ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
…………………….
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងបូរណភាពទឹកដី៖
ទី១. តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ កាលនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសថា គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)បានបញ្ចប់កិច្ចប្រជុំលើកទី១របស់ខ្លួនជាមួយប្រទេសកម្ពុជានិងថៃ នៅប្រទេសសិង្ហបុរី។ ក្នុងអំឡុងពេលកិច្ចប្រជុំ កម្ពុជានិងថៃបានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការ និងបានសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា។ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មការផ្សះផ្សាដែលបានអនុវត្តវិធីសាស្ត្រដ៏ហ្មត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ។ គណៈកម្មការផ្សះផ្សានឹងបន្តទទួលបានទំនុកចិត្ត និងការគាំទ្រពេញទំហឹងពីកម្ពុជា ហើយគណៈកម្មការផ្សះផ្សាក៏នឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ទៀតជាមួយកម្ពុជានិងថៃក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមដោយស្ថាបនា និងដោយសុឆន្ទៈ ក្នុងគោលបំណងឈានទៅរកដំណោះស្រាយដោយយុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់ដែនសមុទ្ររវាងភាគីទាំងពីរ រួមទាំងការអភិវឌ្ឍធនធានថាមពលនៅក្នុងតំបន់ដែលមានការទាមទារត្រួតគ្នាដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី ហើយកម្ពុជាចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ និងមានទំនុកចិត្តពេញលេញលើដំណើរការផ្សះផ្សានេះ។
ក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំកាលពីថ្ងៃទី១៥ ខែកញ្ញា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា បានគូសបញ្ជាក់ច្បាស់ៗថា៖ «គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺការសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃសម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។ ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រនិងទាំងការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS»។
សូមបញ្ជាក់ជូនថា កម្ពុជាបានសម្រេចផ្តួចផ្តើមប្រើនីតិវិធីផ្សះផ្សាដោយបង្ខំ(Compulsory Concilitaion) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាស នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ពីការលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ (MOU-2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ពាក់ព័ន្ធនឹងព្រំដែនសមុទ្រ និងការអភិវឌ្ឍធនធានដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ដោយឈរលើមូលដ្ឋាននៃការគោរពគោលការណ៍នីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសក្នុងសុន្ទរកថាពិសេសនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមក្របខ័ណ្ឌ UNCLOS ជាផ្លូវការ និងបានគូសបញ្ជាក់ថា៖ «កម្ពុជាក៏ដូចជាថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយប្រកបដោយយុត្តិធម៌និងចីរភាព ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្តិវិធីនេះ ក៏នឹងរួមចំណែកដល់ការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»។ ជម្រើសរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានការគាំទ្រពីគ្រប់ស្ថាប័នជាតិ និងពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលឆ្លុះបញ្ចាំងពីកម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដ៏រឹងមាំនៅជុំវិញរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។
ទី២. ចំពោះព្រំដែនគោកឯណេះវិញ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ពួកគេបានស្តាប់បទបង្ហាញអំពីសកម្មភាពដាក់ពង្រាយទូរកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងយោធាថៃ ដែលធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលចូលលំនៅដ្ឋានពួកគេវិញបាននៅឡើយ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ សកម្មភាពដូចបានលើឡើងខាងលើនេះសបញ្ជាក់ពីការទូតសកម្ម រស់រវើក និងឥតឈប់ឈររបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី (ទាំងដែនគោកនិងដែនសមុទ្រ) តាមមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដោយមិនធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយ៕
សូមអរគុណ!