បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦

…………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូននូវព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖

ទី១. កម្ពុជាស្វាគមន៍គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ(UNCLOS) ដែលគ្រោងនឹងបើកកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជានិងថៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីការប្រកាសឱ្យដឹងរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង រួមទាំងគណៈប្រតិភូនិងក្រុមការងារច្បាប់កម្ពុជានឹងចូលរួមកិច្ចប្រជុំនេះ។

សុន្ទរកថាបើករបស់ភាគីទាំងពីរនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា វេលាម៉ោង ០៨:០០ ម៉ោងនៅកម្ពុជាដោយមានការផ្សាយដោយផ្ទាល់ជាសាធារណៈ ជាភាសាខ្មែរ អង់គ្លេស និងថៃ។ សុន្ទរកថាបើករបស់ភាគីកម្ពុជានឹងថ្លែងដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងដំណើរការដោះស្រាយទំនាស់ដែនសមុទ្រប្រទេសទាំងពីរដោយសន្តិវិធីដែលកម្ពុជាបានផ្តួចផ្តើមឡើង បន្ទាប់ពីប្រទេសថៃបានបញ្ចប់ជាឯកតោភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី ដែលជាមូលដ្ឋានសម្រាប់ការចរចាលើការទាមទារតំបន់សមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរអស់រយៈពេលជាង២ទសវត្សរ៍កន្លងទៅ។

សូមបញ្ជាក់ថា ការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ពុំមែនជាដំណើរការវិនិច្ឆ័យទេ ពោលគឺគណៈកម្មការអព្យាក្រឹតមួយនឹងជួយដល់ភាគីទាំងពីរក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។ យន្តការនេះធ្លាប់ត្រូវបានប្រើប្រាស់ដោយជោគជ័យរវាងប្រទេសទីម័រឡេស្តេនិងអូស្ត្រាលី ដោយការផ្សះផ្សាបានឈានដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើតព្រំដែនសមុទ្ររវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨។

កម្ពុជាសង្ឃឹមថា ដំណើរការនេះក៏អាចជួយកម្ពុជានិងថៃឱ្យឈានដល់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររបស់ប្រទេសទាំងពីរនិងផ្តល់ឱកាសក្នុងការរុករកធនធានប្រេង និងឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ទាមទារត្រួតគ្នាដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ ខណៈដែលសន្តិសុខថាមពលក្នុងតំបន់កំពុងក្លាយជាបញ្ហាដ៏សំខាន់មួយ។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយជម្លោះរវាងរដ្ឋនានាដោយសន្តិវិធី។ កម្ពុជាចូលរួមក្នុងដំណើរការនេះដោយសុចរិត និងក្នុងស្មារតីសហប្រតិបត្តិការ ដោយមានទំនុកចិត្តពេញលេញចំពោះគណៈកម្មការផ្សះផ្សានេះ។

ទី២. អង្គការយូណេស្កូ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានផ្សាយរបាយការណ៍ដោយបានបញ្ជាក់ពីទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារដែលបណ្តាលមកពីការវាយប្រហារប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ នេះគឺជារបាយការណ៍ផ្លូវការរបស់បេសកកម្មរួម UNESCO–ICOMOS ដែលបានចុះពិនិត្យប្រាសាទព្រះវិហារពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយបានរកឃើញថា ផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃសកលលេចធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។

របាយការណ៍បានកត់ត្រា ១៤២តំបន់ ដែលបានខូចខាតពីការវាយប្រហារក្នុងខែកក្កដា និង ៤២០ តំបន់ដែលរងការខូចខាតពីការវាយប្រហារក្នុងខែធ្នូ ឆ្នាំ២០២៥ ហើយបានពិពណ៌នាថា ទំហំនៃការបំផ្លិចបំផ្លាញពីជម្លោះថ្មីនេះគឺមានលក្ខណៈធំធេង «មិនអាចប្រៀបធៀបបាន» ជាមួយការខូចខាតពីជម្លោះមុនៗនោះឡើយ។ បេសកកម្មនេះក៏បានកត់សម្គាល់យ៉ាងច្បាស់ថា «គ្មានតំបន់ណាមួយរួចផុតពីផលប៉ះពាល់ឡើយ» (no area was spared) ហើយមិនត្រឹមតែសំណង់ប្រាសាទប៉ុណ្ណោះទេដែលរងការខូចខាត ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ទេសចរណ៍ក៏រងការខូចខាតដែរ។

អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះគឺ របាយការណ៍បានវាយតម្លៃថា ប្រាសាទព្រះវិហារកំពុងស្ថិតក្រោម «គ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាក់លាក់ (serious and specific danger) ដែលត្រូវការប្រតិបត្តិការអភិរក្សដ៏សំខាន់ជាបន្ទាន់»។ ប្រាសាទព្រះវិហារ មិនមែនជាមរតករបស់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាបេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។ ការការពារប្រាសាទព្រះវិហារ គឺជាកាតព្វកិច្ចដែលត្រូវទទួលខុសត្រូវ ដោយគោរពច្បាប់អន្តរជាតិ និងមិនអនុញ្ញាតឱ្យជម្លោះប្រដាប់អាវុធបន្តបំផ្លាញមរតកវប្បធម៌ដែលមិនអាចជំនួសបាននេះឡើយ។

ក្នុងសារលិខិត ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ នាឱកាស «ខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីបានសម្តែងការសោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់កម្ពុជា។ សម្តេចធិបតីបន្តថា នេះជាការបាត់បង់ដ៏ធំធេង ដែលមិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។

សម្តេចធិបតី នាយករដ្ឋមន្ត្រីបានរម្លឹកថា កិច្ចការថែរក្សានិងការពារប្រាសាទព្រះវិហារ ត្រូវបានអនុវត្តដោយបុព្វបុរសខ្មែរគ្រប់រូបនិងគ្រប់ជំនាន់ក្នុងនោះរាប់បញ្ចូលទាំងការតស៊ូដ៏ស្វិតស្វាញ និងការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់បុព្វបុរស អតីតថ្នាក់ដឹកនាំ និងយុទ្ធជន យុទ្ធនារីខ្មែរ។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពដល់កិច្ចការអភិរក្សនិងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ៕