ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
…………………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូននូវព័ត៌មានសំខាន់ៗ ដែលមានដូចតទៅ៖
ទី១. ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម មីន អោង ឡាំង នឹងមានជំនួបកំពូលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅរវាងប្រទេសនិងប្រជាជនទាំងពីរ។
ទី២. ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា(ASEAN Observer Team Cambodia: AOT-KH)ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតក្នុងខេត្តព្រះវិហារ ដែលបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយការវាយប្រហារបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ។ ការខូចខាតយ៉ាងធ្ងន់ធ្ងរនេះ គឺដោយសារការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើកផង យន្តហោះចម្បាំងផង និងការបាញ់សំដៅដោយផ្ទាល់មកលើតំបន់ប្រាសាទព្រះវិហារដោយចេតនា និងដោយមិនលើកលែងសូម្បីតែសម្បត្តិបេតិកភណ្ឌពិភពលោក។
ជាងនេះទៅទៀត ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តធ្វើសកម្មភាពទន្រ្ទានមកលើដែនអធិបតេយ្យរបស់កម្ពុជា តាមរយៈការដាក់ពង្រាយទូរកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវបេតុងចូលកាន់តែជិតតំបន់ប្រាសាទព្រះវិហារ ដែលជាការរំលោភបំពានច្បាប់អន្តរជាតិ និងរំលោភកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។
កម្ពុជាផ្តល់ការគាំទ្រពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
ទី៣. កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism)ល្អបំផុត។ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នអន្តរជាតិ (U.S. News & World Report)។ ពិតណាស់ សមិទ្ធផលដ៏ល្អប្រពៃបែបនេះកើតចេញពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ រយៈពេលយូរដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្តីទី។ រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថែរក្សាសមិទ្ធផលរបស់រាមច្បងជំនាន់មុន និងបានដាក់ចេញយុទ្ធសាស្ត្រដឹកនាំប្រទេសដោយសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានស្អាត ភាពបៃតង និងចីរភាព(ឆ្នាំ២០២៣-២០២៨) គឺជាត្រីវិស័យក្នុងការបន្តរៀបចំនិងពង្រីក «គោលដៅលំហែបៃតង» នៅតាមតំបន់ការពារធម្មជាតិដើម្បីបង្កើតការងារបៃតង លើកកម្ពស់ជីវភាពសហគមន៍ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ ក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៃយុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងល្អិតល្អន់ពីការកសាងសង្គមមួយដែលមានបរិស្ថានស្អាត ផាសុកភាព និងតុល្យភាពរវាងការអភិវឌ្ឍន៍និងអភិរក្ស។
ស្ថាប័នអន្តរជាតិដដែលនេះក៏ធ្លាប់បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រទេសកម្ពុជា ជាប្រទេសដែលមាននិរន្តរភាពដី និងធនធាន(Land and Resource Sustainability)ល្អបំផុតប្រចាំឆ្នាំ២០២៦ និងចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោកឆ្នាំ២០២៦ ដែរ។ ការទទួលបានចំណាត់ថ្នាក់លេខ១ផ្ទួនៗក្នុងឆ្នាំនេះ គឺជាលទ្ធផលមិនអាចប្រកែកបាននៃភាពជោគជ័យរបស់កម្ពុជាក្នុងការថែរក្សាបរិស្ថានធម្មជាតិ ធនធាន និងដី ប្រកបដោយនិរន្តរភាព ដែលផ្ទុយស្រឡះពីការមួលបង្កាច់របស់ក្រុមមនុស្សមួយចំនួនដែលធ្វើសកម្មភាពនយោបាយក្រោមស្លាក «សកម្មជនបរិស្ថាន»៕
សូមអរគុណ!