បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦

…………………………….

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី ដែលមានដូចតទៅ៖

ទី១. រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងបន្ថែមទៀតចំពោះការរំលោភបំពានជាបន្តបន្ទាប់ដោយប្រទេសថៃ មកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងតំបន់មួយចំនួនដែលកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក។ ការតវ៉ាថ្មីនេះបានធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ បានវាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋខ្មែរចំនួន២ខ្នង នៅតំបន់បឹងត្រកួន ភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ឈូសឆាយដីលើកទំនប់ ដើម្បីត្រៀមសាងសង់សំណង់យោធារឹងមាំអចិន្ត្រៃយ៍ ព្រមទាំងបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ ដើម្បីសាងសង់លេណដ្ឋានយោធានៅបរិវេណវត្តអូរខ្លាឃ្មុំ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងម៉ាស៊ីនជីកអណ្តូងទឹកមួយកន្លែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបានវាយបំផ្លាញសំណង់ស៊ីវិលកម្ពុជា ក្នុងភូមិព្រៃចាន់ ក្នុងឃុំនិងស្រុកជាមួយគ្នា។ កម្ពុជាក៏តវ៉ាប្រឆាំងនាយឧត្តមសេនីយ៍ទ័ពជើងអាកាសថៃ ដែលបាននាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ (AOT-TH) រួមទាំងអ្នកសារព័ត៌មានថៃនិងបរទេសមកពិនិត្យអាគារមួយចំនួនស្ថិតនៅប៉ែកអាគ្នេយ៍នៃសណ្ឋាគារ រ៉ូយ៉ាល់អូស្មាច់និងរីស៊ត (Royal O Smach Hotel and Resort) សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃ រំលោភចូលកាន់កាប់ដោយខុសច្បាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក។

កម្ពុជាចាត់ទុក ការចូលមកទីតាំងទាំងនោះដោយគ្មានការអនុញ្ញាត គឺស្មើនឹងសកម្មភាពខុសច្បាប់នៃការអនុវត្តអំណាចរដ្ឋបាលរបស់ថៃមកលើដែនដីកម្ពុជា និងបដិសេធដាច់ខាតចំពោះការយកលេសបង្ក្រាបបទល្មើសដើម្បីរំលោភបំពានដែនដីកម្ពុជា។ សកម្មភាពទាំងនេះ គឺជាការបំពានអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ទី២. ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានលើកឡើងអំពីផលប៉ះពាល់បន្តបន្ទាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងមនុស្សធម៌ដែលកើតមានពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែង ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ២០.០០០ នាក់នៅតែបន្តភៀសខ្លួន ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។ ការលើកឡើងពីបញ្ហានេះបានធ្វើឡើងក្នុងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី២ក្នុងអំឡុងកិច្ចពិភាក្សាទូទៅស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏បានសម្តែងក្តីកង្វល់យ៉ាងធ្ងន់ធ្ងរ ចំពោះការបន្តសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការបង្កើតស្ថានភាពថ្មី (faits accomplis) នៅក្នុងតំបន់ដែលពួកគេកាន់កាប់ដោយខុសច្បាប់លើបូរណភាពទឹកដីកម្ពុជា និងបានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ រួមទាំងអធិបតេយ្យភាព បូរណភាពដែនដី និងការដោះស្រាយជម្លោះដោយសន្តិវិធី។

ទី៣. អង្គការយូណេស្កូបានចេញផ្សាយរបាយការណ៍ដោយបានបញ្ជាក់ពីទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារដែលបណ្តាលមកពីការវាយប្រហារប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ នេះគឺជារបាយការណ៍ផ្លូវការរបស់ក្រុមការងារបេសកកម្មរួម UNESCO–ICOMOS ដែលបានចុះពិនិត្យប្រាសាទព្រះវិហារពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយបានរកឃើញថា ផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស ភាពដើម និងតម្លៃសកលលេចធ្លោ របស់ប្រាសាទព្រះវិហារ។

របាយការណ៍បានកត់ត្រា ១៤២តំបន់ ដែលបានខូចខាតពីការវាយប្រហារក្នុងខែកក្កដា និង ៤២០តំបន់ដែលរងការខូចខាតពីការវាយប្រហារក្នុងខែធ្នូ ឆ្នាំ២០២៥ ហើយបានពិពណ៌នាថា ទំហំនៃការបំផ្លិចបំផ្លាញពីជម្លោះថ្មីនេះគឺមានលក្ខណៈធំធេង ដោយ «គ្មានតំបន់ណាមួយរួចផុតពីផលប៉ះពាល់ឡើយ» ហើយមិនត្រឹមតែសំណង់ប្រាសាទទេដែលរងការខូចខាត ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធនិងឧបករណ៍ទេសចរណ៍ក៏រងការខូចខាតដែរ។ របាយការណ៍បានវាយតម្លៃថា ប្រាសាទព្រះវិហារកំពុងស្ថិតក្រោម «គ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាក់លាក់ (serious and specific danger) ដែលត្រូវការប្រតិបត្តិការអភិរក្សដ៏សំខាន់ជាបន្ទាន់» ពីព្រោះប្រាសាទព្រះវិហារ មិនមែនជាមរតករបស់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែ ជាបេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។

ទី៤. កម្ពុជាស្វាគមន៍គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដែលគ្រោងនឹងបើកកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជានិងថៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងប្រទេសសិង្ហបុរី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង រួមទាំងគណៈប្រតិភូនិងក្រុមការងារច្បាប់កម្ពុជានឹងចូលរួមកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងដំណើរការដោះស្រាយទំនាស់ដែនសមុទ្រនៃប្រទេសទាំងពីរដោយសន្តិវិធីដែលកម្ពុជាបានផ្តួចផ្តើមឡើង បន្ទាប់ពីប្រទេសថៃបានបញ្ចប់ជាឯកតោភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី ដែលជាមូលដ្ឋានសម្រាប់ការចរចាលើការទាមទារតំបន់សមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរអស់រយៈពេលជាង២ទសវត្សរ៍កន្លងទៅ។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយជម្លោះរវាងរដ្ឋនានាដោយសន្តិវិធី៕