ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
…………………….
ថ្ងៃទី២១ ខែកញ្ញានេះ គឺជា «ទិវាសន្តិភាពអន្តរជាតិ» ដែលក្នុងឆ្នាំ២០២៦នេះប្រារព្ធឡើងក្រោមប្រធានបទ «វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ ក្នុងសារឧទ្ទិសចំពោះទិវាដ៏វិសេសវិសាលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងចូលរួមដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិដើម្បីកាត់បន្ថយភាពតានតឹង និងដើម្បីកសាងទំនុកចិត្ត ឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែន ក៏ដូចជាការរួមរស់ប្រកបដោយភាពសុខដុមរមនារវាងប្រជាជននៃប្រទេសជិតខាងទាំងពីរ។
សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃសន្តិភាព ការគោរពអធិបតេយ្យ និងការដោះស្រាយវិវាទដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិដើម្បីភាពសុខសាន្តរបស់ប្រជាជន និងសូមឱ្យកម្លាំងសាមគ្គីភាពរបស់យើងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការជួយពង្រឹងសន្តិភាព។ ក្នុងឱកាស «ទិវាសន្តិភាពអន្ដរជាតិ» នេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធគ្រប់រូបដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ក្នុងការការពារជាតិមាតុភូមិ និងសុខសន្តិភាពជូនប្រជាជននៅគ្រប់ដំណាក់កាល និងសូមអរគុណចំពោះស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគាំទ្របុព្វហេតុដ៏ឧត្ដុង្គឧត្តមនេះ។
សម្តេចធិបតីបានគូសបញ្ជាក់ថា បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់ និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានឡើយ ប្រសិនបើខ្វះឆន្ទៈនយោបាយពិតប្រាកដ និងខ្វះការអនុវត្តជាក់ស្ដែងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់។ ដើម្បីឱ្យសន្តិភាពអាចចាក់ឫសយ៉ាងជ្រៅ មានភាពរឹងមាំនិងចីរភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពអធិបតេយ្យ ការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង និងការអនុវត្តកាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងយន្តការពហុភាគី ជាពិសេសការជ្រើសរើសយកវិធីសាស្ត្រដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។
«សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា។ សន្តិភាពបានផ្ដល់ឱកាសមាសឱ្យប្រទេសយើងអាចស្តារ និងកសាងជាតិឡើងវិញ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់និងសកលលោក» នេះជាការគូសរំលេចរបស់សម្តេចនាយករដ្ឋមន្ត្រី។ សម្តេចបានរម្លឹកថា បើទោះបីជាជ័យជម្នះ ៧មករា ១៩៧៩ បានសង្គ្រោះប្រជាជនយើងផុតពីជ្រោះមរណៈ និងពីក្តីវិនាសអន្តរាយក្នុងរបបខ្មែរក្រហមដ៏សាហាវព្រៃផ្សៃ និងសូម្បីតែក្រោយមានកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ ដែលសម្រេចបានតាមការចរចាយ៉ាងស្វិតស្វាញនិងប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប.ក៏ដោយ ក៏ប្រជាជាតិយើងមិនទាន់បានឆ្លងផុតពីសង្គ្រាមនិងជម្លោះផ្ទៃក្នុងនៅឡើយទេ។ រហូតដល់ចុងឆ្នាំ១៩៩៨ តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកជីវិតទៅធានាការអនុវត្តប្រកបដោយជោគជ័យត្រចះត្រចង់ ទើបកម្ពុជាអាចបញ្ចប់បានទាំងស្រុងនូវសង្គ្រាមស៊ីវិលដែលបានអូសបន្លាយជិត៣ទសវត្សរ៍។ នយោបាយ «ឈ្នះ-ឈ្នះ» នេះហើយសម្រេចបានសន្តិភាពពេញលេញ និងឯកភាពជាតិជាធ្លុងមួយ និងជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុត មិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនៃដំណើរជាតិកម្ពុជា។
ពីប្រទេសដែលស្វែងរកសន្តិភាព កម្ពុជាបាននិងកំពុងចូលរួមចំណែកប្រកបដោយមោទនភាពក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោក។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកងកម្លាំងថែរក្សាសន្តិភាពសរុបជាង១ម៉ឺននាក់ (ក្នុងនោះមានស្ត្រីជាង ១ពាន់នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប. នៅក្នុងប្រទេសចំនួន១០គឺ៖ ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។ ដោយសារសុខសន្តិភាពជាគ្រឹះ កម្ពុជាក៏បន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ព្រមទាំងបានជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងសក្តានុពលផលិតកម្មក្នុងស្រុក និងការវិនិយោគលើវិស័យឡូហ្ស៊ីស្ទិក សន្តិសុខថាមពល រួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនានា។ ជាក់ស្តែង ឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងរង្វង់ជាង៤%។ ទោះជាយ៉ាងនេះក្តី សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត កំណើនសេដ្ឋកិច្ចតែមួយមុខ មិនមែនជាគោលដៅចុងក្រោយបង្អស់នោះឡើយ។ អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺការធ្វើឱ្យកំណើននេះឆ្លុះបញ្ចាំងដោយផ្ទាល់ទៅលើការបង្កើតឱកាសការងារថែមទៀត ការកើនឡើងនូវប្រាក់ចំណូល ការអភិវឌ្ឍជំនាញពិតប្រាកដ ការលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាសាធារណៈចាំបាច់ ព្រមទាំងការផ្តល់ទំនុកចិត្តលើអនាគតដ៏ភ្លឺស្វាងជូនប្រជាពលរដ្ឋគ្រប់រូប។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា សម្តេចតេជោ ហ៊ុន សែន គឺជាបិតាស្ថាបនិកនិងប្រតិបត្តិករសន្តិភាពគ្មាន២ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា។ ឈរលើមូលដ្ឋានគ្រឹះនៃសន្តិភាព រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តផ្តល់តម្លៃយ៉ាងខ្ពស់ដល់សន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពានទឹកដីពីប្រទេសថៃ សន្តិភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុត ទន្ទឹមគ្នានឹងកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី។ ការអនុវត្តបទឈប់បាញ់ហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការការទូតនិងច្បាប់អន្តរជាតិវិញ គឺជាឧទាហរណ៍ជាក់ស្តែងដែលបញ្ជាក់ពីការផ្តល់តម្លៃដល់សន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដដែលផ្ទុយស្រឡះពីការចោទប្រកាន់ មួលបង្កាច់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលតែងតែចំអកឡកឡឺយដល់សន្តិភាព និងបញ្ឆេះសង្គ្រាមដើម្បីបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួននិងបម្រើបរទេសឈ្លានពានយ៉ាងចំហរដោយឥតអៀនខ្មាស់។
ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរស្គាល់ច្បាស់នូវតម្លៃសន្តិភាព និងមានសុភវិនិច្ឆ័យគ្រប់គ្រាន់ក្នុងការការពារសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ដោយរក្សាបាននូវកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំនៅជាមួយរាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហាននៃយើងជានិច្ចដោយឥតងាករេ៕
សូមអរគុណ!