អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

គ្រឿងចក្រនិងអ្នកបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចុះទៅដល់ទីតាំងស្ពានស្ទឹងស្តៅហើយ ក្រោយពីស្ពាននេះបានឆេះដោយសារភ្លើងឆេះព្រៃរាល

ព្រះវិហារ៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាន ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ថ្ងៃនេះមន្ទីរបានបញ្ជូនគ្រឿងចក្រ និងអ្នកបច្ចេកទេសទៅដល់ទីតាំងស្ពានស្ទឹងស្តៅ ដែលឆេះដោយសារភ្លើងព្រៃ នៅក្នុងស្រុកសង្គមថ្មីហើយ។

លោក សំ លាងទ្រី បានគូសបញ្ជាក់ថា ជាជំហ៊ានដំបូង មុននឹងធ្វើការស្ថាបនាសាងសង់ស្ពានស្ទឹងស្តៅនេះឡើងវិញ ក្រុមការងារកំពុងតែមមារញឹកក្នុងការបោសសម្អាត បរិវេណនៅជុំវិញឲ្យ បានស្អាតល្អសិន ដូចជា សម្អាតទីតាំងស្ពានចាស់ដែលបានឆេះ និងសម្អាតគុម្ពឫស្សី និងដើមឈើងាប់ផ្សេងៗ ទៀតចៀសវាងមានការឆេះព្រៃរាលមកម្តងទៀត។

សូមបញ្ជាក់ថា ស្ពានស្ទឹងស្តៅនេះ ត្រូវបានភ្លើងព្រៃរាលមកកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ បណ្តាលឲ្យឆាបឆេះដោយមិនអាចជួយពន្លត់បាន។ ស្ពាននេះក៏មានសភាពចាស់ទ្រុឌទ្រោមមិនអាចធ្វើចរាចរណ៍បានទេ ដោយឡែក អាជ្ញាធរខេត្តក៏មានគម្រោងរុះរើស្ពាននេះដើម្បីសាងសង់ស្ពានដែកបាឡេជំនួសវិញ តាមការសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងអង្គវេទិការសាធារណៈក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ប៉ុន្តែមិនទាន់បានរុះរើសាងសង់ថ្មីផង ជាអកុសលស្ពាននេះបានរងការឆាបឆេះដោយសារភ្លើងឆេះព្រៃរាលមក។

គួរំលឹកថា កាលពីពេលថ្មីៗនេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះមកពិនិត្យដោយផ្ទាល់ដល់ទីតាំងស្ពានស្ទឹងស្តៅ ដែលរងការឆេះដោយភ្លើងព្រៃនេះ។ មិនបង្អង់យូរ ឯកឧត្តមអភិបាលខេត្ត បានណែនាំភ្លាមៗដែរ ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវស្ថាបនាសាងសង់ស្ពានដែកបាឡេថ្មីជំនួសស្ពានឈើ ដែលទ្រុឌទ្រោម និងរងការឆេះនេះដើម្បី ជួយសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋបានស្រួល៕