ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិនូវព័ត៌មានសំខាន់ៗពីរាជរដ្ឋាភិបាល ក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ ដូចតទៅ៖
ទី១. សមិទ្ធផលធំៗលេចចេញរូបរាងជាបន្តបន្ទាប់ក្រោមម្លប់សុខសន្តិភាព៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាបន្តបន្ទាប់នូវសមិទ្ធផលធំៗដែលជាប្រយោជន៍សម្រាប់ជាតិនិងប្រជាជន។ ជាក់ស្តែង សម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. ដែលមានទីតាំងក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
រោងចក្រផ្គុំដំឡើងរថយន្តថ្មីនេះ ជាការវិនិយោគនិងគ្រប់គ្រងប្រតិបត្តិការដោយកូនខ្មែរ ១០០% និងដែលមានសមត្ថភាពផ្គុំដំឡើងរថយន្តបានប្រមាណ ២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ក្នុងនោះ ៩០% សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង ១០% សម្រាប់នាំចេញ ដោយបង្កើតការងារជំនាញបច្ចេកទេសជូនប្រជាពលរដ្ឋកម្ពុជាចំនួន២៥០នាក់។ វត្តមាននៃរោងចក្រនេះឆ្លុះបញ្ចាំងពីការបោះជំហានជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការធ្វើបរិវត្តកម្មវិស័យឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម (ដែលពឹងផ្អែកលើកម្លាំងពលកម្ម) ទៅជាឧស្សាហកម្មដែលប្រើប្រាស់មូលធន បច្ចេកវិទ្យា និងជំនាញកម្រិតខ្ពស់។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំនិងតម្លើងរថយន្តសរុបចំនួន១៥ ក្នុងនោះរោងចក្រ១០កំពុងដំណើរការ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ ចំនួនរោងចក្រដែលបានចុះបញ្ជីនៅកម្ពុជាមានជាង៣ពាន់ ជាមួយទុនវិនិយោគជាង២៨ពាន់លានដុល្លារ។
កាលពីថ្ងៃទី១៦ ខែកញ្ញា សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួងម៉ែ ក្នុងរាជធានីភ្នំពេញ ដែលមានឯកទេសព្យាបាលជំងឺមហារីក ដោយមានការបំពាក់ឧបករណ៍បរិក្ខារទំនើបៗកម្រិតស្តង់ដារអន្តរជាតិ។ វត្តមាននៃមន្ទីរពេទ្យឯកទេសនេះ គឺដើម្បីជួយកាត់បន្ថយបន្ទុកចំណាយ និងជួយសង្គ្រោះពលរដ្ឋពីជំងឺរាំរ៉ៃ។ មន្ទីរពេទ្យហ្លួងម៉ែ ប្រកាន់ខ្ជាប់ស្មារតី «គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញនិងបេះដូង» និងអនុវត្តគោលការណ៍ «៣ ឆាប់» គឺ «រកឃើញឆាប់ បញ្ជូនឆាប់ និងព្យាបាលឆាប់»។
សម្ដេចធិបតីគូសរំលេចអំពីសមិទ្ធផលសំខាន់ៗក្នុងវិស័យសុខាភិបាលសម្រាប់រយៈពេល៣ឆ្នាំនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដូចជា៖ មណ្ឌលសុខភាពទូទាំងប្រទេសដែលអាចផ្ដល់សេវា២៤ម៉ោង/៧ថ្ងៃ មានរហូតដល់ ៩៩,៣%។ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ១៨លានដុល្លារ ដើម្បីកែលម្អមន្ទីរពេទ្យបង្អែកចំនួន៦១ ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺនិងជនរងគ្រោះ បណ្តុះបណ្តាលគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេសពាក់ព័ន្ធនឹងការសង្គ្រោះបឋមនិងសង្គ្រោះបន្ទាន់បានជិត ២ ៧០០នាក់ នៅគ្រប់រាជធានី-ខេត្ត។ លើសពីនេះការពង្រឹងគុណភាពឱសថ និងសម្ភារបរិក្ខារ និងការផ្តល់ថ្នាំលើសសម្ពាធឈាម និងទឹកនោមផ្អែមជូនអ្នកជំងឺបានពី១៥ ទៅ ៣០ថ្ងៃ។ ក្រសួងសុខាភិបាលក៏បានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាតេស្ត HPV PCR នៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកជាច្រើន។
សមិទ្ធផលធំៗទាំងនេះបានផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់ប្រទេសជាតិ និងប្រជាជន និងបានលេចចេញជារូបរាងឡើងក្នុងចំណោមសមិទ្ធផលតូច-ធំ រាប់មិនអស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ សមិទ្ធផលទាំងនេះមិនអាចកើតមានឡើយប្រសិនបើគ្មានសុខសន្តិភាព និងគ្មានការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា។
ទី២. សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីភាពម៉ឺងម៉ាត់ ដាច់ខាតរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់ដោយគ្មានបង្អែបង្អង់ មិនអត់ឱន និងមិនឈប់ឈរឡើយ។ សម្តេចនាយករដ្ឋមន្ត្រីក៏បានព្រមានដល់មន្ត្រីរាជរដ្ឋាភិបាល ឬមន្ត្រីអាជ្ញាធររូបណាដែលមិនហ៊ានចាត់វិធានការចំពោះបណ្តាញឆបោកនេះ សូមឱ្យលាលែងចេញពីតំណែង។ សម្តេចធិបតីក៏ព្រមានចាត់វិធានការវះកាត់មិនលើកលែងចំពោះមន្ត្រីដែលគប់គិតក្នុងរឿងនេះ។ ការបញ្ជាក់ច្បាស់ៗអំពីរឿងនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាឱកាសដែលសម្តេចអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យហ្លួងម៉ែ ក្នុងរាជធានីភ្នំពេញ។
សម្តេចធិបតីក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋដែលបាត់បង់ផលប្រយោជន៍ ដោយសារតែយុទ្ធនាការបង្ក្រាបការឆបោកតាមបច្ចេកវិទ្យាដ៏សកម្មនេះ ពីព្រោះរាជរដ្ឋាភិបាលប្តូរផ្តាច់មិនអនុញ្ញាតឱ្យបញ្ហាមួយនេះបន្តធ្វើឱ្យកម្ពុជាខូចឈ្មោះនៅលើឆាកអន្តរជាតិបន្តទៀតឡើយ។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំ អមជាមួយសកម្មភាពជាក់ស្តែង និងលទ្ធផលដែលទទួលបានពីការបង្ក្រាបស្កេមអនឡាញយ៉ាងសកម្មនេះបង្ហាញថា កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែ គឺជាប្រទេសដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរឹង និងសកម្មបំផុតមួយនៅក្នុងតំបន់។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាអាទិភាពខ្ពស់បំផុតមួយដែលពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានប្រសិទ្ធភាពនិងសង្គតិភាព រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើនដើម្បីធានាថា ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅដោយត្រឹមត្រូវតាមនីតិវិធីនិងគ្មានការខ្វះចន្លោះ។ ទាំងនេះ គឺជាទឡ្ហីករណ៍យ៉ាងច្បាស់លាស់ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបស្កេមអនឡាញឱ្យអស់ពីកម្ពុជា។ ដើម្បីជាសក្ខីភាពនៃការប្តេជ្ញាចិត្តនេះ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញានេះ៕