ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
…………………………….
គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនដែលមានអាយុចាប់ពី១៨ ដល់ ២៥ ឆ្នាំ ហើយដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅឯមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ ដែលស្ថិតក្នុងមូលដ្ឋានរបស់បងប្អូនផ្ទាល់។
ទន្ទឹមគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារពិសេសជូនប្រជាពលរដ្ឋខ្មែរដោយគូសបញ្ជាក់ថា ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ ឯកឧត្តម នាយឧត្តមសេនីយ៍បន្តថា ក្នុងបរិបទដែលសង្គមនិងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបានការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាពដើម្បីធានាការពារអធិបតេយ្យភាព បូរណភាពទឹកដីនិងប្រជាជន ក៏ដូចជាការពារសុខសន្តិភាព។
ប្រមុខការពារជាតិកម្ពុជាបន្តទៀតថា ការអនុវត្តកាតព្វកិច្ចយោធា និងផ្ដល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួលខុសត្រូវដែលអាចចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិនៃយើង។ ការចូលរួមហ្វឹកហាត់យោធាក៏នឹងធ្វើឱ្យយុវជនអាចពង្រឹងកម្លាំងកាយ ចិត្តគំនិត ប្រកបដោយជំនាញ បទពិសោធន៍ បង្កើនភាពជឿជាក់ មានទំនុកចិត្តកាន់តែប្រសើរ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមគាំទ្រផ្ដល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់ច្បាស់អំពីគោលបំណងនៃការអនុវត្តច្បាប់នេះ។ ការគាំទ្ររបស់ក្រុមគ្រួសារនិងសង្គម មានសារៈសំខាន់បំផុតចំពោះការត្រៀមខ្លួនរបស់យុវជន ហើយដំណើរការជ្រើសរើសត្រូវអនុវត្តតាមលក្ខខណ្ឌនិងនីតិវិធី ដែលបានកំណត់ ប្រកបដោយតម្លាភាព និងស្មើភាព។
ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់ទុកជាការបណ្ដុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ។ យោងតាមសម្តេចធិបតី គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់បានសង្កត់ធ្ងន់ថា៖ «សមត្ថភាពការពារជាតិនៃប្រទេសមួយ មិនមែនអាស្រ័យត្រឹមតែលើគ្រឿងសព្វាវុធ និងឧបករណ៍ទំនើបៗនោះទេ។ ប្រទេសជាតិមួយដែលខ្លាំងក្នុងកិច្ចការការពារជាតិ គឺដោយសារមានកងទ័ពដែលពោរពេញដោយភាពអង់អាចក្លាហាន មោះមុត និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិដោយឥតលក្ខខណ្ឌ ព្រមទាំងមានប្រជាជនទាំងមូលនៅពីក្រោយ»។ ជារួម សម្តេចធិបតី នាយករដ្ឋមន្ត្រីមានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធាដោយចាត់ទុកថា នោះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមដែលខ្លួនបានហ្វឹកហាត់ចំណេះជំនាញមួយដ៏មានសារៈសំខាន់បំផុតដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅពេលណាដែលជាតិត្រូវការ ជំនួសឱ្យការព្រួយបារម្ភពីការខាតប្រយោជន៍ផ្ទាល់ខ្លួននៅពេលចូលបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ។
សម្តេចធិបតី ចាត់ទុកបទពិសោធន៍និងការឈឺចាប់រយៈពេលជាងមួយឆ្នាំចុងក្រោយនេះ ជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯង ហើយកូនខ្មែរទាំងអស់ ជាពិសេសយុវជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវត្រៀមខ្លួនដើម្បីជួយ។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្មេង ទាំងចាស់ ទាំងនៅក្នុងនិងក្រៅប្រទេស ទាំងមន្ត្រីរាជការ និងវិស័យឯកជន ដែលបានចូលរួមចំណែកជាមួយវីរកងទ័ពដើម្បីការពារជាតិ។ ទោះជាយ៉ាងណា សម្ដេចនាយករដ្ឋមន្ត្រីមិនចង់ឱ្យស្មារតីនេះមានត្រឹមតែភ្លើងចំបើងប៉ុណ្ណោះទេ តែចង់ឱ្យស្មារតីនេះប្រែក្លាយទៅជាសកម្មភាពត្រៀមលក្ខណៈដ៏ពេញលេញមួយដើម្បីជួយប្រទេសជាតិ»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី កាលពីចុងខែឧសភាកន្លងទៅបានប្រកាសត្រៀមបញ្ជូនចៅៗរបស់សម្ដេចដែលគ្រប់អាយុឱ្យបំពេញកាតព្វកិច្ចយោធាស្របតាមច្បាប់ដែលបានកំណត់។ សម្តេចតេជោបញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាធ្វើឡើងដោយស្មើភាពគ្នា ហើយចៅៗរបស់សម្តេចក៏បានត្រៀមអនុវត្តច្បាប់នេះដោយគ្មានការលើកលែង៕
សូមអរគុណ!