សម្តេចធិបតី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”
……………………..
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលបានបញ្ចប់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ជាមួយនិងការអនុម័ត “សេចក្តីប្រកាសទីក្រុងភ្នំពេញ”។ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមានប្រសាសន៍ថា តាមរយៈសន្និសីទនេះ កម្ពុជាបានបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិអំពីការប្តេជ្ញាចិត្តដ៏មុតស្រួចក្នុងការទប់ស្កាត់ និងបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សមិទ្ធផលនេះ បានទទួលការអបអរសាទរនិងទទួលការគាំទ្រពីបណ្តាប្រទេសជាមិត្តនិងអង្គការអន្តរជាតិនានា ដែលបានទទួលស្គាល់ថា ពុំទាន់មានប្រទេសណាមួយអាចដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយឯកឯងឡើយ ពោលគឺ មានតែកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការគោរពដែនអធិបតេយ្យប៉ុណ្ណោះ ទើបជាដំណោះស្រាយដ៏ពិតប្រាកដនិងចីរភាព៕