ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូននូវព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន ដែលមានដូចតទៅ៖
ទី១. រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាជាថ្មីទៀត ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធថៃ ដែលបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ កម្ពុជាចាត់ទុកសកម្មភាពនេះថា ជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមា ដោយផែនទីខ្នាត ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
សកម្មភាពទាំងនេះក៏រំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងប្រទេសទាំងពីរស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក និងរំលោភលើសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តវាស់វែងនិងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពទាំងនេះ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ និងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកដើម្បីសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងជំហានឆ្ពោះទៅស្តារសន្តិភាព ស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា ការតវ៉ាពិតជាមានសារៈសំខាន់មិនអាចខ្វះបានដើម្បីបញ្ជាក់ពីភាពជាម្ចាស់ស្របច្បាប់របស់កម្ពុជានៅលើទីតាំងមួយចំនួន ដែលយោធាថៃដណ្តើមកាន់កាប់ដោយខុសច្បាប់អន្តរជាតិនៅតាមបណ្តាយព្រំដែន។ ការតវ៉ាផ្លូវការនេះក៏ជាឯកសារដែលមានតម្លៃគតិយុត្តដើម្បីប្រើប្រាស់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាស្របតាមច្បាប់អន្តរជាតិជាធរមាន។ ការតវ៉ាផ្លូវការក៏មានសារៈសំខាន់ក្នុងការរក្សាអាជ្ញាយុកាលនៃការទាមទារទឹកដី រហូតទាល់តែមានដំណោះស្រាយជាស្ថាពរមួយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នាពេលអនាគត។
ការណ៍នេះសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងយោធាថៃ។ ជំហរការពារទឹកដីដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលផ្ទុយស្រឡះពីការចោទប្រកាន់មួលបង្កាច់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលធ្វើនយោបាយបម្រើបរទេសឈ្លានពាន និងដែលកំពុងទទួលការថ្កោលទោសយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋគ្រប់ទិសទី។
ទី២. ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពនៅក្នុងជំរំជនភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋចំនួនជាង ៣ ៣០០ គ្រួសារ ស្មើនឹងជាង ១៣ ០០០ នាក់ ដែលកំពុងរស់នៅទីនោះដោយនៅពុំទាន់អាចវិលចូលទៅរស់នៅក្នុងលំនៅដ្ឋានពួកគាត់វិញបាននៅឡើយ ដោយសារផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី ដោយការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង និងគ្រាប់ផ្លោង ព្រមទាំងការចូលកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ។
បេសកកម្មចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ដោយផ្ទាល់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅឯជំរំជនភៀសសឹកខាងលើ បានផ្តល់ឱកាសឱ្យគណៈប្រតិភូបានឃើញដោយផ្ទាល់នូវផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅតែបន្តប្រឈម និងក៏បានឃើញយ៉ាងច្បាស់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមា ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
ជាក់ស្តែង នៅត្រង់ចំនុចទី៣ និងទី៤ នៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចែងនិងបញ្ជាក់ច្បាស់ពីការប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ដើម្បីបន្តចុះវាស់វែង និងខណ្ឌសីមាឱ្យបានច្បាស់លាស់ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់អាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែ រហូតមកទល់ពេលនេះ ភាគីថៃនៅមិនទាន់អនុវត្តចំណុចទាំងនេះនៅលើដីជាក់ស្តែងនៅឡើយទេ៕