ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦
…………………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនជនរួមជាតិ អំពីការបន្តការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៖
ទី១. បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៦ ដែលបានលាតត្រដាងការពិតអំពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ការបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់សម្បត្តិបេតិកភណ្ឌ ហានីភ័យនៃកាកសំណល់គ្រាប់មិនទាន់ផ្ទុះ និងការរារាំងប្រជាពលរដ្ឋភៀសសឹកជាង២ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ការងារការទូតរបស់រាជរដ្ឋាភិបាលនៅតែបន្តធ្វើយ៉ាងសកម្ម និងឥតឈប់ឈរឡើយ។
ជាក់ស្តែង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ បានជួបប្រជុំជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយឯកឧត្តមឯកអគ្គរាជទូតបានស្នើឱ្យមានការបន្តយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សរបស់ប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព ដោយគ្មានការរារាំង និងសេចក្តីថ្លៃថ្នូរ។ តំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានជម្រាបជូនដៃគូសន្ទនាអំពីប្រវត្តិសាស្ត្រ និងបរិបទជាតិកម្ពុជា ដោយបានគូសបញ្ជាក់អំពីបទពិសោធន៍នៃជម្លោះជាច្រើនទសវត្សរ៍ ដែលធ្វើឱ្យកម្ពុជាយកចិត្តទុកដាក់ខ្លាំងចំពោះសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ ព្រមទាំងសុខុមាលភាព និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋ។
ទី២. នៅឯក្នុងប្រទេសឯណេះវិញ ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ប្រចាំភាគីទាំងពីរ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដូចជាសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
ទី៣. ដោយឡែក កិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានប្រព្រឹត្តទៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃបេសកកម្មផ្តល់យោបល់របស់អ្នកជំនាញការអន្តរជាតិ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញស្ដីពីបេតិកភណ្ឌនិងប្រាសាទ របស់អង្គការយូណេស្កូ ដែលបានចុះពិនិត្យវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦ និងលទ្ធផលនៃកិច្ចអន្តរាគមន៍បន្ទាន់ដើម្បីសង្គ្រោះប្រាសាទព្រះវិហារ តាមអនុសាសន៍របស់អង្គការយូណេស្កូ។
ក្រៅពីនោះ អង្គប្រជុំក៏បានពិនិត្យឃើញមានកិច្ចការបន្ទាន់មួយចំនួនដែលត្រូវអនុវត្តបន្តទៀតដើម្បីសង្គ្រោះប្រាសាទព្រះវិហារ និងបានបន្តក្ដីព្រួយបារម្ភចំពោះស្ថានភាពខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីការវាយប្រហារប្រដាប់អាវុធក្នុងឆ្នាំ២០២៥ ពីសំណាក់កងទ័ពថៃ។ ស្ថានការណ៍នេះក៏បានរំលឹកអំពីសារៈសំខាន់នៃការធានាសុវត្ថិភាព និងសន្តិសុខ ទាំងសម្រាប់ក្រុមការងារកម្ពុជានិងក្រុមការងារអន្តរជាតិដែលកំពុងបំពេញការងារនៅតំបន់ប្រាសាទដើម្បីអាចបំពេញភារកិច្ចការពារតំបន់បេតិកភណ្ឌនេះដើម្បីថែរក្សាតម្លៃលេចធ្លោជាសកលរបស់ប្រាសាទព្រះវិហារ។
ទាំងអស់នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើគ្រប់ទិដ្ឋភាពទាំងអស់ពាក់ព័ន្ធនឹងផលវិបាកដែលបណ្តាលមកពីសង្គ្រាមឈ្លានពានទឹកដីពីសំណាក់កងយោធាថៃ ដោយមិនភ្លេចជ្រុងណាមួយឡើយ រាប់ចាប់ពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ការរារាំងប្រជាពលរដ្ឋភៀសសឹកជាង២ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ និងហានីភ័យបណ្តាលមកពីកាកសំណល់នៃគ្រាប់មិនទាន់ផ្ទុះ ជាដើម។ សកម្មភាពការងារទាំងនេះធ្វើឡើងស្របតាមអភិក្រម «ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល» ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានដាក់ចេញ៕
សូមអរគុណ!