សម្តេចធិបតី ណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត

សម្តេចធិបតី ណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់តាមដានសភាពការណ៍គ្រោះទឹកជំនន់ ដោយត្រូវកំណត់ទីតាំងសុវត្ថិភាពដែលធ្លាប់មាន និងជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាព

………………….

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ សម្តេចធិបតី ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់តាមដានសភាពការណ៍ ដោយត្រូវកំណត់ទីតាំងសុវត្ថិភាពដែលធ្លាប់មាន និងអាទិភាពជីវិតប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់។ បន្ថែមលើនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមអន្តរាគមន៍គ្រប់មធ្យោបាយសម្រាប់ជួយសង្គ្រោះ ដោយសហការនិងគាំទ្រដល់រដ្ឋបាលរាជធានី ខេត្ត។ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តតាមដាននិងព្យាករណ៍អាកាសធាតុ ជាពិសេសការប្រែប្រួលកម្ពស់ទឹក ត្រូវបង្កើនការជូនដំណឹងជាប្រចាំនិងទាន់ពេលវេលាដល់ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ងាយរងគ្រោះ និងតាមបណ្តោយមាត់ទន្លេ ដើម្បីត្រៀមបង្ការហានិភ័យខ្ពស់ចំពោះជីវិតមនុស្ស សត្វពាហនៈ និងទ្រព្យសម្បត្តិ និងជូនដំណឹងណែនាំដល់ប្រជានេសាទនៅតាមសមុទ្រ ឱ្យមានការយកចិត្តទុកដាក់លើអាកាសធាតុ និងគ្រោះថ្នាក់ផ្សេងៗ៕