បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦

…………………………….

«ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល» នេះជាសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពេលអញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ សម្តេចក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ដែលបានរួមគ្នាសង្គ្រោះប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព នៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានាដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រដល់ការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនជនរួមជាតិជ្រាបថា នេះមិនមែនជារឿងថ្មីទេសម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលពួកគេជួបការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ។ ប្រពៃណីផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខ និងបម្រើប្រជាពលរដ្ឋ គឺជាគុណធម៌ និងជាអត្តសញ្ញាណរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ។

ជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហោះរូបថតពីរសន្លឹកក្នុងនោះមួយសន្លឹកជារូបសម្តេចជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កាលពីឆ្នាំ២០០០ ពេលដែលសម្តេចនៅជានាយករដ្ឋមន្ត្រី និងមួយសន្លឹកទៀតជារូបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឆ្នាំ២០២៦ នេះ អមដោយចំណងជើងខ្លីនិងមានអត្ថន័យជ្រាលជ្រៅថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ដែលមានន័យថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាតែងតែបន្តប្រពៃណីរួមសុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ចដោយឥតប្រែប្រួល មិនខុសពីអ្នកដឹកនាំរៀមច្បងរបស់ខ្លួនឡើយ ពោលគឺ «ទីណាពលរដ្ឋមានទុក្ខ មានមុខសម្តេចតេជោ-ធិបតី» និងមន្ត្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចាំជួយពលរដ្ឋជានិច្ច។

ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទើបតែបានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ។ ប្រជាពលរដ្ឋចំនួនប្រមាណជា៤លាន៦សែននាក់ នៅទូទាំងប្រទេសទទួលបានការឧបត្ថម្ភពីគម្រោងនេះ ដោយក្នុងមួយគ្រួសារទទួលបាន៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន៨ពាន់រៀលសម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង៤ម៉ឺនរៀលសម្រាប់អ្នករស់នៅទីជនបទ។ លើសពីនេះ សមាជិកគ្រួសារម្នាក់ៗទទួលបានថវិកាឧបត្ថម្ភបន្ថែម៥ពាន់រៀលស្មើៗគ្នា និងត្រូវទទួលបាន៤លើករហូតដល់ដំណាច់ឆ្នាំ២០២៦។ កម្មវិធីនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចុះតម្លៃប្រេង និងបញ្ចុះឬកាត់ចោលពន្ធអាករលើប្រេងសាំងនិងប្រេងម៉ាស៊ូត យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែបានគិតគូរនិងយកចិត្តទុកដាក់ជាប្រចាំលើសុខុមាលភាពនិងជីវភាពរបស់ពលរដ្ឋជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន ដោយដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួនដូចជា៖ (១)កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ (២)កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និង(៣)កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីអន្តរាគមន៍ពិសេសជូនគ្រួសារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានទឹកដីនៅតាមព្រំដែនជាដើម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនជ្រាបថា ក្រៅពីស្វែងរកសន្តិភាព ថែរក្សាសន្តិភាព ស្ថិរភាពសង្គម-នយោបាយ និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស និងជីវភាពគ្រួសារ គោលនយោបាយគិតគូរដល់ជីវភាពពលរដ្ឋក្រីក្រតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់ក៏ត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ជាក់ស្តែង ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីជួយឧបត្ថម្ភពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់។

ប្រពៃណីនេះត្រូវបានបន្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមយ៉ាងទូលំទូលាយ និងប្រកបដោយមហិច្ឆតា តាមរយៈការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដូចជាស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ការផ្តល់អាហារូបករណ៍ដល់កុមារក្រីក្ររហូតដល់ចប់មធ្យមសិក្សា ការឧបត្ថម្ភសាច់ប្រាក់ជនមានពិការភាព និងជនចាស់ជរាអាយុ៦០ឆ្នាំឡើង។ ក្រៅពីនោះ រាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះនូវសេវាថែទាំសុខភាព ការអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសដល់យុវជនដោយឥតគិតថ្លៃ ក្រោមអភិក្រម «មិនបោះបង់ពលរដ្ឋណាម្នាក់ចោល» នោះឡើយ៕

សូមអរគុណ!