បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦

…………………..

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនអំពីការទូតនយោបាយ និងការទូតសេដ្ឋកិច្ចដ៏សកម្មរបស់រាជរដ្ឋាភិបាលដើរទន្ទឹមគ្នា៖

ទី១. ឯកឧត្តម មីន អោង ឡាំង(Min Aung Hlaing) ប្រធានាធិបតីនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា ប្រធានាធិបតីមីយ៉ាន់ម៉ា បានកោតសរសើរការអភិវឌ្ឍន៍យ៉ាងលឿនរហ័សដែលធ្វើឱ្យប្រទេសកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងលឿនបើប្រៀបធៀបនឹងពេលដែលឯកឧត្តមបានអញ្ជើញមកកម្ពុជាកាលពីឆ្នាំ២០១៧។ កម្ពុជា-មីយ៉ាន់ម៉ា បានឯកភាពគ្នាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវការការចូលរួមទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិនិងនីតិបញ្ញត្តិ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិងប្រជាជននៃប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធនិងរីកចម្រើន។ ភាគីទាំងពីរក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ សន្តិសុខ និងការពារជាតិ ជាដើម។

ក្នុងអំឡុងទស្សនកិច្ចនេះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារចំនួន៤គឺ ទី១៖កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ ទី២៖កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារទៅវិញទៅមកនៃអ្នកវិនិយោគ ទី៣៖ វិសោធនកម្មកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទី៤៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលកំពុងកើតឡើង ក្នុងនោះ ក៏មានកិច្ចសហប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ទី២. ទន្ទឹមនឹងដៃម្ខាងធ្វើការងារការទូតនយោបាយយ៉ាងសកម្ម និងឥតឈប់ឈរដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ក្នុងបរិបទនៃការឈ្លានពានកាប់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល នៅតែបន្តការងារការទូតសេដ្ឋកិច្ចយ៉ាងសកម្មដូចគ្នាដែរ។ ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលជួបគណៈប្រតិភូធុរកិច្ចធំៗមកពីបណ្តាប្រទេសអភិវឌ្ឍន៍ជឿនលឿន ដូចជាជប៉ុននិងសហរដ្ឋអាម៉េរិក ជាដើម។

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រីនៅវិមានសន្តិភាព កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានលើកឡើងអំពីការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងមហាផ្ទៃ សំដៅលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម (SME) របស់ជប៉ុនដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ប្រធានសមាគមជប៉ុន-កម្ពុជា បានសង្កត់ធ្ងន់លើសសរស្ដម្ភចំនួន៣ក្នុងកិច្ចសហការណ៍ជាមួយកម្ពុជា រួមមាន៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ការអភិវឌ្ឍវិស័យកសិកម្ម និងការអភិវឌ្ឍឧស្សាហកមុ្មឌីជីថល។ លើសពីនេះ សមាគមជប៉ុន-កម្ពុជា មានទិសដៅពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួនដែលមានជាអាទិ៍៖ ការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុននិងពិភពលោក, ការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការថែរក្សាសម្ផស្ស និងគ្រឿងសម្អាង ក៏ដូចជាកិច្ចសហការជាមួយនឹងក្រុមហ៊ុន TOYOTA ក្នុងការបណ្ដុះបណ្ដាលអ្នកថែទាំរថយន្តជាដើម។

សម្ដេចធិបតីបានសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងសមាគមជប៉ុន-កម្ពុជា និងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តជាគំរូល្អក្នុងការទាក់ទាញវិនិយោគិនពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតនាពេលអនាគត។ សម្ដេចធិបតីក៏បានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងជប៉ុន ក្នុងការបន្តធ្វើការរួមគ្នាដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។ សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននឹងលេចចេញជារូបរាងនៅកម្ពុជានិងរីកលូតលាស់ជាបន្តបន្ទាប់នាពេលអនាគត។

ក្នុងជំនួបដោយឡែកមួយទៀត ប្រធានសភាពាណិជ្ជកម្មអាម៉េរិក-កម្ពុជា (ACBC) បានជម្រាបជូនសម្តេចធិបតីនៅថ្ងៃដដែលអំពីគោលបំណងនៃដំណើរទស្សនកិច្ចធុរកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា។ ជាក់ស្តែង បណ្តាក្រុមហ៊ុនរបស់សភាពាណិជ្ជកម្មអាម៉េរិក-កម្ពុជា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្តាក់ទុនលើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម សំដៅជំរុញការតភ្ជាប់រវាងវិនិយោគិននៃប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែកើនឡើងថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍និងចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការជំរុញការតភ្ជាប់ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ដោយបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបាន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចធិបតីក៏សង្ឃឹមថា នៅថ្ងៃអនាគត ផលិតផលកម្ពុជានឹងមានវត្តមានកាន់តែច្រើនឡើងនៅលើទីផ្សារសហរដ្ឋអាម៉េរិក។ សម្តេចធិបតីបានបញ្ជាក់ពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ និងមានបំណងជំរុញការតភ្ជាប់រវាងកំពង់ផែនេះ ជាមួយបណ្តាកំពង់ផែសំខាន់ៗរបស់សហរដ្ឋអាម៉េរិក។ ជារួម រាជរដ្ឋាភិបាលដែលចាត់ទុកកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន ជាអាទិភាពខ្ពស់បំផុត បាននិងកំពុងមមាញឹកក្នុងកិច្ចការទូតនយោបាយយ៉ាងសកម្មក្លៀវក្លាជានិច្ច ដោយមិនភ្លេចការទូតសេដ្ឋកិច្ច ដែលត្រូវដើរទន្ទឹមគ្នា៕