ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦
…………………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជំរាបជូនជនរួមជាតិអំពីការងារការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក៖
ទី១. រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងបន្ថែមទៀតចំពោះការរំលោភបំពានជាបន្តបន្ទាប់ដោយប្រទេសថៃ មកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងតំបន់មួយចំនួនដែលកងកម្លាំងប្រដាប់អាវុធថៃបានដណ្តើមកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក។ ការតវ៉ាថ្មីនេះបានធ្វើឡើងបន្ទាប់ពី៖
-កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានវាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋខ្មែរចំនួន២ខ្នង នៅតំបន់បឹងត្រកួន ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា។ បន្ទាប់មក កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ឈូសឆាយដីលើកទំនប់ ដើម្បីត្រៀមសាងសង់សំណង់យោធារឹងមាំអចិន្ត្រៃយ៍។
-ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ ដើម្បីសាងសង់លេណដ្ឋានយោធានៅបរិវេណវត្តអូរខ្លាឃ្មុំ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា។
-ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងម៉ាស៊ីនជីកអណ្តូងទឹកមួយកន្លែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃទី៧ ខែកញ្ញានេះដែរ កងកម្លាំងប្រដាប់អាវុធថៃក៏បានវាយបំផ្លាញសំណង់ស៊ីវិលកម្ពុជា ក្នុងភូមិព្រៃចាន់ ក្នុងឃុំនិងស្រុកជាមួយគ្នានេះដែរ។
-នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ទ័ពជើងអាកាសថៃ លោក Prapas Sornchaidee បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ (AOT-TH) រួមទាំងអ្នកសារព័ត៌មានថៃនិងអ្នកសារព័ត៌មានបរទេសមកពិនិត្យអាគារមួយចំនួនស្ថិតនៅប៉ែកអាគ្នេយ៍នៃសណ្ឋាគារ រ៉ូយ៉ាល់អូស្មាច់និងរីស៊ត (Royal O Smach Hotel and Resort) សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃ រំលោភចូលកាន់កាប់ដោយខុសច្បាប់តាំងពីខែធ្នូ ឆ្នាំ២០២៥មក។
ការចូលមកទីតាំងទាំងនោះដោយគ្មានការអនុញ្ញាត គឺស្មើនឹងសកម្មភាពខុសច្បាប់នៃការអនុវត្តអំណាចរដ្ឋបាលរបស់ថៃមកលើដែនដីកម្ពុជា។ កម្ពុជាបដិសេធដាច់ខាតចំពោះការយកលេសបង្ក្រាបបទល្មើសដើម្បីរំលោភបំពានដែនដីរបស់កម្ពុជា។ សកម្មភាពរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺជាការបំពានអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពខុសច្បាប់ដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងអស់ ព្រមទាំងគោរពនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកនិងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ។
ទី២. ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ឯកឧត្តម កែ សុវណ្ណ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានលើកឡើងអំពីផលប៉ះពាល់បន្តបន្ទាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងមនុស្សធម៌ ដែលកើតមានពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែង ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ២០.០០០ នាក់នៅតែបន្តភៀសខ្លួន ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។
ការលើកឡើងពីបញ្ហានេះបានធ្វើឡើងក្នុងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី២ក្នុងអំឡុងកិច្ចពិភាក្សាទូទៅស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏បានសម្តែងក្តីកង្វល់យ៉ាងធ្ងន់ធ្ងរ ចំពោះការបន្តសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃនៅក្នុងតំបន់ដែលពួកគេកាន់កាប់ដោយខុសច្បាប់លើបូរណភាពទឹកដីកម្ពុជាដោយបង្កើតស្ថានភាពថ្មី (faits accomplis) តាមរយៈការដាក់របងលួសបន្លា ទូរកុងតឺន័រ ហេដ្ឋារចនាសម្ព័ន្ធយោធានិងស៊ីវិល ក៏ដូចជាការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃ មុនពេលមានការខណ្ឌសីមា និងបោះបង្គោលព្រំដែនរួមគ្នា។ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យមានការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ រួមទាំងអធិបតេយ្យភាព បូរណភាពដែនដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ការរងទុក្ខវេទនារបស់ប្រជាពលរដ្ឋស៊ីវិល និងសម្រេចបាននូវសន្តិភាពយូរអង្វែង។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា មិនដែលនៅស្ងៀមឡើយចំពោះមុខការរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹកកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រើប្រាស់ការទូតសកម្ម ខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រើប្រាស់ការទូតសភា ដើម្បីរួមគ្នាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៕