ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
…………………….
សន្និសីទអន្តរជាតិស្តីពីការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបើកធ្វើជាផ្លូវការហើយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្នុងរាជធានីភ្នំពេញ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។ សន្និសីទអន្តរជាតិនេះធ្វើឡើងក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា និងដៃគូអន្តរជាតិ មកពីជុំវិញពិភពលោក។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ចាត់ទុកព្រឹត្តិការណ៍ដ៏ធំនេះ ដែលកើតឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ថា ជាកិត្តិយស និងជាការទទួលស្គាល់នូវលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្ក្រាបបណ្តាញឆបោកតាមអនឡាញដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តធ្វើយ៉ាងសកម្មខ្លាំងក្លាបំផុត។ នេះគឺជាលទ្ធផលនៃការប្តេជ្ញាចិត្តដ៏មុតមាំ និងវិធានការដ៏ម៉ឺងម៉ាត់និងមុតស្រួចរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងអនឡាញស្គេម។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ជាអាទិភាពខ្ពស់មួយដែលពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ ចាប់តាំងពីអាណត្តិទី៦ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដល់នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់បំផុត ព្រមទាំងបានធ្វើសកម្មភាពជាក់ស្តែងក្នុងការបង្រ្កាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដោយគ្មានការអត់ឱន និងប្រកបដោយភាពម៉ឺងមាត់បំផុត ដូចមានសកម្មភាពការងារ និងប្រសាសន៍ដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំដែលរួមមានដូចខាងក្រោម៖
១- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងដល់មន្ត្រីក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ឱ្យបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់ដោយគ្មានបង្អែបង្អង់ មិនអត់ឱន និងមិនលើកលែង។ គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺមិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូលតាមរយៈការដកហូតសមត្ថភាពប្រតិបត្តិការ ការកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងការបិទច្រកប្រតិបត្តិការទាំងអស់ ដើម្បីបញ្ឈប់បញ្ហានេះឱ្យបានជាក់ស្តែងនិងយូរអង្វែង។ នេះបង្ហាញថា កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែ គឺជាប្រទេសដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងតឹងរឹង និងសកម្មខ្លាំងក្លាបំផុតមួយនៅក្នុងតំបន់។
២- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានចាត់ទុកការបោសសំអាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ថាជាកិច្ចការចាំបាច់ដែលត្រូវបន្តធ្វើរហូតទាល់តែអស់ជាដាច់ខាត ពីព្រោះក្រុមនេះបានមកសម្ងំលាក់ខ្លួនក្នុងប្រទេសកម្ពុជា និងបានបំផ្លាញមុខមាត់ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយបញ្ហានេះនឹងក្លាយជាការគំរាមកំហែងដ៏ធំមួយសម្រាប់កម្ពុជានាពេលអនាគត។ ទន្ទឹមនឹងកោតសរសើរ រាជរដ្ឋាភិបាលដែលបានប្រកាន់យកការទទួលខុសត្រូវចំពោះរឿងនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានផ្តល់អនុសាសន៍បន្ថែមជូនរាជរដ្ឋាភិបាលថា ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែដើរទន្ទឹមគ្នានឹងការបង្ក្រាបមន្ត្រីដែលពាក់ព័ន្ធ និងចាត់ការចំពោះមន្ត្រីដែលអសកម្មក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ។
៣- ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះមានប្រសិទ្ធភាពនិងសង្គតិភាព រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើនដើម្បីធានាថា ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅដោយត្រឹមត្រូវតាមនីតិវិធី និងគ្មានការខ្វះចន្លោះ។ កម្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញមានដូចជា៖ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានគោលដៅបំពេញចន្លោះប្រហោងតាមរយៈការបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ និងបង្កើនទម្ងន់ទោសឱ្យធ្ងន់ជាងមុនដើម្បីធានាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ, បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងប្រកាសអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ។
ជាលទ្ធផល ទីតាំងប្រមូលផ្តុំធំៗត្រូវបានបង្ក្រាប និងបោសសម្អាត ខណៈដែលក្រុមតូចៗដែលនៅសេសសល់ចុងក្រោយ កំពុងត្រូវបានអាជ្ញាធរមានសមត្ថកិច្ច តាមប្រម៉ាញ់យ៉ាងតឹងរ៉ឹងបំផុត។ នេះសបញ្ជាក់ពីឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា ក្នុងការលុបបំបាត់បណ្តាញឆបោកឆ្លងដែនមួយនេះឱ្យទាល់តែអស់ ដូចដែលប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៃសន្និសីទអន្តរជាតិដែលកំពុងប្រព្រឹត្តទៅនៅកម្ពុជានាពេលនេះបានបញ្ជាក់ស្រាប់៕