមិនឱ្យពលរដ្ឋភៀសសឹកខ្មែរជិត២ម៉ឺននាក់ទៀតអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ។ បញ្ហានេះត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកឡើងជាថ្មីទៀតក្នុងសុន្ទរកថាគន្លឹះនាឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ក្នុងរាជធានីភ្នំពេញ កាលពីសប្តាហ៍កន្លងទៅ។ សម្តេចធិបតីបញ្ជាក់ប្រាប់អង្គសន្និសីទថា ប្រជាពលរដ្ឋខ្មែរភៀសសឹកជិត២ម៉ឺននាក់ នៅមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបានឡើយ។ លើសពីនេះ កងទ័ពថៃនៅតែបន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជា ហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគីថែមទៀត។ យោធាថៃព្យាយាមបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (fait accompli) ក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ដូចជា ការរាយបន្លាលួស ការដាក់ទូកុងតឺន័រ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធា និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃមុនពេលកិច្ចការខណ្ឌសីមានិងបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ គឺជាក្តីព្រួយបារម្ភមួយយ៉ាងក្រៃលែង។
សូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលបានប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយដែលប្រធានសភានិងតំណាងសភា មកពីតំបន់ផ្សេងៗជុំវិញពិភពលោក ក្នុងនាមជាស្ថាប័នអនុម័តច្បាប់ រួមទាំងតំណាងអង្គការអន្តរជាតិជាច្រើនទៀត បានមកជួបជុំគ្នា ដើម្បីបញ្ចេញសំឡេង និងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តចំពោះអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយពេញលេញ និងប្រទាក់ក្រឡាគ្នា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានិងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ក៏បានថ្លែងថា ប្រទេសថៃកំពុងកាន់កាប់ទឹកដីកម្ពុជាមួយចំនួនក្រោមលេសថា ទឹកដីកម្ពុជាខ្លះជាផ្នែកនៃល្បែងឆបោកតាមអនឡាញ។ សម្តេចតេជោ ហ៊ុន សែន បានហៅករណីនេះថា ជាការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យចំពោះបទល្មើសឆ្លងដែន ដូចជា ការឆបោកតាមអនឡាញនេះដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់ ដែលនេះគឺជាទម្រង់នៃសង្គ្រាមលាបពណ៌ដើម្បីបំបាក់កេរ្តិ៍ឈ្មោះ ហើយដែលកម្ពុជាបានទទួលរងគ្រោះដោយទម្រង់នៃសង្គ្រាមនេះ។
ចំណែកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានថ្លែងក្នុងសន្និសីទនោះដោយអំពាវនាវឱ្យមានការអនុវត្តសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាបន្ទាន់ ឱ្យបានពេញលេញ ដោយស្មោះត្រង់ ឱ្យមានប្រសិទ្ធភាព ដោយគោរពតាមខ្លឹមសារទាំងស្រុងរបស់សេចក្តីប្រកាសរួមនេះ។ សារៈសំខាន់ជាពិសេស គឺការចាប់ផ្តើមអនុវត្តឡើងវិញឱ្យបានលឿនបំផុតនូវការងារវាស់វែង និងបោះបង្គោលកំណត់ខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ ដោយយោងតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ប្រមុខការទូតកម្ពុជាសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់ក្នុងការគូសបញ្ជាក់ថា កម្ពុជានិងថៃមានព្រំដែនអន្តរជាតិ ដែលត្រូវបានទទួលស្គាល់និងកំណត់យ៉ាងជាក់លាក់ជាងមួយសតវត្សមកហើយនៅក្នុងផែនទីខ្នាត ១/២០០.០០០ ដែលគូសដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិននិងសៀម ស្របតាមអនុសញ្ញា ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំងនិងសៀម។ សន្ធិសញ្ញានិងផែនទីទាំងអស់នេះ ក៏ត្រូវបានបកស្រាយដោយតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ដូច្នេះដំណោះស្រាយឆ្ពោះទៅមុខត្រូវតែផ្អែកយ៉ាងរឹងមាំលើលិខិតុបករណ៍គតិយុត្តទាំងនេះ ព្រមទាំងយន្តការដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏សូមបញ្ជាក់ជូនដែរថា កិច្ចការមួយទៀតដែលរាជរដ្ឋាភិបាលមិនដែលមើលរំលងទាល់តែសោះនោះ គឺការតវ៉ាជាផ្លូវការ និងយ៉ាងខ្លាំងក្លាចំពោះការបន្តរំលោភបំពានរបស់ប្រទេសថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមរយៈសកម្មភាពខុសច្បាប់នានានៅលើទីតាំងដែលកងកម្លាំងថៃដណ្តើមកាន់កាប់។ ការតវ៉ានេះបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការអះអាងពីបញ្ហាទឹកដីជាឯកតោភាគីរបស់ថៃ ដោយកម្ពុជាការពារយ៉ាងប្តូរផ្តាច់នូវដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនពីការកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងថៃ។ កម្ពុជាមិនបោះបង់ជាដាច់ខាតនូវសិទ្ធិទាមទារទឹកដីរបស់ខ្លួនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដោយការប្រើកម្លាំងឡើយ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជានិងថៃ មិនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែក៏ជាការព្រួយបារម្ភសកលជុំវិញការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍មិនរំលោភបំពានព្រំដែន ក៏ដូចជាធម្មនុញ្ញអាស៊ាន។ ក្នុងស្មារតីនេះ សម្តេចបានកោតសរសើរនិងថ្លែងអំណរគុណស្មោះស្ម័គ្រចំពោះសហគមន៍អន្តរជាតិ និងប្រទេសជាសមាជិកអាស៊ាន ដែលបានគាំទ្របទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃ ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន។ ក្នុងន័យនេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំចំពោះការយកចិត្តទុកដាក់ និងការគាំទ្របន្តទៀតពីសំណាក់សហគមន៍អន្តរជាតិ៕