ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
……………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជំរាបជូនអំពីការងារការទូតសកម្ម និងរស់រវើករបស់រាជរដ្ឋាភិបាល ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖
ទី១. ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងទៅកាន់រដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នេះដើម្បីទទួលការពិនិត្យព្រះរាជសុខភាពពីគ្រូពេទ្យចិន។ ក្នុងអំឡុងពេលអវត្តមានរបស់ព្រះអង្គពីក្នុងប្រទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាម ជាប្រមុខរដ្ឋស្តីទី។ នេះបើយោងតាមព្រះរាជសាររបស់ព្រះអង្គ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។
សូមរម្លឹកជូនថា ក្នុងឱកាសយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភាកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានមានព្រះរាជបន្ទូលកោតសសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានធ្វើឱ្យសមិទ្ធផលនឹកស្មានមិនដល់ជាច្រើនលេចចេញជារូបរាងឡើង និងធ្វើឱ្យប្រទេសជាតិផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ ក្រោមម្លប់សុខសន្តិភាពដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប។
ទន្ទឹមនឹងនោះ ព្រះករុណា ព្រះមហាក្សត្រក៏មានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្ត្រី ដែលបានតស៊ូប្រយុទ្ធគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ ការទូត យោធា និងសមរភូមិច្បាប់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។ ព្រះអង្គក៏បានកោតស្ញប់ស្ញែងចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហាន និងកោតសសើរប្រជាជនទូទាំងប្រទេសដែលបានរួបរួមជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំប្រកបដោយស្មារតីឯកភាពជាតិយ៉ាងខ្ពស់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ក្នុងពេលប្រទេសជាតិទទួលរងការរំលោភបំពាននិងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេស។
ទី២. ក្រៅពីបេសកកម្មចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតាមតំបន់ព្រំដែនដែលកងកម្លាំងថៃបានដាក់ពង្រាយបន្លាលួស ទូរកុងតឺន័រ និងពិនិត្យមើលស្ថានភាពជនភៀសសឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក៏បានចូលរួមស្តាប់បទបង្ហាញស្តីពី«បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើទឹកដីកម្ពុជាក្នុងសង្គ្រាមឆ្នាំ២០២៥» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងរាជធានីភ្នំពេញ។
បទបង្ហាញនេះបានផ្តល់ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងក្រុមអនុព័ន្ធយោធាបរទេសនូវបច្ចុប្បន្នភាពព័ត៌មាន និងបច្ចេកទេសស្តីពីការស្រាវជ្រាវ វាយតម្លៃ និងកំណត់តំបន់រងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីស្ថានភាព និងវិសាលភាពនៃផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាអំឡុងឆ្នាំ២០២៥។ បទបង្ហាញក៏បានលាតត្រដាងពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO) ដែលនៅតែបន្តបង្កហានិភ័យដល់អាយុជីវិត សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដែលរហូតមកទល់ពេលនេះនៅមានប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាច្រើននៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ ព័ត៌មានទាំងអស់នេះ គឺជាមូលដ្ឋានគាំទ្រដ៏សំខាន់ដល់ការអនុវត្តភារកិច្ចសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងផ្អែកលើព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន។
តាមរយៈបទបង្ហាញ ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអនុព័ន្ធយោធាប្រចាំកម្ពុជាក៏បានទទួលព័ត៌មានជាក់លាក់ថា មានភូមិចំនួន ៣៤៩ ដែលបានរងផលប៉ះពាល់ និងប្រជាពលរដ្ឋភៀសសឹកជាង ៦៤ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាពភ្លាមៗ និងព័ត៌មានលម្អិតជាច្រើនទៀតដែលកើតចេញពីការស្រាវជ្រាវរបស់មជ្ឈមណ្ឌលស៊ីម៉ាក់។ ព័ត៌មានទាំងអស់នេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងយ៉ាងស៊ីជម្រៅពីការពិតនៃសង្គ្រាមឈ្លានពានទឹកដីកម្ពុជារបស់កងកម្លាំងប្រដាប់អាវុធថៃដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ និងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិលស្លូតត្រង់កម្ពុជា។
នេះគឺជាជ្រុងមួយទៀតនៃសកម្មភាពការងារការទូតដ៏សកម្ម និងរស់រវើករបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន នៅក្នុងបរិបទនៃការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ នៅតាមបណ្តោយព្រំដែន។ សកម្មភាពការទូតទាំងអស់នេះបានសបញ្ជាក់យ៉ាងច្បាស់ពីជំហរដ៏ច្បាស់លាស់ និងម៉ឺងម៉ាត់របស់កម្ពុជាដែលប្តូរផ្តាច់ការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដែលត្រូវបានទទួលស្គាល់រួចហើយ ដោយកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដោយប្រើកម្លាំង៕